ពិតមែនតែនយោបាយជាការប្រកួតប្រជែងមួយដែលមានអ្នកឈ្នះនិងអ្នកចាញ់នៅក្នុងប្រទេសជាច្រើន មានរួមទាំងប្រទេសប្រជាធិបតេយ្យខ្លះ ដែលនៅទីទាំងនោះពួកមេដឹកនាំបដិបក្ខ ប្រើអានុភាពអំណាចដើម្បីបន្ថយឥទ្ធិពលអ្នកកាន់តំណែងមុនពួកគេក៏ដោយ ក៏ការណ៍នេះមិនមែនជាករណីក្នុងប្រទេសអាមេរិកទេ។
នៅពេលលោកជាប្រធានាធិបតី ពួកអ្នករិះគន់លោក Trump បានចោទប្រកាន់លោកថា ទោរទន់ទៅរករបបផ្តាច់ការនិយមហើយប្រឹងប្រែងប្រើតំណែងនយោបាយរបស់លោកដើម្បីកាន់តំណែងជាបន្តក្រោយលោកបានចាញ់ឆ្នោត។
នៅក្នុងរបៀបដោះស្រាយខាងនយោបាយរបស់លោកដែលគេធ្លាប់បានស្គាល់ លោក Trump ឥឡូវនេះកំពុងចោទអំពីការរំលោភបំពានដោយប្រើតំណែង ដោយបានចោទប្រកាន់រដ្ឋបាលរបស់លោក Joe Bidenខាងគណបក្សប្រជាធិបតេយ្យ ថាបានប្រើប្រាស់ការិយាល័យ FBI និងក្រសួងយុត្តិធម៌ក្នុង«ការធ្វើសង្គ្រាមខាងផ្លូវច្បាប់»។
លោក Trump ដូចចុងចោទឯទៀតៗ ដែលត្រូវបានសន្មតថា គ្មានទោសពៃរ៍ទេនៅពេលរង់ចាំលទ្ធផលនៃការកាត់ក្តីនោះ បានអះអាងថា មានការបន្លំសន្លឹកឆ្នោតប្រឆាំងនឹងលោកតាំងពីការបោះឆ្នោតដំបូងក្នុងរដ្ឋ Iowa ក្នុងឆ្នាំ២០១៦។ នៅពេលនោះលោកបានបន្ទោសបេក្ខជនប្រជែងនឹងលោកគឺលោក Ted Cruz ហើយបានទាមទារដោយគ្មានជោគជ័យ«ឱ្យមានការបោះឆ្នោតជាថ្មីឬឱ្យទុកលទ្ធផលរបស់លោក Cruz ជាមោឃៈ»។
សូម្បីតែនៅពេលលោកបានឈ្នះការបោះឆ្នោតទូទៅនៅចុងឆ្នាំ២០១៦ក៏ដោយ ក៏លោក Trump បានអះអាងថាមានការបន្លំសន្លឹកឆ្នោតដែរ។ លោកបានឈ្នះក្នុងការបោះឆ្នោតនៃគណៈអ្នកបោះឆ្នោតផ្អែកលើសន្លឹកឆ្នោតភាគច្រើនក្នុងរដ្ឋនីមួយៗ តែលោកបានចាញ់លោកស្រី Hillary Clinton ខាងគណបក្សប្រជាធិបតេយ្យក្នុងចំនួនសន្លឹកឆ្នោតទូទៅ។
លោក Trump បាននិយាយដោយគ្មានភ័ស្តុតាងថា៖ «បន្ថែមលើជ័យជំនះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតដោយគណៈអ្នកបោះឆ្នោត ខ្ញុំឈ្នះសន្លឹកឆ្នោតទូទៅដែរ ប្រសិនបើគេដកមនុស្សរាប់លាននាក់ដែលបោះឆ្នោតដោយខុសច្បាប់»។
ក្នុងការកាន់តំណែង៤ឆ្នាំ លោក Trumpត្រូវបានរដ្ឋសភាចោទប្រកាន់ដកហូតតំណែងពីរដង តែមិនត្រូវបានព្រឹទ្ធសភាផ្តន្ទាទោសទេ។ លោកTrump បាននិយាយជាច្រើនដងថា លោកជាទីដៅនៃការរករឿងហើយថាលោកមិនដែលបានធ្វើអ្វីខុសទេ។ មាន«ការហៅទូរសព្ទល្អប្រសើរ»ជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ដែលក្នុងនោះលោកបានជំរុញឱ្យមេដឹកនាំបរទេសរូបនេះស៊ើបអង្កេតលោក Biden ជាថ្នូរជាមួយការផ្តល់ជំនួយយោធារបស់អាមេរិកទៅឱ្យអ៊ុយក្រែន។ រឿងនេះបាននាំឱ្យមានការចោទប្រកាន់លោកជាលើកទីមួយ។
