លោកស្រីអតីតរដ្ឋមន្ត្រីការបរទេសស.រ.អា Hillary Clinton ដែលជាបេក្ខនារី ប្រធានាធិបតីនាំមុខគេខាងគណបក្សប្រជាធិបតេយ្យ កំពុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Iowa ដើម្បីប្រមែប្រមូលក្រុមអ្នកស្ម័គ្រចិត្តខាងនយោបាយនៅក្នុងរដ្ឋមួយ ដែលបានធ្វើព្រងើយកន្តើយដាក់លោកស្រីនៅពេលលោកស្រីបានឈរឈ្មោះដំបូងសម្រាប់តំណែងប្រធានាធិបតីកាលពីឆ្នាំ២០០៨។
លោកស្រី Clinton ទើបតែបានថ្លែងសុន្ទរកថាមួយក្នុងការឃោសនាបោះឆ្នោតកាលពីថ្ងៃសៅរ៍នៅក្នុងបូរី New York ដោយលោកស្រីបានអំពាវនាវឲ្យមានបញ្ជីទូលំទូលាយមួយនៃការលូតលាស់នៅក្នុងស.រ.អា។
នៅដើមឆ្នាំក្រោយ ក្រុមសមាជិកនៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋក្នុងរដ្ឋ Iowa នឹងបោះឆ្នោតដំបូងសម្រាប់ការប្រកួតប្រជែងយកតំណែងប្រធានាធិបតីនៅក្នុងការប្រជុំ caucus របស់គណបក្សនៅក្នុងការប្រកួតប្រជែងដ៏យូរក្នុងរដ្ឋនីមួយៗ ដើម្បីជ្រើសរើសយកបេក្ខជនទៅប្រឈមមុខដាក់គ្នានៅក្នុងការបោះឆ្នោតជាតិជ្រើសរើសប្រធានាធិបតីអាមេរិកាំង។ វរជនដែលមានជ័យជំនះនឹងបន្តតំណែងពីលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាក្នុងខែមករាឆ្នាំ២០១៧។ រដ្ឋធម្មនុញ្ញស.រ.អាកម្រិតឲ្យលោកកាន់តំណែងប្រធានាធិបតីតែពីរអណត្តិប៉ុណ្ណោះ៕