លោក​ ហ៊ីង ប៊ុនហៀង​និង​អាជ្ញាធរ​កម្ពុជា​ទាត់​ចោល​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិក

លោកនាយ​ឧត្តម​សេនីយ៍ ហ៊ីង ប៊ុនហៀង (កណ្តាល) អគ្គ​មេបញ្ជា​ការរង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​អង្គរក្ស​សម្តេច​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ចូលរួម​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​របស់​កង​ពលតូច​ទ័ព​ពិសេស​ឆត្រយោង ៩១១ នៅទីលាន​ក្តាន់រយ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី១៥ មិនា ២០១៦។ (រូបថត​ដកស្រង់ពី​ទំព័រ​ហ្វេសប៊ុកឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង)

ក្រសួង​ការពារ​ជាតិ​និង​ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី​ក៏​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ភ្លាមៗ​ដោយ​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ថា​បាន​សម្រេច​ដោយ​រំលោភ​លើ​ច្បាប់​កម្ពុជា​យ៉ាង​អយុត្តិធម៌ បន្ទាប់​ពី​អាមេរិក​ចេញ​សេចក្តី​ប្រកាស​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ ហ៊ីង ប៊ុនហៀង​ អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ​និង​ជាមេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​អង្គរ​ក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន។

លោក​ ហ៊ីង ប៊ុនហៀង​ មេ​បញ្ជាការ​ដ្ឋានកង​អង្គរ​ក្ស​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ នៅថ្ងៃ​ពុធ​នេះ ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ​និង​ការដាក់​ទណ្ឌកម្ម​របស់សហរដ្ឋ​អាមេរិក​លើ​រូបលោក​ ដែល​ថា ​លោក​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា។​

លោក​ ហ៊ីង ប៊ុនហៀង ​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេម​ភូមិន្ទ និង​ជា​មេ​បញ្ជាការ​នៃ​បញ្ជាការ​ដ្ឋាន​កង​អង្គរ​ក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ប្រាប់​ ​VOA​ ​នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា​ លោក​មិន​ខ្វល់​ទៅ​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​នោះ​ទេ ដោយ​លោក​ថា លោក​អនុ​វត្ត​ការ​ងារ​ទៅ​តាម​ច្បាប់​និង​រដ្ឋធម្មនុញ្ញ​កម្ពុជា​ប៉ុណ្ណោះ។​ លោក​បន្ថែម​ដោយ​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ដែល​ថា​ លោក​ជាប់​ពាក់​ព័ន្ធ​នឹង​ការបោក​គ្រាប់​បែក​នៅ​ខាង​មុខ​រដ្ឋសភា​ចាស់​កាល​ពីឆ្នាំ​១៩៩៧​និង​ថា​ ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ដោយ​ខ្វះការ​វិភាគ។

លោក​បញ្ជាក់​ថា៖​

«មិន​ដឹងថា​គាត់​យល់​យ៉ាង​ម៉េច​ដែរ អាហ្នឹង​រឿង​សិទ្ធិ​របស់​គាត់ ព្រោះ​គាត់​មហា​អំណាច ចង់​គាបពីណា ឬ​បុគ្គល​ណា រឿង​របស់​គាត់។ តែ​សម្រាប់​ខ្ញុំ ខ្ញុំ​អត់ខ្វល់អី​ផង ហើយ​មាន​តែអរគុណ​គាត់​ទៀត ឲ្យ​គាត់​គាបចុះ ហើយ​បើ​មាន​ទ្រព្យ​សម្បត្តិ​នៅ​អាមេរិក សូម​បង្កក​ឲ្យ​បាន​លឿន ហើយ​យក​ឲ្យ​អស់​តែ​ម្តង​ទៅ»។

នាយ​ឧត្តម​សេនីយ​ផ្កាយមាស​បួន​ ហ៊ីង ប៊ុនហៀង​ បន្ថែម​ថា​ លោក​មិន​មាន​ទ្រព្យ​សម្បត្តិ ​ឬ ​ជំនួញ​ណាមួយ​នៅ​សហរដ្ឋ​អាមេរិក​នោះ​ទេ​ ហើយ​លោក​ថា ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ ប្រៀបដូច​ជាការ ​«អារកខ្យង»​ យ៉ាង​ដូច្នោះ។​

លោក​មាន​ប្រសាសន៍​ដោយ​មាន​សំឡេង​សើច​តិចៗ​ថា៖​

«អាមេរិក​មិន​អារ ក ត្រីរ៉ស់ មក​អារ ក ខ្យង។​ ខ្ញុំ​ចង់​និយាយ​ថា ​ខ្ញុំ​អត់​មាន​លុយ​ទេ ខ្ញុំ​ឧទាហរណ៍អញ្ចឹង។​ អ្នក​ណា​ដែល​គេ​មាន​លុយ​អាហ្នឹង​ទៅ​គាបអ្នក​ហ្នឹង​ទៅ​ តែគេ​មិន​គាបមកគាបចំ​អ្នក​អត់​មាន​លុយ។​ វា​គួរ​ឲ្យ​អស់​សំណើច ហើយ​មហា​អំណាច​មួយ​ទាំង​មូល​ គាត់​បែរមក​ធ្វើ​អញ្ចឹង។​ ពូវា​គួរ​ឲ្យ​ឆ្ងល់​ណាស់​ក្មួយ»។

