និស្សិតហុងកុងនិយាយថា អំពើហិង្សាខ្លះជាការចាំបាច់

រូបឯកសារ៖ បាតុករប្រឆាំងរដ្ឋាភិបាលរង់ចាំនៅខាងក្រៅសាលាពហុបច្ចេកវិទ្យានៅក្រុងហុងកុង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។

បាតុកម្ម​ប្រឆាំងរដ្ឋាភិបាល​ក្រុង​ហុងកុងកើត​មានឡើង​រយៈ​ពេល​៥ខែ​ហើយ។​ ពួក​និស្សិត​ក្រុង​ហុងហុងនិយាយ​ថា ​ទោះ​បីពួកគេ​ដឹង​ថា ​ការ​ប្រយុទ្ធ​នេះ​មិន​បាន​ទទួល​ជ័យ​ជម្នះ​ក៏ដោយ ក៏ពួកគេ​ត្រូវ​តែ​ធ្វើ​ដើម្បី​ដាក់​ការ​គាប​សង្កត់​លើ​រដ្ឋា​ភិបាល។​

នៅពេល​ដែល Joseph ចាក​ចេញ​ពី​ផ្ទះ​កាល​ពី​សប្តាហ៍​មុន ​និស្សិត​នៅ​មហាវិទ្យាល័យ​ហុងកុង ​អាយុ១៩ឆ្នាំនេះបាន​ប្រាប់ឪពុក​ម្តាយ​របស់​ខ្លួន​ថា ​គេ​ទៅ​ដើរ​លេង​ជាមួយ​មិត្ត​ភក្តិ។ នេះ​ជា​ការពិត​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ។

តាម​ការ​ពិត Joseph បាន​ធ្វើ​ដំណើរ​ទៅកាន់​សាកល​វិទ្យាល័យ​ពហុ​បច្ចេកទេស​ហុង​កុង ​ដែល​នៅទី​នោះ​គាត់ និង​ក្រុមយុវជន​ក្មេង​ៗ​រាប់​រយ​នាក់​ទៀតបាន​កាន់កាប់​បរិវេណ​សាកល​វិទ្យាល័យ​បិទ​ផ្លូវ Highway ដ៏​សំខាន់​មួយ ​ហើយបានស្តុកទុក​អាវុធ​ធ្វើ​ដោយខ្លួនឯង​នៅ​ក្នុងការ​ប្រុងប្រៀប​ប្រយុទ្ធ​ជាមួយ​ប៉ូលិស។

ពី​មួយ​យប់​ទៅ​មួយ​យប់​កាល​ពី​សប្តាហ៍​មុន បរិវេណ​សាកល​វិទ្យា​ល័យ​នៅ​ក្នុង​ទី​ក្រុង ​បាន​ក្លាយ​ជាសមរភូមិ ​នៅពេល​ដែល​ប៉ូលិសបាន​បាញ់​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​និង​គ្រាប់​កាំភ្លើង​ជ័រ​ទៅ​លើ​ពួក​និស្សិត​ដែល​បាន​ឆ្លើយ​តប​ដោយ​ប្រើ​ដប​សាំង​ដែល​មាន​ភ្លើង ដុំ​ឥដ្ឋ ​និង​អ្វី​ៗ​ដែល​ពួកគេអាច​រក​បាន។

ថ្វីបើក្រុង​ហុងកុង​បាន​ឃើញ​ការ​តវ៉ា​ប្រឆាំង​រយៈ​ពេល​៥ខែ​ក៏ដោយ ​នេះ​ជា​ប្រភេទ​អំពើ​ហឹង្សាថ្មី។ ចលនា​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល​ត្រូវ​បាន​កត់សម្គាល់​ដោយ​ការត​វ៉ា​ប្រឆាំង​ដ៏​ខ្លាំង​នៅ​តាម​ផ្លូវនានាឥឡូវនេះបង្ហាញ​នូវភាព​គ្រោះ​ថ្នាក់​ដែល​ត្រូវបាន​ធ្វើ​ឡើង​ដោយ​ពួក​និស្សិតជ្រុល​និយម​មួយ​ក្រុមតូច​ដែលបង្ហាញ​ថា ​ពួកគេមាន​ឆន្ទៈ​ធ្វើ​ហួស​ពី​បាតុកម្ម​ដោយ​សន្តិវិធី​ និងទាក់​ទិននៅ​ក្នុងការ​ប្រយុទ្ធ​រយៈ​ពេល​យូរ​ជា​មួយ​ប៉ូលិស​នៅ​ក្នុងការ​ខំ​ប្រឹងប្រែង​របស់​ពួកគេ​ដើម្បី​ធ្វើ​កំណែទម្រង់​តាម​បែប​លទ្ធិ​ប្រជា​ធិបតេយ្យ។

