អង្គការប្រឆាំងតវ៉ាដ៏សំខាន់បំផុតមួយដើម្បីលទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុងបានប្រកាសថា ខ្លួននឹងបិទអង្គការជាបន្ទាន់។
អង្គការរណសិរ្សសិទ្ធិមនុស្សជនស៊ីវិល ឬ CHRF ធ្លាប់បានទទួលខុសត្រូវរៀបចំបាតុកម្មតាមដងផ្លូវក្នុងប្រវត្តិសាស្ត្ររបស់ទីក្រុងហុងកុង ជាពិសេសក្នុងអំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលហុងកុងក្នុងឆ្នាំ២០១៩។
បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានដាក់ឲ្យប្រើច្បាប់សន្តិសុខជាតិនៅក្រុងហុងកុងកាលពីខែមិថុនាឆ្នាំទៅមក រដ្ឋាភិបាលក្រុងហុងកុងបានបដិសេធម្តងហើយម្តងទៀតនូវពាក្យស្នើសុំរបស់អង្គការនេះ ក្នុងការរៀបចំការជួបជុំគ្នា ដោយយកការរាតត្បាតវីរុសកូរ៉ូណាជាហេតុផល។
ដំណឹងចរចាមអារ៉ាមដែលថា អង្គការនេះនឹងរំលាយខ្លួននោះត្រូវបានចុះផ្សាយតាមប្រព័ន្ធព័ត៌មានក្នុងស្រុកជាច្រើនថ្ងៃមកហើយ ប៉ុន្តែទើបតែមានការបញ្ជាក់នៅថ្ងៃអាទិត្យ។ សារបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់អង្គការនេះបានលើកឡើងថា សមាជិករបស់ក្រុមនេះរងការគាបសង្កត់ ហើយសង្គមស៊ីវិលបានជួបការ«ប្រឈមដ៏ខ្លាំងក្លា»។
សារបង្ហោះរបស់ក្រុមនេះក៏បានបន្ថែមថា ការរំលាយខ្លួនរបស់ក្រុមនេះត្រូវបានធ្វើឡើងតាមរយៈការសម្រេចចិត្តជាឯកច្ឆន្ទ ហើយពួកគេក៏បានអរគុណអ្នកគាំទ្រផងដែរ។
ច្បាប់សន្តិសុខជាតិត្រូវបានប្រើជាឧបករណ៍បង្ក្រាបផ្នែកនយោបាយនៅក្នុងទីក្រុងហុងកុង ដែលមន្ត្រីនយោបាយជាច្រើននាក់ត្រូវបានចាប់ និងដាក់ពន្ធនាគារ។ ច្បាប់នេះ ដែលគេថា ប្រើដើម្បីធ្វើឱ្យទីក្រុងហុងកុងមានស្ថិរភាពឡើងវិញបន្ទាប់ពីមានបាតុកម្មតវ៉ាកាលពីឆ្នាំ២០១៩នោះ បានរងការរិះគន់យ៉ាងខ្លាំងថា បានគំរាមកំហែងសេរីភាពសារព័ត៌មានដ៏រស់រវើកនៅទីក្រុងហុងកុងកាលពីមុខ។ ក្រោមច្បាប់សន្តិសុខជាតិថ្មីនេះ វិទ្ធង្សនា និងការឃុបឃិតជាមួយជនបរទេសត្រូវបានហាមប្រាម៕