ក្រុមសមាជិកសភានិងក្រុមអ្នកជំនាញ និយាយថា សកម្មជននយោបាយហុងកុងដែលបានត្រូវរាយការណ៍ថាគេចខ្លួនទៅកាន់កោះតៃវ៉ាន់តាមកាណូតលឿនបាននាំឱ្យទីភ្នាក់ងារផ្តល់ជំនួយ និងអង្គការតៃវ៉ាន់ស្វះស្វែងរកវិធី ដើម្បីផ្តល់ការគាំទ្រដល់ពួកគេ ដោយភាគីទាំងពីរចង់ទប់ទល់នឹងប្រទេសចិន ទោះណាជាមានការហាមប្រាមមួយ មិនឱ្យមានការចូលក្នុងតៃវ៉ាន់ដោយខុសច្បាប់ និងការគ្មានការធានារ៉ាប់រងខាងផ្លូវច្បាប់អំពីការសុំសិទ្ធិជ្រកកោនក៏ដោយ។
ប្រទេសចិនចង់រួបរួមជាមួយកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួន ហើយដែលរារែកមិនចង់រួបរួមជាមួយចិន ព្រមទាំងចង់គ្រប់គ្រងក្រុមបាតុករទាមទារប្រជាធិបតេយ្យនៅហុងកុង ដែលប្រឆាំងនឹងប៉ូលិសនិងច្បាប់សន្តិសុខថ្មី កាលពីឆ្នាំទៅមិញ។ កង្វល់អំពីការបង្ក្រាបមានតទៅទៀតបានជំរុញឱ្យសកម្មជនខ្លះនៅហុងកុង រត់គេចខ្លួន។
កាលពីខែកក្កដា បណ្តាញព័ត៌មានតៃវ៉ាន់ China Times បានរាយការណ៍ថា នាវានៃក្រុមឆ្មាំឆ្នេរសមុទ្រតៃវ៉ាន់បានបញ្ឈប់កាណូតមួយគ្រឿង ដែលដឹកសកម្មជនយោបាយហុងកុងប្រាំនាក់។ ក្រុមប្រឹក្សាកិច្ចការប្រទេសចិនដីគោកនៃកោះតៃវ៉ាន់ មិនបានធ្វើអត្ថាធិប្បាយ កាលពីថ្ងៃទី ១៤ ខែកញ្ញា អំពីករណីនេះទេ ដោយបាននិយាយថា រដ្ឋាភិបាលមាន «យន្តការមនុស្សធ៌មហើយ»។
កាសែត South China Morning Post នៃក្រុងហុងកុង បានផ្សាយកាលពីខែសីហាថាកាណូតលឿនរបស់ហុងកុងមួយគ្រឿងទៀត ដែលមានមនុស្ស ១២ នាក់ ជិះបានត្រូវអាជ្ញាធរសមុទ្រចិនបញ្ឈប់ នៅពេលកាណូតនេះកំពុងធ្វើដំណើរសំដៅទៅតៃវ៉ាន់។
លោក Lo Chih-cheng សមាជិកសភានៃគណបក្សកាន់អំណាចនៅតៃវ៉ាន់ បាននិយាយថា ក្នុងចំណោមពលរដ្ឋហុងកុងដែលទទួលសិទ្ធិរស់នៅកោះតៃវ៉ាន់ តាំងពីខែមករា ឆ្នាំ ២០១៩ មក គ្មាននរណាម្នាក់ធ្វើដំណើរដោយខុសច្បាប់ តាមសមុទ្រទេ។ លោកបានថ្លែងទៀតថា អាកាសធាតុធ្វើឱ្យការឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មានគ្រោះថ្នាក់ក្នុងកាណូតតូច ហើយកងឆ្មាំសមុទ្រប្រាកដជាបញ្ឈប់នាវាណាមួយ ដែលចូលក្នុងដែនសមុទ្ររបស់ពួកគេ។
ប៉ុន្តែប្រសិនបើពួកគេទៅដល់តៃវ៉ាន់ នោះពួកគេនឹងទទួលបានជំនួយ។ អង្គការក្រៅរដ្ឋាភិបាលនៅក្រុងតៃប៉ិ បានជួយអ្នកភៀសខ្លួននយោបាយឯទៀតៗ ចាប់តាំងពីខែមិថុនា ឆ្នាំ ២០១៩ នៅពេលមានមហាបាតុកម្មប្រឆាំងនឹងអាជ្ញាធរចិននៅក្រុងហុងកុង។
លោក Wang Ting-yu ជាសមាជិកសភានៃគណបក្សគ្រប់គ្រងតៃវ៉ាន់។ នៅក្នុងបទសម្ភាសន៍មួយជាមួយវីអូអេ កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ លោកបាននិយាយថា៖
«ខ្ញុំគិតថា តៃវ៉ាន់សង្ឃឹមថា បណ្តាប្រទេសលោកសេរីដោយមានរួមទាំងតៃវ៉ាន់ដែរ នឹងប្រឹងប្រែងជួយពលរដ្ឋហុងកុង ដែលរកការធ្វើទុក្ខបុកម្នេញ តែនៅពេលធ្វើកិច្ចការនេះ យើងមិនចាំបាច់ផ្សព្វផ្សាយច្រើនទេ ហើយយើងក៏មិនត្រូវការឱ្យរដ្ឋាភិបាលដឹកមុខឡើយ»។
