ទីក្រុង​ហុង​កុង​ ប្រុង​ប្រៀបទប់ទល់​បាតុកម្មថ្មី

បាតុករ​ម្នាក់​ទាត់​កំពុង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​អំឡុង​ការ​ប៉ះទង្គិច​ក្នុង​ហុងកុង​កាលពី​ថ្ងៃអាទិត្យ​ទី២១​ ខែកក្កដា ឆ្នាំ២០១៩។

ប៉ូលិស​ប្រឆាំង​កុប្បកម្ម ​បាន​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ថ្ងៃ​សៅរ៍នេះ​ទៅលើ​ពួក​បាតុករ​ដែល​ដើរ​កាត់​ទីក្រុង​ហុងកុង​នៅជិតព្រំ​ដែន​ជាមួយ​ចិន​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ពួក​ជន​សង្ស័យ​ជា​ជន​ឥន្ធពាល​ដែល​បាន​វាយតប់​បាតុករគាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ទី​នោះ​កាល​ពី​សប្តាហ៍​មុន។

រូបភាព​ដែល​បាន​ផ្សព្វផ្សាយ​តាម​ស្ថានីយ​ទូរទស្សន៍ ​បាន​បង្ហាញ​ពី​ឧស្ម័ន​បង្ហូរទឹក​ភ្នែក​បាន​ត្រូវបាញ់​ដាក់​ហ្វូង​បាតុករ​នៅ​ក្នុងសង្កាត់ Yuen Longបន្ទាប់​ពីមាន​ភាព​មិន​ចាញ់​មិន​ឈ្នះ​ជាមួយ​ក្រុម​បាតុករ ​ដែល​បាតុករ​ខ្លះ​បាន​ចោល​ដុំ​ថ្ម​ដាក់​ប៉ូ​លិស។

ពួក​បាតុករ ប្តេជ្ញា​កាន់​កាប់​ផ្លូវនានា​នៃ​សង្កាត់ Yuen Long ថ្វីបើ​មានការ​គំរាម​កំហែង​ដោយ​ហិង្សា​ពី​ក្រុម​ជន​អន្ធពាល​ហើយ​នឹងការ​ហាម​ឃាត់​របស់​ប៉ូលិស​មិន​ឲ្យ​មាន​បាតុ កម្មនេះ​ក៏ដោយ។

ប៉ូលិស ​បាន​ព្រមាន​ថា ​បាតុករនឹង​រំលោភ​ច្បាប់​ ប្រ​សិនបើ​ពួកគេ​ដង្ហែរ​ក្បួន​នោះ។

​ពួក​ជនសង្ស័យ​ពាក់​អាវយឺត​ពណ៌ស​ជា​ជន​ឥន្ធពាល ​បាន​វាយ​ប្រហារ​បាតុករ​និង​អ្នក​ធ្វើ​ដំណើរ​នៅឯស្ថានីយ​រទេះភ្លើង​ក្រោមដី​នៅ​ក្នុង​សង្កាត់ Yuen Long ​កាល​ពី​សប្តាហ៍​មុន។

ទីក្រុង​ហុងកុង​បាន​ក្លាយ​ជាកន្លែង​ធ្វើ​បាតុកម្ម​រាល់​ចុង​សប្តាហ៍​អស់​រយៈ​ពេល​ជិត​៤ ខែ។

ចាប់​តាំង​ពី​សេចក្តី​ព្រាង​ច្បាប់​បត្យាប័ន​បាន​ត្រូវ​លុប​ចោល​មក ​ការទាម​ទារ​របស់​ពួក​សកម្មជន បាន​រាលដាល​ទៅ​ដល់ការ​រួមបញ្ចូលឲ្យ​មាន​ការ​បោះឆ្នោត​ជ្រើស​រើស​មេ ដឹកនាំ​ដោយ​ផ្ទាល់​ហើយ​នឹង​ការ​ស៊ើបអង្កេត​ពីការ​ប្រើ​កម្លាំង​ហួស​ដោយ​ប៉ូលិស៕