បន្ទាប់មកក៏មានថ្ងៃដែលធ្វើឱ្យសហរដ្ឋអាមេរិកអាម៉ាស់មុខនៅវិមានសភា នៅពេលដែលក្រុមអ្នកគាំទ្រលោក Trump បានលុកលុយចូលក្នុងអគារជានិមិត្តរូបនៃលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក នៅក្រោយប្រធានាធិបតីរបស់ពួកគេញុះញង់ពួកគេឱ្យ«ប្រយុទ្ធដោយខ្លាំងក្លា»ឬ បើមិនដូច្នោះទេ «លោកអ្នកនឹងលែងមានប្រទេសមួយទៀតហើយ។ ដូច្នេះ ចូរនាំគ្នាដើរតាមដងរុក្ខវិថី Pennsylvania»។
លោក Trump បានវិលមកកាន់សេតវិមានវិញនៅពេលហ្វូងមនុស្សនាំគ្នាធ្វើដំណើរទៅកាន់វិមានសភា។ បន្ទាប់មកលោកបានសរសេរសារ Twitter ថាអនុប្រធានាធិបតីរបស់លោកគឺលោក Mike Pence ដែលឥឡូវនេះជាអ្នកប្រជែងនឹងលោកក្នុងការបោះឆ្នោតបឋមខាងគណបក្សសាធារណរដ្ឋនោះ «គ្មានសេចក្តីក្លាហាន»ក្នុងការធ្វើឱ្យអាក់ខានពិធីរាប់សន្លឹកឆ្នោតសម្រាប់ប្រកាសលោក Biden ថាជាអ្នកមានជ័យជំនះនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។
ការណ៍នេះនាំឱ្យមានការចោទប្រកាន់លោក Trump ជាលើកទីពីរនៅទីបញ្ចប់នៃតំណែងប្រធានាធិបតីរបស់លោក។
ឃ្លាមួយនៃការប្រជុំ rallies នយោបាយរបស់លោកគឺថា៖ «យើងនឹងមិនចុះចាញ់ដាច់ខាត យើងនឹងមិនបោះបង់ចោលដាច់ខាតហើយយើងនឹងមិនសុខចិត្តចាញ់ដាច់ខាត»។
នៅពេលកាន់តំណែងជាប្រធានាធិបតី លោក Trump ជួនកាលបានដកថយពីសំណើ ការណាត់ជួបនិងវោហារសាស្ត្រប្លែកខុសពីគេខ្លាំងពេក ដោយសារមានសម្ពាធខ្លាំងពីសមាជិកគណរដ្ឋមន្ត្រី សហការីសំខាន់ៗនិងសមាជិកគ្រួសារលោក។ តែយ៉ាងណាក៏ដោយ ក៏លោក Trump ហាក់ដូចជាតែងតែស្តាយ ដោយលោកបាននិយាយប្រាប់ពួកមេធាវីនិងទីប្រឹក្សារបស់លោកថាលោកបានទុកចិត្តសភាវគតិរបស់លោកជាងការនិយាយណែនាំដោយពួកអ្នកជំនាញ។ ជាធម្មតាការណ៍នេះបាននាំឱ្យលោកមានហានិភ័យធំជាងមុន។
នៅទីបញ្ចប់លោកTrump មិនត្រូវគ្នាជាមួយមនុស្សសឹងតែទាំងអស់ដែលជាអ្នកធ្វើការជិតស្និទ្ធជាមួយលោក។ មនុស្សខ្លះក្នុងបណ្តាពួកមន្ត្រីដែលលោកបានផាត់ចេញបានវិលមកវិញ។ មន្ត្រីជាន់ខ្ពស់នៅសេតវិមានមួយចំនួន បានសង្កេតឃើញថាលោក Trump ហាក់ដូចជាគ្មានមិត្តភ័ក្តិពិតប្រាកដទេ។ ទំនាក់ទំនងទាំងអស់មានលក្ខណៈជំនួញនិងការស្មោះស្ម័គ្រជាមួយចៅហ្វាយនាយ ដែលជាចរិតរបស់លោក។ លោកមិនដែលធ្វើការឱ្យនរណាទេ លើកលែងតែឱ្យឪពុកលោក។
