មេដឹកនាំ​ទីក្រុង​ហុងកុង​ថា សំណើ​ច្បាប់​សន្តិសុខ​ថ្មី​របស់​ចិន​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​ទីក្រុង​ហុងកុង​ទេ

  • ​Reuters

មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ នៅ​ក្នុង​ក្រុង​ហុងកុង កាលពី​ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០។

មេដឹកនាំ​ទីក្រុង​ហុងកុង​អ្នកស្រី Carrie Lam បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា សំណើ​ច្បាប់​សន្តិសុខ​ជាតិ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ និង​សេរីភាព​របស់​ទីក្រុង​ហុងកុង​នោះ​ទេ ហើយ​អ្នកស្រី​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​រង់ចាំ​មើល​សេចក្ដី​លម្អិត​នៃ​សំណើ​ច្បាប់​នេះ​ជា​មុន​សិន។

អ្នកស្រី Lam លើក​ឡើង​ដូច្នេះ​ដើម្បី​ជា​ការ​បន្ថែម​ទៅ​នឹង​ការ​អះអាង​ជា​ច្រើន​មិន​ធ្លាប់​មាន​ពី​មុន​មក​របស់​មន្ត្រី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង និង​មន្ត្រី​ទីក្រុង​ហុងកុង ក៏​ដូចជា​អតីត​មេដឹកនាំ​ទីក្រុង​ហុងកុង​នានា ដែល​ការពារ​សំណើ​ច្បាប់​នេះ និង​មាន​បំណង​ចង់​ធានា​ដល់​ពលរដ្ឋ អ្នក​វិនិយោគ និង​អ្នក​ការទូត​អំពី​សេរីភាព​របស់​ទីក្រុង​ហុងកុង។

អ្នកស្រី Lam បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​កាសែត​ប្រចាំ​សប្ដាហ៍​ថា៖ «គ្មាន​ហេតុផល​ចាំបាច់​ណា​មួយ​ដែល​យើង​ត្រូវ​បារម្ភ​នោះ​ទេ»។

អ្នកស្រី​បាន​បន្ត​ថា៖ «នៅ​ក្នុង​រយៈពេល ២៣ ឆ្នាំ​ចុង​ក្រោយ​នេះ នៅ​ពេល​ណា​ដែល​គេ​បារម្ភ​អំពី​សេរីភាព​បញ្ចេញ​មតិ និង​សេរីភាព​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ទីក្រុង​ហុងកុង ម្ដង​ហើយ​ម្ដង​ទៀត ទីក្រុង​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​គោរព និង​រក្សា​នូវ​តម្លៃ​ទាំង​នោះ»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «រឿង​ដែល​ល្អ​បំផុត​គឺ​ត្រូវ​ចាំ​មើល​សំណើ​ច្បាប់​នេះ​លេច​ចេញ​ជា​រូបរាង​ឡើង​ជា​មុន​សិន និង​ត្រូវ​ស្វែង​យល់​ថា ហេតុអ្វី​បាន​ជា​ពេល​នេះ​ទីក្រុង​ហុងកុង​ត្រូវការ​សំណើ​ច្បាប់​នេះ»។

យោង​លើ​សេចក្ដី​ព្រាង​នៃ​សំណើ​ច្បាប់​នេះ​កាល​ពី​សប្ដាហ៍​មុន សំណើ​ច្បាប់​នេះ​មាន​គោល​បំណង​ផ្ដោត​លើ​ការ​ចង់​ផ្ដាច់​ឯករាជ្យ ការ​ផ្ដួល​រំលំ​រដ្ឋអំណាច និង​សកម្មភាព​ភេរវកម្ម​នានា៕