ក្រោយបញ្ចប់ការប្រឡងសាធារណជនទូទៅកត់សម្គាល់និងទទួលស្គាល់ថា មានការផ្លាស់ប្តូរឥរិយាបទនៃការប្រឡង។ តែទោះជាយ៉ាងណាក៏ដោយបញ្ហាមិនប្រក្រតីមួយចំនួននៅតែកើតឡើងក្នុងកំឡុងពេលប្រឡងដោយខានពុំបាន។
តាំងពីព្រលឹមម៉ោងប្រហែល៥:៣០នាទីគឺពីរម៉ោងមុនការប្រឡងចាប់ផ្តើម សិស្សានុសិស្សដែលស្លៀកពាក់ឯកសណ្ឋានខោឬសំពត់ខៀវ និងអាវស ដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបឆ្នាំនេះ នៅជុំៗក្នុងហាងថតចម្លងនៅម្តុំផ្សារចាស់ កណ្តាលរាជធានីភ្នំពេញ។
ពួកគេកំពុងធ្វើការថតចម្លងវិញ្ញាសាមួយចំនួនដែលគេជឿថា បានបែកធ្លាយ។
ការបែកធ្លាយវិញ្ញាសាប្រឡងនៅក្នុងគ្រឹះស្ថានអប់រំសាធារណៈក្លាយទៅជាប្រពៃណីទៅហើយនៅក្នុងប្រទេសកម្ពុជា។
លោកគ្រូបង្រៀននៅទីក្រុងភ្នំពេញម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ អះអាងថា មានការបែកធ្លាយវិញ្ញាសា៥មុខគឺមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា។
«គណិត រូប គីមី ជីវៈ ខ្មែរ ៥ហ្នឹងគឺតម្លៃ២០០ ហើយកូននឹងសុទ្ធតែកូនលោកធំ ព្រោះគេរៀនគួរពិសេស ចង់ឲ្យស៊ើបសួរថា តើ៥វិញ្ញាសាហ្នឹងវាយ៉ាងម៉េច ព្រោះថា លក់ហ្នឹងគឺពីជ័យថាវីមក»។
បុរសវ័យ២៥ឆ្នាំម្នាក់ ដែលនាំប្អួនស្រីមកប្រឡង បានប្រាប់ថា ការលាក់ប្រ៊ុយយ៉ុង ឬក្រដាស់កំណែនិងចម្លើយជាមុននៅតែមានដូចរាល់ឆ្នាំ។
«ប៉ុន្តែសភាពជាក់ស្តែងដែលខ្ញុំនាំប្អូនមកប្រឡងហ្នឹងគឺថា ប្រ៊ុយយ៉ុង ឯកសារផ្សេងៗដែលសិស្សយកចូលគឺយកចូលបាន ឃើញច្បាស់ ឃើញនឹងភ្នែក»។
ដូចរាល់ការប្រឡងមុនៗដែរ ទិដ្ឋភាពខាងក្រៅរបងមណ្ឌលប្រឡងម្តាយឪពុក និងសាច់ញាតិមួយចំនួនឈរផ្តុំគ្នារង់ចាំលើកទឹកចិត្ត ស្តាប់ដំណឹងពីការប្រឡងនៅខាងក្នុងមណ្ឌលប្រឡង និងបញ្ជូនអាហារ ភេសជ្ជៈ និងវិញ្ញាសាតាមមាត់របង។
យោងតាមបណ្តាញសង្គម Facebook របស់អង្គភាពប្រឆាំងអំពើពុករលួយ ឲ្យដឹងថា មានជនបន្លំខ្លួនទៅប្រឡងជំនួសបេក្ខជនប្រឡងនៅខេត្តព្រៃវែង និងខេត្តកណ្តាល ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិនៅថ្ងៃទី១នេះ។
អ្នកស្ម័គ្រចិត្តតាមដានសភាពការណ៍ប្រឡងនៃអង្គភាពប្រឆាំងអំពើពុករលួយមួយរូបរៀបរាប់ថា៖
«ព្រឹកមិញនេះ ស្ថានភាពនៃសិស្សដែលចូលរួមការប្រឡងនេះមានមួយចំនួនដែលមានការហុចវិញ្ញាសាតាមរបងសាលាដោយសមត្ថកិច្ចមួយចំនួនអត់ទាន់មានការចាប់ឬឃាត់អីទេ ប៉ុន្តែផ្លូវចូលមានការឆែកតឹងរ៉ឹងពីសំណាក់លោកគ្រូអ្នកគ្រូ ហើយគ្មានការយកគ្រឿងអេឡិចត្រូនិចចូលទាំងអស់»។