ពួកអ្នកសង្កេតការខាងច្បាប់ជឿជាក់ថាលោក Trump នឹងតទល់ជាមួយនឹងការចោទប្រកាន់សហព័ន្ធទាំងនេះ រហូតដល់ទីបញ្ចប់ ហើយថាលោកមិនទំនងជានឹងទទួលកំហុស ជាថ្នូរនឹងការសម្រាលទោសទេ ដែលមានន័យថាជាការសារភាពមានកំហុស ដែលមិនមែនជាចរិតរបស់លោក Trump ទេ។
ក្នុងពេលតែប៉ុន្មានម៉ោងក្រោយការប្រកាសអំពីការចោទប្រកាន់លោក លោក Trump បានបញ្ជូនលិខិតអង្គាសប្រាក់ដោយសុំឱ្យក្រុមអ្នកគាំទ្រលោក«ធ្វើវិភាគទានដោយឈរដោយសន្តិវិធីជាមួយខ្ញុំនៅថ្ងៃនេះហើយបង្ហាញថាលោកអ្នកនឹងមិនធ្វើឱ្យប្រទេសយើងចុះញ៉មដាច់ខាតដល់ក្រុមនិយមឆ្វេងជ្រុល»។ នៅចុងលិខិតនេះមានសំណើសុំវិភាគទានពី២៤ដុលា្លរដល់២៥០ដុល្លារផង។
ពួកអ្នកសង្កេតការណ៍ខាងនយោបាយមិនរំពឹងថាការចោទប្រកាន់នេះនឹងធ្វើឱ្យមានការខូចខាតច្រើនដល់លោក Trump ជាមួយក្រុមអ្នកគាំទ្រស្នូលរបស់លោកដែលមានចំនួនមួយភាគបីនៃក្រុមអ្នកបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ។ តែជាសរុបនៅមុនមានដំណឹងអំពីការចោទប្រកាន់ថ្មីៗទាំងនេះ ជនជាតិអាមេរិកាំង៦នាក់ក្នុងបណ្តា១០នាក់បាននិយាយប្រាប់ពួកអ្នកស្ទង់មតិថាលោក Trump មិនគួរជាប្រធានាធិបតីទៀតទេ។
ការរំពឹងទុកនៅពេលបច្ចុប្បន្ននេះគឺថា នៅពេលដែលមានសមាជិកគណបក្សសាធារណរដ្ឋប្រហែលជាង១០នាក់ទៀត ប្រកួតប្រជែងដើម្បីទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតី ក្នុងការបោះឆ្នោតបឋមនៅរដ្ឋ Iowa និងរដ្ឋ New Hampshireនោះ លោកអតីតប្រធានាធិបតី Trump នឹងនៅតែជាអ្នកនាំមុខគេ ហើយទំនងជានឹងទទួលការតែងតាំងរបស់គណបក្សសាធារណរដ្ឋ ជាលើកទីបីជាប់ៗគ្នា ទោះជាលើកនេះលោកកំពុងតតាំងនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌធ្ងន់ធ្ងរអំពីការរំលោភលើច្បាប់ចារកម្ម ការធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយនិងការរារាំងដំណើរការរបស់តុលាការក៏ដោយ។
មានតែម្តងគត់ កាលពីឆ្នាំ១៩២០ ដែលគណបក្សនយោបាយមួយបានតែងតាំងជនល្មើសបទព្រហ្មទណ្ឌម្នាក់។ នោះគឺលោក Eugene V. Debs ដែលកន្លងមកបានឈរឈ្មោះជាបេក្ខជនប្រធានាធិបតីដោយគ្មានជោគជ័យបួនដង ហើយជាអ្នកដែលគេស្គាល់ច្រើននៅសម័យនោះ។