ព័ត៌មានទាក់ទង៖ តៃវ៉ាន់ទទួលស្គាល់អ្នកសារព័ត៌មានបរទេសកាន់តែច្រើនឡើង ដែលខ្លះភៀសខ្លួនពីចិន
លោក Wang បានមានប្រសាសន៍ថា សកម្មជនហុងកុងឯទៀតៗបានទៅដល់តៃវ៉ាន់ តាមរយៈបណ្តាញ «ក្រៅផ្លួវការ» ហើយជួនកាល ដោយមានជំនួយពីអង្គភាពនៅតៃវ៉ាន់។ លោកបាននិយាយថា អ្នកគាំទ្រទាំងនេះលើកទឹកចិត្តសកម្មជនហុងកុងឱ្យមកតៃវ៉ាន់ដោយសុវត្ថិភាព និងគ្មានឱ្យខូចប្រយោជន៍សន្តិសុខផ្ទាល់របស់តៃវ៉ាន៉ទេ។ ពួកគេត្រូវបានត្រួតពិនិត្យ ដើម្បីធ្វើឱ្យប្រាកដថា ពួកគេជាជនរងគ្រោះនយោបាយពិតមែន។
លោក Wang បាននិយាយថា អង្គការមិនគិតកម្រៃខ្លះដែលបានធ្វើការបែបនេះ «ដាក់ពួកគេក្នុងស្ថានភាពមានគ្រោះថ្នាក់»។
លោក Wang មិនបានបញ្ជាក់អំពីឈ្មោះបណ្តាញអង្គភាពដែលពាក់ព័ន្ធ ឬដំណើរការត្រួតពិនិត្យដែលគេប្រើប្រាស់ទេ ដោយបារម្ភថាអាចធ្វើឱ្យក្រុមមន្ត្រីចិនដឹង។
សកម្មជននយោបាយហុងកុងពិចារណាអំពីតៃវ៉ាន់នៅពេលនេះ ពីព្រោះច្បាប់សន្តិសុខជាតិហុងកុងកាលពីថ្ងៃទី ៣០ ខែមិថុនា បានអនុញ្ញាតឱ្យមានការដាក់ទោសជាប់ពន្ធនាគារមួយជីវិត សម្រាប់បទព្រហ្មទណ្ឌធ្ងន់ធ្ងរ ទាក់ទិននឹងបាតុកម្មតាមផ្លូវ។ ចាប់តាំងពីឆ្នាំ ១៩៩៧ មក ប្រទេសចិនបានគ្រប់គ្រងហុងកុងវិញ ដែលពីដើមជាអតីតដែនដីអាណានិគមអង់គ្លេស។
សម្រាប់សកម្មជនកោះតៃវ៉ាន់នៅជិតហុងកុង មានប្រជារាស្ត្រជាជនជាតិចិន ហើយមានការគ្រប់គ្រងដោយខ្លួនឯងតាមលទ្ធិប្រជាធិបតេយ្យ។ ក្រុងហុងកុង និងកោះតៃវ៉ាន់ ឃ្លាតពីគ្នាប្រមាណ ៧០០ គីឡូម៉ែត្រ ដោយមានទឹកសមុទ្រនៅកណ្តាល។ ប្រទេសចិនបានអះអាងទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ក៏ប៉ុន្តែភាគីទាំងពីរបានត្រូវគ្រប់គ្រងដាច់ពីគ្នា ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៤០ មក។
រដ្ឋាភិបាលតៃវ៉ាន់មិនបានលើកទឹកចិត្តឱ្យមានការចូលក្នុងដែនដីខ្លួនដោយខុសច្បាប់ទេ តែបាននិយាយថា ខ្លួននឹងពិចារណាអំពីសំណើសុំសិទ្ធិជ្រកកោនខាងនយោបាយ តាមករណីនីមួយៗសម្រាប់ពលរដ្ឋហុងកុងដែលបានស្ថិតក្នុងតៃវ៉ាន់ហើយនោះ។
លោក Chiu Chui-cheng ដែលជាអ្នកនាំពាក្យក្រុមប្រឹក្សាតៃវ៉ាន់ ទទួលបន្ទុកកិច្ចការប្រទេសចិនដីគោក។ លោកបាននិយាយថា៖
«រដ្ឋាភិបាលបានគូសបញ្ជាក់ច្រើនដងមកហើយថា តៃវ៉ាន់គាំទ្រសេរីភាពនិងលទ្ធិប្រជាធិបតេយ្យនៅហុងកុង តែតៃវ៉ាន់ក៏ជាសង្គមមួយគោរពច្បាប់ដែរ»។
លោកបានថ្លែងថា៖ «ដោយផ្អែកលើការពិចារណាអំពីសុវត្ថិភាព និងគ្រោះថ្នាក់តៃវ៉ាន់ មិនលើកទឹកចិត្តដាច់ខាតឱ្យមានការចូលមកក្នុងដែនដីគេ ដោយខុសច្បាប់ទេ»។
តៃវ៉ាន់គ្មានច្បាប់សុំសិទ្ធិជ្រកកោន ដូចនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលមានលក្ខខ័ណ្ឌច្បាស់លាស់សម្រាប់ឱ្យពលរដ្ឋហុងកុងស្ថិតនៅតៃវ៉ាន់ ដោយសារហេតុផលនយោបាយ។ កាលពីខែកក្កដារដ្ឋាភិបាលតៃវ៉ាន់បានបើកការិយាល័យមួយ ដើម្បីជួយពលរដ្ឋហុងកុងឱ្យដាក់សំណុំពាក្យដើម្បីសុំរស់នៅតៃវ៉ាន់។
ប្រែសម្រួលដោយលោក ឈឹម សុមេធ