លោករស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបដិសេធករណីដែលបានលើកឡើងនេះ ដោយលោកនិយាយថា វាជាការបំផុសបំផុលរបស់ជនមួយក្រុមដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួន។
«ខាងក្រសួងបានទៅដល់កន្លែងពិនិត្យតែម្តង ទី២យើងបានធ្វើកោសល្យវិច្ច័យ មានន័យថា យកវិញ្ញាសាដែលគេអះអាងថា បែកធ្លាយហ្នឹងមកពិនិត្យជាមួយវិញ្ញាសាដែលក្រសួងចេញ ហើយមើលទៅដូចជាអត់មានដូចគ្នាទេ បាទ។ នេះជាការបំផុសរបស់ជន ក្រុមដែលស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទេ បាទ»។
ក្រសួងអប់រំ កាលពីពេលថ្មីៗនេះ បានចេញបទបញ្ជាឲ្យមានការរឹតបន្តឹងលើបេក្ខជនប្រឡងដោយហាមប្រាមមិនឲ្យយកវិញ្ញាសាដែលបែកធ្លាយចូលក្នុងមណ្ឌលប្រឡង ឯកសារផ្សេងៗ និងគ្រឿងអេឡិចត្រូនិកដែលអាចផ្តល់ទំនាក់ទំនងទៅមជ្ឈដ្ឋានខាងក្រៅបន្ទប់ប្រឡងដែលអាចផ្តល់ជាជំនួយ។ ក្រសួងក៏បានព្រមានបណ្តេញបេក្ខជនណាដែលប្រព្រឹត្តល្មើស គឺមិនឲ្យបន្តការប្រឡងឡើយ។
បើទោះមានបញ្ហាមិនប្រក្រតីមួយចំនួនកើតមានក្នុងពេលប្រឡង សិស្សដែលទើបតែចេញពីប្រឡងនៅម៉ោង១១នាទីព្រឹកជាមួយនឹងទឹកមុខក្រៀមក្រំបារម្ភផងនិងរីករាយផង។
ជាមួយគ្នានេះដែរ លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនឯករាជ្យយល់ឃើញថា ការប្រឡងបាក់ឌុបឆ្នាំនេះមានលក្ខណៈប្រសើរជាងឆ្នាំមុនបន្តិច។
«ការប្រឡងបាក់ឌុបឆ្នាំហ្នឹង បើយើងធៀបទៅឆ្នាំកន្លង មានលក្ខណៈល្អប្រសើរជាងបន្តិច ព្រោះដំណើរការប្រឡងហ្នឹងមិនមានឃើញការផ្តល់សំណូក និងបើកចម្លងអីនោះទេ។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ ឃើញថា ការដែលនាំប្រ៊ុយយ៉ុង នាំតេឡេហ្វូនចូលនោះនៅតែចោទមាន តែត្រូវបានសន្តិសុខ និងអនុរក្សដកហូតសព្វបែបយ៉ាង»។
លោករ៉ុង ឈុនបញ្ជាក់បន្ថែមពីភាពមិនប្រក្រតីមួយចំនួនក្នុងថ្ងៃទី១។
«នៅខេត្តព្រៃវែង និងកណ្តាលមានមនុស្សទៅប្រឡងជំនួសបេក្ខជន ឯវិញ្ញាសាប្រវត្តិវិទ្យាក៏ត្រូវបានបែកធ្លាយនៅខេត្តព្រៃវែងផងដែរ»។
បើទោះជានិស្សិតមួយចំនួនប្រាប់ថា ការប្រឡងមានលក្ខណៈរឹតបន្តឹងខ្លាំងក្តី តែ ម៉ោង១ថ្ងៃត្រង់ក្នុងថ្ងៃទី២នៃការប្រឡងទៅហើយ គេឃើញនៅមានសិស្សមួយចំនួននៅតែទៅថតចម្លងវិញ្ញាសាតូចៗ នៅតាមហាងថតចម្លងមួយចំនួនក្បែរសាកលវិទ្យាល័យពុទ្ធិសាស្រ្ត មិនឆ្ងាយប៉ុន្មានពីមណ្ឌលប្រឡងវិទ្យាល័យព្រះស៊ីសុវត្ថិ និងវត្តកោះ។
នេះជាសញ្ញាឲ្យឃើញថា សិស្សនៅមានឱកាសបើកចម្លងនៅឡើយ។
លោករ៉ុង ឈុននិយាយថា៖ «នៅមណ្ឌលមួយចំនួន បេក្ខជននៅមើលគ្នា ចម្លងគ្នាបានខ្លះ»។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនឆ្នាំ២០១៤នេះបែងចែកជា១៥៤ មណ្ឌលប្រឡង និងមានបេក្ខជនត្រូវប្រឡងសរុបចំនួនជាង៩៣.៤៥៦នាក់៕