កម្លាំងប្រជាធិបតេយ្យនៅក្នុងទីក្រុងហុងកុងទទួលបានជោគជ័យភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលករណីនេះបង្ហាញឲ្យឃើញថា អ្នកបោះឆ្នោតក្នុងចំនួនជាច្រើនមិនដែលមានពីមុនមកបង្ហាញការជំទាស់ទៅនឹងរដ្ឋាភិបាលក្រុងប៉េកាំង។
បេក្ខជនខាងគណបក្សប្រឆាំងឈ្នះអាសនៈជិត ៩០ ភាគរយ។ នេះបើយោងតាមការផ្សាយរបស់ស្ថានីយវិទ្យុហុងកុង RTHK។ បេក្ខជនខាងប្រជាធិបតេយ្យនឹងគ្រប់គ្រងក្រុមប្រឹក្សាសង្កាត់ចំនួន ១៧ ក្នុងចំណោមក្រុមប្រឹក្សាសង្កាត់ទាំង ១៨ នៅទីក្រុងហុងកុង។ កាលពីមុន បេក្ខជនខាងប្រជាធិបតេយ្យមិនបានគ្រប់គ្រងក្រុមប្រឹក្សាសង្កាត់ណាមួយទេ។
ការបោះឆ្នោតគឺជាការវាយបកបែបនិមិត្តរូបដ៏សំខាន់មួយចំពោះកម្លាំងដែលមានទំនោរទៅរកចិន ដែលគ្របដណ្ដប់នយោបាយទីក្រុងហុងកុងនៅពេលបច្ចុប្បន្ននេះ និងជាភស្តុតាងថ្មីចុងក្រោយនៃការគាំទ្រជាបន្តរបស់សាធារណជនចំពោះចលនាតវ៉ាប្រជាធិបតេយ្យជាង ៥ ខែកន្លងមក។
សកម្មជននិស្សិតលោក Joshua Wong បានបញ្ជាក់តាម Twitter ថា៖ «ពលរដ្ឋហុងកុងបានបញ្ចេញមតិឮៗ និងច្បាស់ៗហើយ។ សហគមន៍អន្តរជាតិត្រូវតែទទួលស្គាល់ថា សាធារណជនមិនបានប្រឆាំងនឹងចលនាតវ៉ាជិត ៦ ខែកន្លងមកនេះទេ»។
លោក David Zweig សាស្ត្រាចារ្យចូលនិវត្តន៍នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហុងកុង បាននិយាយថា៖ «នេះគឺជាជោគជ័យភ្លូកទឹកភ្លូកដី គឺហួសពីការរំពឹងទុករបស់ប្រជាពលរដ្ឋទៅទៀត»។
ការបោះឆ្នោតនេះនឹងមិនផ្លាស់ប្ដូរសំខាន់ណាមួយចំពោះតុល្យភាពអំណាចនៅក្នុងប្រព័ន្ធនយោបាយបែបប្រជាធិបតេយ្យមួយចំនួនរបស់ទីក្រុងហុងកុងនោះទេ។ សមាជិកក្រុមប្រឹក្សាសង្កាត់គ្មានអំណាចណាមួយនៅក្នុងការអនុម័តច្បាប់នោះឡើយ។ ពួកគេធ្វើការជាចម្បងលើបញ្ហាតាមមូលដ្ឋានដូចជាការត្អូញត្អែររបស់ពលរដ្ឋអំពីសំឡេងថ្លង់ និងទីតាំងសម្រាប់ស្ថានីយរថយន្តក្រុងជាដើម៕