រដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញថា ទីក្រុងហុងកុងនឹងបិទជើងហោះហើរអ្នកដំណើរទាំងអស់មកពីប្រទេសអង់គ្លេសចាប់ពីថ្ងៃព្រហស្បតិ៍នេះតទៅដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩ប្រភេទថ្មីដែលតា (Delta)។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ចក្រភពអង់គ្លេសនឹងត្រូវបានគេចាត់ទុកថា ជាប្រទេសដែលមានហានិភ័យខ្ពស់បំផុត ក្នុងការឆ្លងរាតត្បាតនៃវីរុសកូរ៉ូណាបំប្លែងខ្លួនថ្មីប្រភេទដែលតា ហើយអ្នកដំណើរតាមជើងយន្តហោះទាំងអស់ដែលបានសំចតក្នុងប្រទេសអង់គ្លេសលើសពី២ម៉ោងឡើងទៅ នឹងមិនអាចធ្វើដំណើរចាកចេញមកកាន់ទីក្រុងហុងកុងនោះឡើយ។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលក្រុងហុងកុង។ នេះជាលើកទី២ហើយដែលក្រុងហុងកុង បានហាមប្រាមការធ្វើដំណើរមកពីប្រទេសអង់គ្លេសដែលការហាមប្រាមលើកទី១ត្រូវបានធ្វើឡើងកាលពីខែធ្នូ ឆ្នាំ២០២០ដល់ខែឧសភា ឆ្នាំ២០២១។
រដ្ឋាភិបាលក្រុងហុងកុងបញ្ជាក់ថា ការហាមប្រាមនេះ ត្រូវបានធ្វើឡើងដោយសារតែការកើនឡើងនៃស្ថានភាពឆ្លងរាតត្បាតជាថ្មីម្តងទៀតនៅចក្រភពអង់គ្លេសនិងការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មីប្រភេទដែលតា ក៏ដូចជាការរកឃើញនាពេលថ្មីៗនេះនូវប្រភេទវីរុសកូរ៉ូណាប្រភេទ L452R មួយចំនួនដែលត្រូវបានរកឃើញលើអ្នកដំណើរមកពីចក្រភពអង់គ្លេសនោះ។
មាតាបិតាក្នុងទីក្រុងហុងកុងដែលមានកូនកំពុងស្ថិតក្នុងប្រទេសអង់គ្លេស មានប្រតិកម្មទៅនឹងការដាក់បម្រាមនោះ។ ពួកគេលើកឡើងថា គេបានចំណាយលុយជាច្រើន ក្នុងការអនុវត្តឲ្យស្របទៅតាមគោលការណ៍ធ្វើតេស្តរកជំងឺកូវីដ១៩នោះ ប៉ុន្តែពេលនេះ កូនៗរបស់គេបែរជាត្រូវជាប់គាំងនៅក្នុងប្រទេសអង់គ្លេសទៅវិញ។
ទីក្រុងហុងកុងនាពេលនេះក៏កំពុងអនុវត្តនូវបម្រាមដែលខ្លួនបានដាក់ក្នុងពេលកន្លងមកជាមួយអ្នកដំណើរមកពីប្រទេសឥណ្ឌូណេស៊ី ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងប្រទេសហ្វីលីពីនផងដែរ៕