យុវជន Joseph បាន​និយាយ​តាម​ប្រព័ន្ធ​សារ app សម្ងាត់​មួយ​ថា «​ខ្ញុំសារភាព​តាម​ការ​ពិតថា ​យើងកំពុង​ប្រើ​ប្រាស់​អំពើ​ហឹង្សាខ្លះ។ ក៏ប៉ុន្តែ ​ដើម្បី​ការពារ​ពួក​បាតុករ ​ស្លូត​ត្រង់​និង​ធ្វើ​ការ​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល អំពើ​ហឹង្សា​និងកម្លាំង​ខ្លះ​ដើម្បី​ប្រ​យុទ្ធ​តបត​វិញ​ជាការ​ចាំបាច់»។

ក្នុង​គំនិត​របស់​បាតុករ​នៅជួរ​មុខ​ដូចជា Joseph អំពើ​ហឹង្សា​ជា​ការ​ខំ​ប្រឹង​ប្រែង​ចុង​ក្រោយ​ដើម្បី​រក្សា​សេរីភាព​ដែល​នៅ​សេសសល់​របស់​ក្រុង​ហុងកុង​មុនពេល​ដែន​ដី​ពាក់​កណ្តាល​ស្វ័យភាព​នេះ ​ត្រូវកាន់​កាប់​ដោយ​ចិន​ដីគោក​នៅ​ឆ្នាំ​២០៤៧។​ ពួក​អាជ្ញាធរ​ក្រុង​ហុងកុងចោទ​ប្រកាន់​ពួក​បាតុករ​ពីការ​ចូល​រួម​ក្នុង​អំពើ​ហឹង្សា​ដែលមិន​ស្រប​ទៅ នឹង​លទ្ធិ​ប្រជា​ធិបតេយ្យ។

VOA បាន​និយាយ​ជាមួយ​ពួក​បាតុករ​ក្មេង​ៗ​ប្រហែល​១០​នាក់​ដែល​បាន​ស្ថិត​នៅឯ​សា កលវិទ្យាល័យពហុ​បច្ចេកទេស​អស់​រយៈ​ពេល​ជាង​មួយ​សប្តាហ៍។ ថ្វីបើការ​ប្រឈម​មុខដាក់​គ្នាភាគ​ច្រើន​បាន​ចប់​ហើយ​ក៏ដោយ ពួក​បាតុករ​រាប់​សិប​នាក់ ​នៅ​តែ​ស្ថិត​នៅ​ក្នុង​បរិវេណ​សាកល​វិទ្យាល័យ។ ភាគ​ច្រើន​នៃ​បាតុករ​ទាំង​នោះ ​ភាគ​ច្រើន​បាន​ប្រគល់​ខ្លួនឲ្យ​ប៉ូលិសឬ​រត់គេច​ខ្លួន។​ បាតុករ​ខ្លះប្រឈម​ការ​ចោទ​ប្រកាន់​ដែល​ទាក់​ទិននឹង​កុប្បកម្ម​ដែល​អាច​ធ្វើ​ឲ្យពួកគេ​ជាប់​គុក​ចំនួន​១០​ឆ្នាំ។ VOA បាន​ប្រើឈ្មោះ​ក្លែងក្លាយ​ដើម្បី​ការពារ​អត្ត​សញ្ញាណ​របស់​ពួកគេ។

នាង Crystal ជា​បាតុករ​និស្សិតរបស់​សាកល​វិទ្យាល័យ​ពហុបច្ចេក​ទេស​ដែល​បាន​រត់​គេច​ខ្លួន​ចាប់​តាំង​ពី​ចាក​ចេញ​ពី​បរិវេណ​សាកល​វិទ្យា​ល័យ​នោះ​មកបាន​និយាយថា «យើងបានធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ​ក៏ប៉ុន្តែ ​រដ្ឋាភិបាល​មិន​បាន​ស្តាប់​យើ​ងទេ»។នាងនិយាយ​ទៀត​ថា នាងមិន​អាច​ដេក​ឲ្យ​បាន​ស្កប់ស្កល់​អស់​ជាង​១សប្តាហ៍​ហើយ។

នាងនិយាយ​ទៀត​ថា «​ខ្ញុំភ័យ​ខ្លាច។ខ្ញុំ​ប្រាកដ​ជាភ័យ​ខ្លាច»។

នាង Crystal ចង់​ធ្វើ​ជា​គ្រូ​បង្រៀន​បថម​សិក្សា​នៅ​ថ្ងៃ​ណាមួយ ​ក៏ប៉ុន្តែនៅពេល​ឥឡូវ​នេះ ​នាង​ចាត់​ទុក​ខ្លួន​នាង​ជា​អ្នក​បដិវត្តន៍​ម្នាក់។