ការ​ច្រាន​ចោល​របស់​មេ​អង្គរ​ក្សរូប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​បាន​ចេញ​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​អង្គារ​ ដោយ​សម្រេច​ដាក់​ទណ្ឌកម្ម​លោក​ ដោយ​ថា​ លោក​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា​ ​និង​ថា​ លោក​បាន​វាយ​ប្រហារ​លើ​ជនរង​គ្រោះ​ជា​ច្រើន​ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋអាមេរិកាំង​ម្នាក់ផង​ដែរ។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដែល​ ​VOA​ ​ទទួល​បាន​កាលពី​ថ្ងៃ​អង្គារ​បញ្ជាក់​ថា ការ​ដាក់​ទណ្ឌកម្ម​លើ​លោក​ ​ហ៊ីង ប៊ុនហៀង ​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់​សិទ្ធិ​មនុស្ស​ ​Global Magnitsky ឆ្នាំ​២០១៦​ ​ដែល​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យ​សម្បត្តិ​ជនណា​ដែល​រំលោភ​សិទ្ធិ​មនុស្ស ​ឬ​ ប្រព្រឹត្ត​អំពើ​ពុករលួយ។​

សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«លោក​ ហ៊ីង ប៊ុនហៀង​ និង​បញ្ជាការ​ដ្ឋាន​អង្គរក្ស មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧប្បទ្ទវ​ហេតុ​ជា​ច្រើន​ដែល​ក្រុម​យោធា​ត្រូវ​បាន​ប្រើ​ប្រាស់ដើម្បី​គំរាម​កំហែង​ក្រុម​បាតុករ​និង​គណបក្ស​ប្រឆាំង​តាំង​ពីឆ្នាំ​១៩៩៧ មក​ ក្នុង​នោះ​មាន​ការគប់​គ្រាប់​បែក​ដែល​មាន​ពលរដ្ឋអាមេរិកាំង​ម្នាក់បាន​រង​របួស»។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រតនាគារ​សហរដ្ឋ​អាមេរិក​ដ​ដែលនោះ​បន្ថែម​ថា​ បញ្ជាការ​ដ្ឋាន​អង្គរ​ក្ស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ជា​ច្រើន​លើ​ពលរដ្ឋ​កម្ពុជា ​ដែល​គ្មាន​អាវុធ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ ក្នុង​នោះ​មាន​ការ​វាយ​ប្រហារ​កាល​ពីឆ្នាំ​២០១៣​ ​នៅ​ក្បែរ​វត្ត​ភ្នំ និង​ឆ្នាំ​២០១៥​ នៅ​មុខ​រដ្ឋសភា​ជាតិ​កម្ពុជា។​

កាល​ពីឆ្នាំ​២០១៥​ មាន​អង្គរ​ក្សបី​នាក់​របស់​បញ្ជាការ​ដ្ឋាន​អង្គរ​ក្ស​លោក ហ៊ុន សែន បាន​សារភាពថា ពួក​គេ​បាន​វាយ​តប់ទាត់ធាក់​អ្នក​តំណាង​រាស្ត្រគណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរ​នាក់​គឺ​លោក គង់ សភា និង​លោក​ ញ៉យ ចំរើន ​ឲ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ប៉ុន្តែ​ពួក​គេ​ជាប់​ពន្ធនាគារ​តែរយៈ​ពេល​ខ្លី​ហើយ​ថែម​ទាំង​ទទួល​បាន​ការ​ដំឡើង​ឋាន្តរស័ក្តិ​បន្ទាប់ពី​ចេញ​ពីពន្ធនាគារ។

លោក​ ហ៊ីង ប៊ុនហៀង​ ក៏​ជា​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណ​បក្ស​ប្រជាជន​កម្ពុជា​ហើយ​ទើប​តែ​បាន​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​នេះ​កាល​ពីឆ្នាំ​២០១៥។​

ឆ្លើយតបទៅ​និង​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​ ក្រសួង​ការពារ​ជាតិ​និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ និង​សេចក្តី​ថ្លែង​ការណ៍​បន្ទាន់​ព្រមៗ​គ្នា​ ​ដោយ​បាន​ថ្កោលទោស​សហរដ្ឋ​អាមេរិក​ ​ក្នុង​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​ ​ហ៊ីង ប៊ុនហៀង។​

ខុទ្ទកាល័យ​នាយក​រដ្ឋ​មន្រ្តី​និង​ក្រសួង​ការពារ​ជាតិ​លើក​ឡើង​ថា​ ការ​សម្រេច​ដាក់​ទណ្ឌកម្ម​ដោយ​ហាម​មិន​ឲ្យ​ចូល​ទឹក​ដី​អាមេរិក​និង​បង្កក​ទ្រព្យ​សម្បត្តិមកលើ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​បែប​នេះ គឺ​ជាការ​រំលោភ​ដល់​ច្បាប់​កម្ពុជា​ដោយ​គ្មាន​ភស្តុតាងនិង​យ៉ាង​អ​យុត្តិធម៌​ទី​បំផុត។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖​

