ប្រទេសឥណ្ឌាបានក្លាយជាទីតាំងដែលមានជំងឺកូវីដ១៩រាតត្បាតខ្លាំង ដោយមានចំនួនករណីឆ្លងប្រចាំថ្ងៃថ្មីៗនេះគឺខ្ពស់បំផុតក្នុងសាកលលោក ខណៈប្រទេសនេះកំពុងទប់ទល់នឹងរលកទីពីរនៃជំងឺរាតត្បាត ជាច្រើនសប្តាហ៍បន្ទាប់ពីករណីឆ្លងធ្លាក់ចុះខ្លាំង។
ការកើនឡើងដ៏លឿននៃការឆ្លងវីរុសនៅក្នុងប្រទេសដែលផលិតវ៉ាក់សាំងដ៏ធំបំផុតក្នុងពិភពលោកនេះនឹងបង្កផលប៉ះពាល់ហួសពីព្រំដែនរបស់ប្រទេសឥណ្ឌាទៅទៀត ដោយសារប្រទេសនេះកំពុងបន្ថយល្បឿននៃការនាំវ៉ាក់សាំងចេញទៅប្រទេសផ្សេងៗ។
អ្នកជំនាញសុខាភិបាលបានបន្ទោសប្រជាជនជាច្រើនក្នុងប្រទេសដែលមានប្រជាជនដ៏ច្រើននេះដោយសារពួកគេបោះបង់ចោលវិធានការការពារជំងឺកូវីដស្ទើរតែទាំងអស់ នៅពេលដែលករណីឆ្លងបានធ្លាក់ចុះកាលពីដើមឆ្នាំនេះ។
ហ្វូងមនុស្សកកកុញ ដែលភាគច្រើនមិនពាក់ម៉ាស់ បានប្រជ្រៀតគ្នាក្នុងការប្រមូលផ្តុំខាងនយោបាយដ៏ធំដែលត្រូវបានធ្វើឡើងនៅក្នុងរដ្ឋចំនួន៥ដែលមានការបោះឆ្នោតក្នុងស្រុក។ ពិធីបុណ្យសាសនារយៈពេលមួយខែពេញ ដែលមានមនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នារាល់ថ្ងៃដើម្បីជ្រមុជទឹកនៅទន្លេ Ganges ដែលតាមសាសនាហិណ្ឌូត្រូវបានចាត់ទុកថា ជាទន្លេពិសិដ្ឋនោះកំពុងធ្វើឡើងនៅរដ្ឋ Uttarakhand ភាគខាងជើង។ អាពាហ៍ពិពាហ៍និងកម្មវិធីគ្រួសាររីកកាន់តែធំទៅៗ។
មួយថ្ងៃ មុនពេលទីក្រុង Mumbai មានករណីឆ្លងជំងឺកូវីដ១៩ខ្ពស់បំផុត ផ្សារក្នុងរដ្ឋនេះ ស្ថានីយ៍រថភ្លើងក្នុងស្រុក និងឆ្នេរសមុទ្រមានមនុស្សកកកុញ។ ដូចនៅកន្លែងផ្សេងៗទូទាំងប្រទេសដែរ ទីក្រុង Mumbai ដែលជាមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាបានបើកសកម្មភាពធម្មតាឡើង វិញ នៅពេលដែលករណីឆ្លងប្រចាំថ្ងៃបានធ្លាក់ចុះកាលពីចុងខែមករា។
អ្នកជំនាញនានានិយាយថា បច្ចុប្បន្ន ប្រទេសនេះកំពុងទទួលផលវិបាកពីការធ្វេសប្រហែសនេះ ហើយចំនួនមនុស្សឆ្លងអំឡុងរលកទីពីរនេះបានលោតឡើងលឿនជាងរលកទីមួយ ដោយមានកំណើនការឆ្លងប្រចាំថ្ងៃឡើងរហូតដល់១០០.០០០ករណីជាលើកដំបូងកាលពីដើមខែនេះ។ កាលពីថ្ងៃពុធទី៧ខែមេសា ប្រទេសឥណ្ឌារាយការណ៍ថា មានការឆ្លងចំនួន១១៥.៧៣៦ករណី ដែលជាចំនួនខ្ពស់បំផុតតាំងពីជំងឺរាតត្បាតនេះបានចាប់ផ្តើម។
