ហុងកុង​បោះឆ្នោត​ដើម្បី​ជំនួស​តំណែង​តំណាងរាស្ត្រ​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​ដក​ចេញ

នាង Agnes Chow អាយុ​២១​ ឆ្នាំ ជា​សមក្មជន​លទ្ធិ​ប្រជាធិបតេយ្យ​ ចូលរួម​ក្នុង​បាតុកម្ម​នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨។

ការ​បោះឆ្នោត​នៅ​ ហុងកុង បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​អ្នក​ទៅ​បោះឆ្នោត​ក្នុង​ចំនួន​មួយ​ដ៏​ទាប​កាល​ពី​ថ្ងៃ​អាទិត្យ។ ការ​បោះឆ្នោត​នោះ​គឺ​ដើម្បី​ជំនួស​តំណាងរាស្ត្រ​ដែល​ត្រូវ​បាន​ដកតំណែង​ដោយសារ​មាន​កំហុស​ជុំវិញ​ការ​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ឆ្នាំ​មុន ព្រោះ​រដ្ឋាភិបាល​ចិន​មើល​ឃើញ​ថា​មិន​សមស្រប។ ​

ការ​បោះឆ្នោត​នេះ​គឺ​ជា​ការ​ប្រកួតប្រជែង​គ្នា​រវាង​អ្នក​ស្មោះស្ម័គ្រ​នឹង​រដ្ឋាភិបាលក្រុង​ប៉េកាំងនឹង​បេក្ខជន​ដែល​ប្រឆាំង​ ដែល​បារម្ភ​ថា ប្រសិន​បើ​ពួកគេ​មិន​ទទួល​បាន​អាសនៈ​ខ្លះ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ​ទេ ពួកគេ​នឹង​មិនមាន​អំណាច​វេតូ​នោះ​ទេ ហើយ​ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​អំណាច​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កាន់​តែ​មាន​ប្រសិទ្ធភាព​នៅ​ក្នុង​សភា​ពាក់កណ្តាល​ប្រជាធិបតេយ្យ​របស់​ទីក្រុង​នេះ។

យុវតី Agnes Chow បេក្ខជន​ខាង​គាំទ្រ​ប្រជាធិបតេយ្យ ដែល​បាន​សង្ឃឹម​ថា នឹង​ជំនួស​តំណែង​របស់​តំណាងរាស្ត្រ​និង​សកម្មជន Nathan Law ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ឈរ​ឈ្មោះ​នៅ​នាទី​ចុងក្រោយ​ ដោយសារ​តែ​នាង​បាន​តស៊ូ​មតិ​សម្រាប់​អ្នក​រស់នៅ​ទីក្រុង ហុង កុង ដើម្បី​កំណត់​ពី​អនាគត​របស់​ខ្លួន​ឯង​បាន។ ​

នាង Chow បាន​និយាយ​ថា «ការ​បោះឆ្នោត​នេះ​មិន​មែន​ជា​ការ​បោះឆ្នោត​ធម្មតា​មួយ​នោះ​ទេ។ វា​គឺ​ជា​សមរភូមិ​រវាង​អ្នក​គាំទ្រ​រដ្ឋាភិបាល​ក្រុង ប៉េកាំង និង​អ្នក​គាំទ្រ​ប្រជាធិបតេយ្យ»។ នាង​បាន​បន្ថែម​ថា ការ​បោះឆ្នោត​នេះ​គឺ​ជា​ជម្រើស​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​រស់នៅ​ទីក្រុង ហុង កុង រវាង​ «នីតិរដ្ឋ​ឬ​ច្បាប់​របស់​គណបក្ស​កុម្មុយនីស្ត»៕