នាងនិយាយ​ទៀត​ថា «ខ្ញុំ​គិតថា ភាព​ជ្រុល​និយម​ជា​ពាក្យ​វិជ្ជមាន​សម្រាប់​ខ្ញុំ ​សម្រាប់​យើង​ទាំងអស់​គ្នា។ហើយ បដិវត្តន៍​ភាគ​ច្រើនមាន​អំពើ​ហិង្សា»។

​នៅពេល​នេះ ​នាងមិន​ប្រាកដថាតើ​នឹង​ស្ថិត​នៅ​ក្នុង​ក្រុង​ហុងកុង​ហើយ​ធ្វើ​ការ​ប្រ​យុទ្ធ ឬ​ក៏ស្វះស្វែងសុំសិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត។

នាងនិយាយ​ទៀត​ថា «​នេះជា​ទីកន្លែង​របស់​ខ្ញុំ។​នេះជា​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំចាំបាច់​ការពារ។ហើយ ខ្ញុំ​ដឹងថា ​នៅឆ្នាំ​២០៤៧ ​ខ្ញុំនឹង​ក្លាយ​ជា​ស្រ្តី​ចាស់​ម្នាក់។ ​ក៏ប៉ុន្តែ​អ្វីនឹង​កើត​មាន​ឡើង​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ?។​ ហើយ​មនុស្ស​ជំនាន់​ក្រោយ​ឮទៀត​នឹងទៅ​ជា​យ៉ាង​ណា? ​តើ​ពួកគេនឹងក្លាយទៅជា​អ្វី​ទៅ?។ ​តើ​ពួកគេត្រូវ​គេ​លាងខួ​រក្បាលឬ? អ្វី​ៗ​នឹង​ក្លែងក្លាយ​ដូចជា​ប្រទេស​ដីគោក​ឬ?»។

ពួក​និស្សិតជួរ​មុខ​ភាគ​ច្រើន​ដែល​បាន​ប្រយុទ្ធ​នៅឯសាកល​វិទ្យាល័យ​ពហុ​បច្ចេក​ទេស​ហុងកុង ​ជាក្មេង​ជំទង់​ឬ​មាន​អាយុ​ខ្ទង់​២០​ឆ្នាំប្លាយ។ ពួកគេ​ខ្លះជា​បាតុករ​ថ្មី។​ អ្នក​ខ្លះ​ទៀតជាបាតុករ​ជើងចាស់​នៃ​ចលនា​ឆ័ត្រ​ឆ្នាំ​២០១៤ជា ការ​តវ៉ា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​និស្សិត​ម្នាក់​ដែលជំរុញ​មិន​បាន​ទទួល​ជោគជ័យឲ្យ​មាន​ការ​បោះឆ្នោត​សា​កល​។

នៅពេល​ដែល​និយាយ​ពីកម្លាំង​ ​ពួក​និស្សិត​ទាំង​នោះ ​មិន​អាច​ប្រៀប​ផ្ទឹមមិន​ត្រឹម​តែ​អាវុធ​របស់​ប៉ូលិស​ក្រុង​ហុងកុង​ទេ ​កុំ​ថា​ឡើយ​ដល់​កងទ័ព​រំដោះ​ប្រជាជន​ចិន ​ដែលជា​កងទ័ព​ដ៏​ខ្លាំង​បំផុតមួយ​របស់​ពិភពលោក​នោះ។​ កងទ័ព​រំដោះ​ប្រជាជន​ចិនមាន​កងទ័ព​រាប់​ពាន់​នាក់​នៅ​ក្នុង​ទីក្រុង​ហុងកុង​ហើយ​ជាច្រើន​ពាន់​នាក់​ទៀតនៅ​ម្ខាង​ទៀត​នៅ​ព្រំ​ដែន ​ទោះ​ជា ពួកគេមិន​ទាន់​បាន​ចាក​ចេញ​ពី​បន្ទាយ ដើម្បី​ប្រឈម​ពួក​បាតុករ​នៅ​ឡើយ​ក៏ដោយ។

Joseph និយាយ​ទៀត​ថា «យើងយល់​ថា ​យើងមិន​អាច​ឈ្នះ​នៅ​ក្នុងការ​ប្រយុទ្ធ​ដៃ​ទល់​នឹង​ដៃ​ទេ។ក៏ប៉ុន្តែ ទោះ​យ៉ាង​ណាក៏ដោយ ​យើងមិន​ត្រូវ​រក្សា​ការ​ស្ងៀម​ស្ងាត់​នៅ​ក្នុងការ​ប្រឈមភាព​អយុត្តិ​ធម៌​នេះ​ទេ»។