«ការ​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យ​សម្បត្តិ​នេះ គឺ​ជាការ​សម្រេច​ដ៏​ល្ងង់ខ្លៅ​ ធ្វើ​ឡើង​ដោយ​ទំនើង​ចិត្ត​សហ​រដ្ឋ​អាមេរិក​ដែល​កម្ពុជា​មិន​អាច​ទទួល​ស្គាល់​បាន​ឡើយ។ ក្រសួង​ការពារ​ជាតិ​កម្ពុជា​ សូម​អំពាវនាវ​ដល់​សហរដ្ឋ​អាមេរិក​ឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការ​ដាក់​ទណ្ឌកម្ម មកលើ​មន្រ្តី​ជាន់​ខ្ពស់​យោធា​កម្ពុជាដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​បែប​នេះ»។

ចំណែក​គណ​បក្ស​សង្គ្រោះជាតិ ​ដែល​ត្រូវ​បានតុលា​ការ​រំលាយ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​គាំទ្រ​នូវ​ចំណាត់ការ​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​នេះ​ថា​ ជា​ការ​ផ្តល់​ពន្លឺ​យុត្តិធម៌​សម្រាប់​ជនរង​គ្រោះ​ក្រោម​ស្នា​ដៃ​របស់​លោក​ ហ៊ីង ប៊ុនហៀង។

សេចក្តី​ថ្លែង​ការណ៍​របស់​គណ​បក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់ក្នុង​ន័យ​ដើម​ថា៖​

«ទណ្ឌកម្ម​លើ​លោក ហ៊ីង ប៊ុនហៀង​ នា​ពេល​នេះ គឺជា​សារព្រ​មាន​ដល់​មេក្លោង​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដទៃ​ទៀត​ថា ពួក​គេ​នឹង​មិន​រួច​ខ្លួន​ពីសំណាញ់​ច្បាប់​ឡើយ ហើយ​ពួក​គេ​ត្រូវ​តែ​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​តាម​គ្រប់រូប​ភាពមកលើប្រជា​ពលរដ្ឋ​ស្លូត​ត្រង់ ប្រសិន​បើ​ពួក​គេ​មិន​ចង់​ទទួល​រង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ​ទេ​នោះ»។

​លោក​ Phil Robertson អនុ​ប្រធាន​ទទួល​បន្ទុក​តំបន់​អាស៊ីនៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch ប្រាប់ VOA ថា អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​បញ្ចុះ​បញ្ចូល​យ៉ាង​យូរដើម្បី​ឲ្យ​មាន​នូវ​ចំណាត់ការ​បែប​នេះ។ លោក​បន្ថែម​ថា នេះ​ជា​វិធានការ​សមស្រប​មួយ ដែល​គួរ​តែ​កើត​មាន​ជា​យូរ​មក​ហើយ។

លោក​បញ្ជាក់​ថា៖​

«ពួក​គេ​បាន​ទទួល​វា​ត្រឹម​ត្រូវ។​ អ្នក​ដឹង​ហើយ​ថា​ គាត់​ជា​មេ​ដឹក​នាំ​អង្គភាព​ដែល​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ហើយ​អ្នក​ទាំង​អស់​គ្នា​ដឹង​បែប​នេះ។​ ខ្ញុំ​សង្ឃឹម​ថា​នេះ​គឺ​ជាការចាប់​ផ្តើម»។

នេះ​ជាការ​ប្រើ​ប្រាស់​ច្បាប់​ថ្មី​ Global Magnitsky​ ដាក់​ទណ្ឌកម្ម​មន្ត្រីក​ម្ពុជា​ដំបូង​បន្ទាប់ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថ​លេខា​បន្ថែម​លើ​ផ្នែក​នៃ​ការបង្កក​ទ្រព្យ​សម្បត្តិ​នេះ​នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០១៧។

ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ​ រាល់​ទ្រព្យ​សម្បត្តិ​ ឬ​ ផល​ប្រយោជន៍​ពី​ទ្រព្យ​សម្បត្តិ​របស់​ជន​ទាំង​នេះ​នៅ​ក្នុង​ទឹក​ដី​សហ​រដ្ឋ​អាមេរិក​នឹង​ត្រូវ​ហាមឃាត់​ចាប់​ពី​ថ្ងៃ​ចេញ​សេចក្តី​ប្រកាស​នេះ​ ត​ទៅ​ ហើយ​ជាការ​បន្ថែម ​គឺ​ហាម​ឃាត់​ពល​រដ្ឋអាមេរិកាំងមិន​ឲ្យ​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទងការ​ងារ​ជា​មួយ​នឹង​ជន​ទាំង​នេះ​ទេ៕