លោក Debs មានទោសក្នុងបទរំលោភលើច្បាប់ចារកម្មនិងបំបះបំបោរ តែគណបក្សសង្គមនិយមបានជ្រើសតាំងលោកម្តងទៀតនៅឆ្នាំ១៩២០។ អាជ្ញាធរបានអនុញ្ញាតឱ្យលោកចេញផ្សាយសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរប្រចាំសប្តាហ៍ពីពន្ធនាគារសហព័ន្ធនៅទីក្រុង Atlanta។ លោកបានទទួលការគាំទ្រជាងបីភាគរយក្នុងការបោះឆ្នោតទូទៅ។ លោកនៅតែជាមនុស្សមានប្រជាប្រិយភាពម្នាក់ក្រោយពីលោកប្រធានាធិបតី Warren Harding បានលើកលែងទោសឱ្យលោកមួយឆ្នាំបន្ទាប់មក។
ប្រសិនបើលោក Trump ចាញ់ឆ្នោតជាលើកទីពីរនៅឆ្នាំ២០២៤ តើលោក Biden (ដែលគេរំពឹងថានឹងក្លាយខ្លួនជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ ជាថ្មីម្តងទៀតនោះ) នឹងពិចារណាលើកលែងទោសឱ្យគូប្រជែងរបស់លោកឬទេ ប្រសិនបើលោក Trump ត្រូវតុលាការរកឃើញថាមានទោសពីបទចោទប្រកាន់មួយឬច្រើនជាងនេះនោះ?
ពលរដ្ឋអាមេរិកាំងជាច្រើន មិនបានអត់ឱនទោសឱ្យលោក Gerald Ford ដាច់ខាតដោយសារលោកបានលើកលែងទោសឱ្យលោក Richard Nixon អ្នកសាធារណរដ្ឋដូចគ្នាដែលបានចុះចេញពីតំណែងជាជាងប្រឈមនឹងការចោទប្រកាន់អំពីរឿងអាស្រូវ Watergate។ ហើយលោក Ford បានខាតបង់ដោយចាញ់លោក Jimmy Carter ខាងគណបក្សប្រជាធិបតេយ្យក្នុងការបោះឆ្នោតប្រធានាធិបតីក្នុងឆ្នាំ១៩៧៦។
លោក Biden តែងតែនិយាយអំពីការផ្សះផ្សានិងការបន្ថយការបែកបាក់គ្នាខាងនយោបាយតាំងពីសង្គ្រាមស៊ីវិលមក។ ក្នុងនាមជាអ្នកកាន់គ្រិស្តសាសនានិកាយកាតូលិកមុតមាំម្នាក់ ដែលមានពូជអំបូរអៀរឡង់ លោក Biden បានធ្វើឱ្យធូរស្បើយខាងផ្លូវចិត្ត ក្នុងបន្ទូលរបស់សម្តេចប៉ាបទាំងឡាយ ដែលអំពាវនាវឱ្យមានការលើកលែងទោស និងតាមបទនិពន្ធរបស់កវីកំណាព្យម្នាក់ដែលលោកចូលចិត្ត គឺលោក Seamus Heaney ដែលមានតម្រុយមួយថា៖
«ប្រវត្តិសាស្ត្រនិយាយថា កុំសង្ឃឹម
នៅក្បែរផ្នូរសព
ក៏ប៉ុន្តែយូរៗម្តង
រលកយុត្តិធម៌អាចកើនខ្ពស់
ហើយសេចក្តីសង្ឃឹមនិងប្រវត្តិសាស្ត្រកើតឡើងចួនគ្នា
នាំឱ្យមានសេចក្តីសង្ឃឹមលើការផ្លាស់ប្តូរធំមួយ
ដែលប្រាស់ចាកសែនឆ្ងាយពីការសងសឹក។
ចូរសង្ឃឹមថាច្រាំងសមុទ្រមូយដែលនៅសែនឆ្ងាយ
អាចឆ្ពោះទៅដល់ពីទីនេះ។
ចូរជឿលើអព្ភូតហេតុ។
និងជឿលើការព្យាបាលនិងការផ្សះផ្សាគ្នា»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