បាតុកម្ម​នៅ​ហុងកុង​បង្ក​ឲ្យ​មាន​ការប្រមូលផ្តុំ​គ្នា​នៅ​អូស្រ្តាលី

  • Phil Mercer

រូបភាព​ឯកសារ៖ បាតុករ​កាន់​បដា​នៅ​ពេល​ពួកគេ​ដើរ​នៅ​លើ​ផ្លូវ Elizabeth ក្នុង​ក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ក្នុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ច្បាប់​បត្យាប័ន​របស់​ហុងកុង កាលពី​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩។

មាន​ការ​ប្រមូលផ្តុំ​គ្នា​នៅ​ក្នុង​ទីក្រុង​ធំៗ​ជាច្រើន​របស់​ប្រទេស​អូស្រ្តាលី​ក្នុង​ការ​គាំទ្រ​និង​ប្រឆាំង​បាតុកម្ម​​ទាមទារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ទីក្រុង​ហុងកុង។

ជម្លោះ​បាន​ផ្ទុះ​ឡើង​រវាង​គូ​ប្រជែង​នៅ​ក្នុង​ទីក្រុង Melbourne កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ ខណៈ​ពេល​ដែល​អ្នកគាំទ្រ​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង​រាប់​រយ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​កណ្តាល​ទីក្រុង​ស៊ីដនី​នៅ​ថ្ងៃ​អាទិត្យ​សបា្តហ៍​មុន។​

បាតុករ​ជាច្រើន​បាន​ពាក់​របាំង​មុខ​ដោយ​ពួកគេ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​តាមដាន​របស់​រដ្ឋ​ចិន​ទៅលើ​ពលរដ្ឋ​ចិន​ណា​ដែល​គាំទ្រ​ក្រុម​បាតុករ​នៅ​ហុងកុង​ដោយ​សាធារណៈ។

បាតុករ​នៅក្នុង​ទីក្រុង​ស៊ីដនី​បាន​ឲ្យដឹង​ថា ពួកគេ​កំពុង​ប្រឆាំង​នឹង​អំណាច​ផ្តាច់ការ។

បាតុករ​ម្នាក់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​បាន​និយាយ​ថា៖

«ពួកយើង​មិន​ចង់​ឃើញ​ផ្ទះ ​[ទីក្រុង ហុងកុង]​ របស់​ពួកយើង​ធ្លាក់ចូល​ទៅក្នុង​ស្ថានភាព​ដែល​ពួកយើង​ត្រូវតែ​ធ្វើ​តាម​ច្បាប់​ដែលមិន​ត្រឹមត្រូវ​នោះ​ទេ»។

បាតុករ​ម្នាក់​ទៀត​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​ដូចគ្នា​ដែរ​បាន​និយាយ​ថា៖

​«ពលរដ្ឋ​អូស្រ្តាលី​កំពុង​គាំទ្រ​ពួកយើង​ គាំទ្រ​ពលរដ្ឋ​ហុងកុង​ ដូច្នេះ​ពួកយើងគ្មានអ្វី​ត្រូវខ្លាច​នោះ​ទេ ​ពួកយើង​មិន​ខ្លាច​នឹង​ការគំរាមគំហែង​នោះទេ។ ដូច្នេះ ពួកយើង​រួមគ្នា​ជា​ធ្លុង​មួយ»។

ស្រ្តី​ម្នាក់​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នៅ​ហុងកុង​បាន​និយាយ​ថា៖

«ពួកយើង​នៅទីនេះ​កំពុង​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ការបញ្ចេញ​មតិ​និង​គាំទ្រ​បាតុករ​នៅ​ទីក្រុង​ហុងកុង»។

ក្រុម​បាតុករ​ដែល​គាំទ្រ​ចិន​បាន​ដើរហែរក្បួន​នៅ​ប្រទេស​អូស្រ្តាលី​ជាមួយ​ការ​ស្រែក​ច្រៀង​ថា «ប្រទេស​ចិន​គង់វង្ស​ជា​និរន្តរ៍» ហើយ «ប្រសិន​បើ​អ្នក​មិន​ស្រលាញ់​ប្រទេស​ចិន​នោះទេ អ្នក​គឺ​ជា​សត្រូវ​របស់​ពួកយើង»។

ប្រទេស​អូស្រ្តាលី​មាន​សិស្ស​ជនជាតិ​ចិន​រាប់​ពាន់​នាក់​ដែល​កំពុង​សិក្សា​នៅ​ទីនោះ ក៏ដូចជា​ជន​អន្តោប្រវេសន៍​ផ្សេង​ទៀត​ដែល​មកពី​ចិន​ដីគោក។

ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ប្រទេស​អូស្រ្តាលី​ លោក​ Cheng Jingyeបាន​មានប្រសាសន៍​ថា បាតុករ​នៅ​ក្នុង​ទីក្រុង​ហុងកុង​បាន​បង្ហាញ​ចរិត​ជ្រុលនិយម​ ហិង្សា​ និង​ខុសច្បាប់»។

សកម្មជន​និង​មន្រ្តី​ប៉ូលិស​បាន​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​ទីក្រុង​ហុងកុង​អស់​រយៈពេល​១០​សប្តាហ៍​មកហើយ។ ហើយ​បាតុកម្ម​នេះ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ច្បាប់​បត្យាប័ន​មួយ​ដែល​ត្រូវ​បាន​ពន្យារ​មិនឲ្យ​អនុវត្ត​ដោយ​រដ្ឋាភិបាល​ក្រុង​ទីក្រុង​ហុងកុង។

ប្រទេស​ចិន​បាន​បង្កើន​កម្លាំង​សន្តិសុខ​នៅ​ក្នុង​ទីក្រុង Shenzhen ​និង​បាន​ប្រដូច​បាតុកម្ម​នេះ​ទៅ​នឹង​អំពើ​ភេរវកម្ម។​

នាយករដ្ឋមន្ត្រី​ប្រទេស​អូស្រ្តាលី លោក Scott Morrison បាន​ជំរុញ​អាជ្ញាធរ​នៅ​ក្នុង​ទីក្រុង​ហុងកុង​ឲ្យ​ស្តាប់ «យ៉ាង​យកចិត្ត​ទុកដាក់​ចំពោះ​អ្វី​ដែល​ពលរដ្ឋ​កំពុង​និយាយ​និង​ត្រូវ​ធ្វើការស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិភាព​និង​មាន​ភាពស្ងប់ស្ងាត់​ចំពោះ​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​នេះ»។

នៅក្នុង​ទីក្រុង​ Canberra ក្រសួង​ការបរទេស​និង​ពាណិជ្ជកម្ម​បាន​ជំរុញ​អ្នកដំណើរ​សញ្ជាតិ​អូស្រ្តាលី​ទាំងអស់​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅក្នុង​ទីក្រុង​ហុងកុង៕

ប្រែសម្រួលដោយ លី វួចនា