លោក Srinath Reddy នាយកនៃមូលនិធិសុខភាពសាធារណៈឥណ្ឌា បាននិយាយថា៖«អារម្មណ៍សុខសាន្តជាទូទៅបានកើតមានគ្រប់វិស័យ រួមទាំងអ្នកបង្កើតគោលនយោបាយ និងជាពិសេសសាធារណជន នៅពេលដែលយើងបានឃើញទីបញ្ចប់នៃការរាតត្បាត។ ពួកយើងយល់ថា ឥណ្ឌាទទួលបានភាពស៊ាំ ហើយវានឹងការពារឥណ្ឌាទប់ទល់នឹងការឆ្លងវីរុសពីក្រៅបន្ថែមទៀត។ ប៉ុន្តែនោះជាការយល់ខុសទាំងស្រុង ហើយវាបាននាំឲ្យប្រជាជនបោះបង់ការប្រុងប្រយ័ត្នផ្នែកសុខភាពសាធារណៈ»។
អ្នកជំនាញសុខាភិបាលនានានិយាយថា វ៉ារ្យ៉ង់ ឬសណ្តានវីរុសដែលឆ្លងខ្លាំង មកពីចក្រភពអង់គ្លេស អាហ្រ្វិកខាងត្បូង និងប្រេស៊ីល បានរួមចំណែកដល់កំណើនឆ្លងដ៏លឿន ដែលប្រទេសនេះកំពុងជួបប្រទះ។
ប្រទេសឥណ្ឌាហាក់ដូចជានឹងមិនដាក់ប្រទេសក្នុងគ្រាអាសន្ន ដែលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងនោះទេ ប៉ុន្តែតំបន់ដែលរងគ្រោះខ្លាំងបំផុតក្នុងប្រទេសកំពុងមានវិធានការរឹតបន្តឹងឡើងវិញ។ រដ្ឋ Maharashtra នៅភាគខាងលិច ជារដ្ឋដែលមានការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងបំផុតក្នុងប្រទេស គឺជាចំណុចចាប់ផ្តើមនៃការរាតត្បាតរលកទីពីរ ដោយបានរាយការណ៍ករណីឆ្លងជិត៦០ភាគរយនៃតួលេខទូទាំងប្រទេស។ ទីក្រុង Mumbai បានដាក់វិធានការបិទសកម្មភាពសង្គមផ្នែកខ្លះៗក្នុងសប្តាហ៍មុន ដោយបានបិទហាងទំនិញ ភោជនីយដ្ឋាន និងសារមន្ទីរ ហើយបានបញ្ជាឲ្យមានការបិទទាំងស្រុងនៅចុងសប្តាហ៍។ រដ្ឋធានីញូវដែលីរបស់ឥណ្ឌាក៏បានដាក់បម្រាមគោចរពេលយប់ផងដែរ។
ប្រទេសឥណ្ឌាមានតម្រូវការវ៉ាក់សាំងច្រើន។ ប្រទេសនេះបានចាក់វ៉ាក់សាំងជាង៨៧លានដូស ដែលជាតួលេខមួយក្នុងចំណោមតួលេខច្រើនបំផុតក្នុងពិភពលោក។ ទោះជាយ៉ាងណា ថ្នាំទាំងនេះចាក់បានមិនដល់៧%ផងនៃចំនួនប្រជាជនសរុប។
រលកទីពីរនៃជំងឺរាតត្បាតនេះនឹងបង្កការលំបាកធ្ងន់ធ្ងរ មិនមែនត្រឹមតែសម្រាប់ប្រទេសឥណ្ឌាដែលជាប្រទេសអាស៊ីខាងត្បួងដ៏ធំនេះទេ ប៉ុន្តែវានឹងបង្កការលំបាកធ្ងន់ធ្ងរសម្រាប់ប្រទេសផ្សេងទៀតដែលកំពុងចាំវ៉ាក់សាំងពីប្រទេសឥណ្ឌាដើម្បីចាក់ឲ្យប្រជាជនជាច្រើនតាមដែលអាចទៅរួច៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