នេះជា​មនោសញ្ចេតនាក្នុង​ចំណោម​ពួក​បាតុករ​ដែល​ស្ថិត​នៅ​ជួរមុខ។ ភាគច្រើន​នៃ​បាតុករ​ទាំង​នោះ ​មានការ​ទោមនស្ស​ចំពោះ​បណ្តាញ​ព័ត៌មាន​ក្រុងហុង​កុងនិង​ចិន​ដីគោក​ដែល​បាន​ចោទ​ប្រកាន់​ពួកគេ​ថា ​ជា​កូនក្មេង​ឆោត​ល្ងង់​ដែល​ត្រូវ​បានជំរុញ​ទៅ​ជួរមុខ​ដោយ​ពួកមនុស្ស​ពេញ​វ័យ​ដែល​គ្មានការ​ទទួល​ខុស​ត្រូវ។ តាមការ​ពិត ​ពួក​បាតុករ​ជ្រុល​និយម​ជា​ច្រើន ហាក់ដូចជា​ មានការ​យល់​ដឹងដោយ​ខ្លួនឯង បាន​សម្តែង​នូវ​ជំនឿ​តាម​កម្មវាសនា​និងការ​តាំងចិត្ត​ប្រកប​ដោយ​ភាព​គ្រោះ​ថ្នាក់​យ៉ាង​ខ្លាំង។

ម្យ៉ាង​វិញទៀត​គឺ​ថា ពួកគេ​ដឹង​ថា ​ពួកគេហាក់​ដូចជា​ចាញ់ ​ក៏ប៉ុន្តែពួកគេ​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ។

នាង Crystal និយាយ​ទៀត​ថា «យើង​ដឹង​ថា យើងមិន​អាច​ឈ្នះបាន​ទេ ​ក៏ប៉ុន្តែការតស៊ូ​នេះ អាច​ធ្វើ​ឲ្យមានក្តីសង្ឃឹម។​ ប្រសិនបើ​យើង​មិនសាក​ល្បង យើងដឹង​ថា ​តើ​ការណ៍​នេះ ​បញ្ចប់​ដោយ​របៀបណា​ទេ។ យើងមិន​អាច​គ្រាន់​តែ​និយាយ​ថា ទេ ទេ មិន​អាច​ធ្វើ​ទៅបាន​នោះទេ។ ហេតុ​អ្វី ​បាន​ជា​មិន​សាកល្បងនោះ?»។

និស្សិត​ម្នាក់​ទៀត​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ដែល​បាន​កាន់​ធ្នូ​និង​ព្រួញ ​ហើយ​បានពាក់​មួកបិទបាំង​តាម​បែប​យោធា ​បាន​ទទួល​ស្គាល់​ថា ​អាវុធ​របស់​ខ្លួន មិន​អាច​ប្រៀប​ផ្ទឹម​ជាមួយ​កម្លាំង​ដែលគាត់​ប្រយុទ្ធ​ប្រឆាំង​នោះ​ទេ។

លោកបាន​និយាយ​នៅ​ខាង​មុខគំនតុរៀនដែល​ខ្ទេចខ្ទី​ ដែល​បាន​គរ​ជាគំនរធ្វើ​ជា​របាំង​រារាំង​ប៉ូលិស​ថា «បាតុករ​ទាំងអស់ ​មានការ​ភ័យ​ខ្លាច ​ពីព្រោះយើង​ប្រ​ហែល​នឹង​ស្លាប់។ ក៏ប៉ុន្តែយើងគិតថា ​ប្រសិនបើ​យើង​មិនក្រោកឈរឡើង​នៅ​ថ្ងៃ​នេះ​ទេ ​បន្ទាប់​មក​ សេរីភាព​ទាំងអស់​នៅ​ក្នុង​ទីក្រុង​ហុងកុងនឹង​បាត់​បង់។ មិន​មាន​ផ្លូវសម្រាប់​យើង​ត្រឡប់​ថយក្រោយ​ទេ»។

