សារៈមន្ទីរប្រល័យពូជសាសន៍ស.រ.អា. United States Holocaust Memorial Museum ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោននឹងរៀបចំពិធីជប់លៀងនៅយប់ថ្ងៃពុធនេះក្នុងរដ្ឋធានីវ៉ាស៊ីនតោនសម្រាប់ការបើកការតាំងពិព័រណ៍រូបភាពសម័យខ្មែរក្រហមនៅខែឧសភានេះ។
មន្ត្រីសំខាន់ជាច្រើនគ្រោងនឹងចូលរួមក្នុងពិធីជប់លៀងនោះ ដូចជាលោក Scot Marciel ជា ឧបការីរងនៃក្រសួងការបរទេសស.រ.អា.ទទួលបន្ទុកកិច្ចការអាស៊ី លោក David Scheffer អ្នកជំនាញពិសេសរបស់អ.ស.ប.ទទួលបន្ទុកតុលាការខ្មែរក្រហម តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខ្មែរ តំណាងមជ្ឈមណ្ឌលឯកសារកម្ពុជា (DC-Cam) និងភ្ញៀវសំខាន់ នានាទៀតក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ជនរងគ្រោះត្រូវគេរាយការណ៍មកថា ក៏នឹងចូលរួមពិធីជប់លៀងនេះដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ការតាំងពិព័រណ៍រូបភាពសម័យខ្មែរក្រហមនិង រឿងរ៉ាវរបស់ជនរងគ្រោះដែលចង់បានយុត្តិធម៌នោះ គឺជាផ្នែកមួយនៃការផ្តល់ការអប់រំ ដល់អ្នកទស្សនា ពលរដ្ឋ និងមេដឹកនាំក្នុងពិភពលោកដើម្បីទប់ស្កាត់អំពើប្រល័យពូជសាសន៍ ហើយលើកកម្ពស់ភាពថ្លៃថ្នូររបស់មនុស្សជាតិ។
ផ្ទាំងគំនូរធំៗដែលមានរូបភាពជាលលាដ៍ក្បាលបន្សល់ទុកពីការកាប់សម្លាប់ ការធ្វើទារុណកម្ម ការបង្ខំឲ្យធ្វើការហួសកម្លាំងនិងសកម្មភាពខ្មែរក្រហមជាច្រើនទៀតក្នុងសម័យនោះ ចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ ហើយនឹងរូបភាពរបស់ជនរងគ្រោះ ដែលនិយាយពីការទាមទារយុត្តិធម៌ ត្រូវគេដាក់តាំងទាំងក្នុងសារមន្ទីរ និងលើគេហទំព័រ ឬវេបសាយរបស់សារៈមន្ទីររបស់ ស.រ.អា.អំពីអំពើប្រល័យពូជសាសន៍គឺ Holocaust Museum។ ការតាំងពិព័រណ៍នេះគឺបើកឲ្យចូលទស្សនារហូតដល់ខែតុលាឆ្នាំ២០១៧ដោយមិនគិតលុយ ហើយមិនត្រូវការបណ្ណចូលនោះទេ៕