អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​បន្ត​ប្រុង​ប្រយ័ត្ន ទោះបី​អត្រា​អ្នក​ឆ្លង​មេរោគ​អេដស៍​ថយ​ចុះ

រូបឯកសារ៖ ឧបករណ៍​ដែល​មន្ត្រី​សុខា​ភិបាល​ប្រើ​សម្រាប់​ធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ឲ្យ​ប្រជាជន​ភូមិពាម ខេត្ត​កណ្ដាល កាលពី​ថ្ងៃច័ន្ទ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៦។

ទិន្នន័យ​អ្នក​ឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​នៅ​កម្ពុជា​មាន​ការ​ថយ​ចុះចំនួន ​១០០ ​ករណី​ជា​រៀងរាល់​ឆ្នាំ​ ក្នុង​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយ ប៉ុន្តែ​អ្នក​ជំនាញ​បន្ត​ជំរុញ​ឱ្យ​អ្នក​ពាក់ព័ន្ធ​បង្កើន​ការប្រុង​ប្រយ័ត្ន និង​ទប់ស្កាត់។​

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍ និង​យូអិន​អេដស៍​ (UNAIDS) នៅ​ថ្ងៃ​ទី​ ៨ ខែ​កក្កដា ឆ្នាំ​ ២០២៤​ បាន​ឱ្យ​ដឹងថា និន្នា​ការ​នៃ​ការ​ឆ្លងថ្មី​នៃ​មេរោគ​អេដស៍​មាន​ការ​ថយ​ចុះ​ពី​ចំនួន ១.៤០០ ​នាក់(មួយ​ពាន់​បួន​រយ) នៅ​ឆ្នាំ​ ២០២១ មក​ត្រឹម ១.៣០០ នាក់ ​នៅ​ឆ្នាំ ២០២២ និង​មក​ត្រឹម ១.២០០ ​នាក់ នៅ​ឆ្នាំ​ ២០២៣។ សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បន្ត​ថា ទិន្ន័យ​ឆ្លងជំ​ងឺ​អេដស៍​ថយ​ចុះ​បង្ហាញពី​វឌ្ឍនភាព​ល្អ​ ប៉ុន្តែ​មិន​ទាន់​ឆ្លើយ​តប​ទៅនឹង​គោល​ដៅ​ដែល​កំណត់​នៅ​ឆ្នាំ​ ២០២៥ត្រូវថយ​ចុះក្នុង​រង្វង់​ ២០០ ​នាក់ ​ក្នុង​មួយ​ឆ្នាំ​។

អ្នកកើត​មេរោគ​អេដស៍​ថ្មី​ក្នុង​ចំណោម​ប្រជាជន​ទូទៅ​មាន​ការថយ​ចុះ ប៉ុន្ដែ​ការឆ្លង​ថ្មី​នៃ​មេរោគ​អេដស៍​ក្នុង​ចំណោម​ប្រជាជន​គន្លឹះ រួម​មាន​ក្រុម​បុរស​រួម​ភេទ​ជាមួយ​បុរស ក្រុម​បំប្លែង​ភេទ ក្រុម​ស្ត្រី​បម្រើ​ក្នុង​សេវា​កម្សាន្ត ក្រុម​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន និង​ក្រុម​យុវវ័យ​ដែល​មាន​អាយុ​ពី ​១៥ ឆ្នាំ ដល់ ២៤ ឆ្នាំ​ នៅ​តែ​ប្រឈម​ខ្ពស់​។ នេះ​បើ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

លោក ឈឹម​ ឃិន​ដារ៉េត អគ្គ​លេខា​ធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​ប្រាប់វីអូអេ​ថា មូលហេតុ​ដែល​ក្រុម​អ្នកស្រឡាញ់​ភេទ​ដូច​គ្នា​បុរស ​និង​បុរស និង​ក្រុម​បំប្លែង​ភេទ​ងាយ​ប្រឈម​នឹង​កើត​ឆ្លង​មេរោគ​អេដស៍​ដោយ​សារ​ការ​រួមភេទ​អសុវត្ថិភាព។

លោក ឈឹម ឃិនដារ៉េត ថ្លែង​ថា​៖​ «ក្រុម​បុរស​រួម​ភេទ​ជា​មួយ​បុរស និង​ក្រុម​បំប្លែង​ភេទ​មាន​ការ​ឆ្លង​មេរោគអេដស៍​ខ្ពស់ ដោយ​សារ​ពួក​គាត់​មាន​ដៃ​គូ​ច្រើន និង​បាន​ប្រព្រឹត្ត​ការ​រួម​ភេទ​ដោយ​មិន​បាន​ប្រើ​ប្រាស់​វិធី​សាស្ត្រ​ការ​ពារ​ត្រឹម​ត្រូវ​ ​ដូច​ជា​ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ (Condom) ឬ​ការ​ប្រើ​ឱសថ​បង្ការ​ជា​មុន​ (PrEP) ជា​ដើម​» ។

លោក ឈឹម ឃិនដារ៉េត​ បន្ថែមថា ការងារ​ទប់ស្កាត់​នឹង​ការ​រាលដាល​មេរោគ​អេដស៍ និង​ជំងឺ​អេដស៍​ត្រូវ​មាន​ការចូលរួម​ពី​អង្គការ​ដៃគូ អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន និង​អ្នក​ផ្ទុក​មេរោគ​អេដស៍ និង​ក្រុម​អ្នក​ប្រឈម​មុខ​នៃ​ការ​ឆ្លង​មេរោគ​អេដស៍។

តាម​ការ​ប៉ាន់​ប្រមាណ​នៅ​ឆ្នាំ ២០២៣ អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ចំនួន ៧៦.០០០ នាក់។ នៅ​ត្រីមាស​ទី ១ ឆ្នាំ ​២០២៤ អ្នកផ្ទុក​មេរោគ​អេដស៍​ដែល​មក​ទទួល​សេវា​ថែទាំ និង​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ (ARV) មាន​ចំនួន ៦៨.១៥១ នាក់។ នេះ​បើ​តាម​លោក ឈឹម ឃិនដារ៉េត​៕