បាតុករ​នៅ​ជួរមុខ​ម្នាក់​ទៀត​នៅឯ​សាកល​វិទ្យាល័យ​ពហុបច្ចេក​ទេស​ដែល​បាន​និយាយ​តាម​រយៈការ​ពាក់​របាំង​មុខ​ពណ៌ខ្មៅ​ដើម្បី​ការពារ​ឧស្ម័ន​ដែល​មាន​សំ​ឡេង​ខុសពីភាព​ដើម​និយាយ​ថា «យើង​ទាំងអស់​គ្នា​នៅ​ទីនេះ ​ដឹង​ពី​អ្វី​ដែល​យើង​កំពុង​ធ្វើ។ពីព្រោះ​តែ​ការ​ទាម​ទាររបស់​យើង មិន​ត្រូវ​បាន​គេ​ដោះស្រាយ។ ដោយហេតុ​នេះ​ហើយ ​យើងត្រូវ​តែ​ធ្វើ​ឲ្យ​សកម្មភាព​របស់​យើងកាន់​តែ​ធំ​ឡើង​និងមាន​បច្ចុប្បន្នភាព​ដើម្បី​ទទួល​បាន​លទ្ធផល​មក​ពីរដ្ឋាភិបាល»។

ការតវ៉ា​ប្រឆាំង​នៅពេល​ថ្មី​ៗ​នេះ ​បាន​កើត​មាន​ឡើង​នៅ​ខែ​មិថុនា​នៅ​ក្នុង​ការប្រឆាំង​សេចក្តីព្រាង​ច្បាប់​បត្យាប័ន។ សំណើរ​ច្បាប់​នោះអាច​ត្រូវ​មើលឃើញ​ថា ​អ្នក​ក្រុង​ហុងកុងត្រូវ​គេ​យកទៅកាត់​ទោស​នៅ​ចិនដីគោក ​ដែល​នៅ​ទី​នោះ ​តុលាការ ​ត្រូវបាន​ត្រួតត្រា​ដោយ​គណបក្ស​កុម្មុយនិស្ត ​ហើយ​មាន​សេចក្តី​រាយការណ៍ថា ​ការ​ធ្វើ​ទារុណ​កម្ម​និង​ចម្លើយ​សារភាព​ដោយសារ​ការ​បង្ខំ ​ជាការ​ធម្មតា។

ថ្វីបើអាជ្ញា​ធរ​ក្រុង​ហុងកុង ​នៅទីបញ្ចប់បាន​បោះ​បង់​ចោល​សេចក្តី​ព្រាង​ច្បាប់​បត្យា ប័ន​នោះ​ក៏ដោយ ​បន្ទាប់​មកការតវ៉ា​ប្រឆាំង​នោះបាន​ផ្លាស់​ប្តូរ​ទៅ​ជា​ការ​អំពាវនាវ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ​កាន់​តែ​ខ្លាំង​ឡើង​និង​ការប្រឆាំង​ដល់​ឥទ្ធិ​ពល​កាន់​តែ​ខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង។

​ពួក​បាតុករបាន​ធ្វើ​ការទាម​ទា​រចំនួន ៥ ​រួមមានការ​ស៊ើបអង្កេត​អំពីភាពព្រៃផ្សៃ​របស់​ប៉ូលិស ​ការ​លើកលែងទោស​ពួក​បាតុករ​ដែល​ត្រូវបាន​ឃុំ​ខ្លួន ​និងការ​បោះ​ឆ្នោត​ដោយផ្ទាល់​ទាំងនៅ​ក្នុង​អង្គ​នីតិ​បញ្ញត្តិ​និង​ប្រតិបត្តិ​កំពូល។

ក៏ប៉ុន្តែក្រៅពី​ការ​បោះបង់​ចោល​នូវ​សេចក្តី​ព្រាងច្បាប់​បត្យា​ប័ន ​ក្រុមអាជ្ញា​ធរ​ក្រុង​ហុងកុងបាន​បដិសេធ​ពុំ​ព្រម​ធ្វើ​សម្បទាន។ផ្ទុយទៅ​វិញ នៅពេល​ដែល​ពួកគេបាន​ចាប់​ផ្តើម​ពីដំបូងពួក​អាជ្ញាធរ ​បានចាត់​ទុក​ការតវ៉ា​ប្រឆាំង​នោះ​ជា​កុប្បកម្ម។

លោកស្រី Carrie Lam ប្រធាន​ប្រតិបត្តិ​ក្រុង​ហុងកុង និយាយ​នៅ​ដើម​ខែ​នេះ​ថា«សកម្មភាព​របស់​ពួក​កុប្បករមាន​ហួសឆ្ងាយ​ពីការ​អំពាវនាវ​ឲ្យ​មាន​លទ្ធិ​ប្រជា​ធិបតេយ្យ។ ពួកគេឥឡូវនេះ​ជា​សត្រូវ​របស់​ប្រជា​ពលរដ្ឋ»៕

ប្រែ​សម្រួល​ដោយជឹង ប៉ូជីន