អ្នកជំនាញខាងភាពយន្ត និយាយថា ការផលិតភាពយន្តខ្នាតខ្លី និងភាពយន្តដែលមានលក្ខណៈអប់រំ មានសារៈសំខាន់ សម្រាប់ការទទួលបានប្រជាប្រិយភាពឡើងវិញ ពីសំណាក់ទស្សនិកជនខ្មែរក្នុងសម័យកាលបច្ចុប្បន្ននេះ។
លោក ជ័យ សម្បត្តិ ផលិតករភាពយន្តនិងជាអ្នកដឹកនាំរឿងទូរទស្សន៍នៃអង្គការ BBC Media Action បានថ្លែងនៅក្នុងកម្មវិធី Hello VOA កាលពីថ្ងៃច័ន្ទទី ២១ ខែធ្នូ ឆ្នាំ២០១៥ថា ភាពយន្តបែបអប់រំឬកម្មវិធីទូរទស្សន៍ ដែលលើកទឹកចិត្តឲ្យមានការចូលរួមរបស់យុវជននៅក្នុងការអភិវឌ្ឍសង្គម អាចនឹងទាក់ទាញទស្សនិកជនជាពិសេសយុវជនសម័យបច្ចុប្បន្ន កាន់តែច្រើនឡើង។
Your browser doesn’t support HTML5
វិស័យភាពយន្តនៅកម្ពុជា ដែលត្រូវបានបំផ្លាញស្ទើរខ្ទេចគ្មានសល់ដោយសារសង្គ្រាមក្នុងស្រុក ដែលអូសបន្លាយជាង៣០ឆ្នាំ ចាប់តាំងពីទសវត្សរ៍១៩៧០មកនោះ ហាក់រើបឡើងវិញជាបណ្ដើរៗ នៅដើមឆ្នាំ២០០០ ក្រោយពីមានផលិតករភាពយន្តក្នុងស្រុកខ្លះ បានចាប់ផ្ដើមបង្កើតស្នាដៃថ្មីៗមួយចំនួនឡើងវិញ។
ប៉ុន្តែ ផលិតករទាំងនោះ ប្រឈមមុខ នឹងកង្វះការចាប់អារម្មណ៍ទៅលើវិស័យភាពយន្ត ពីសំណាក់ទស្សនិកជនសម័យថ្មី។
លោក សូ ច័ន្ទតារា អ្នកសម្របសម្រួលខាងភាពយន្តនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាពយន្តCambodia Film Commission បានថ្លែងនៅក្នុងកម្មវិធីHello VOAថា ការផលិតភាពយន្តខ្នាតខ្លី ហើយមានលក្ខណៈប្លែកៗ ដោយផលិតករវ័យក្មេង ប្រហែលជាអាចជួយរុញច្រានឲ្យមានចំណាប់អារម្មណ៍កាន់តែច្រើន ពីសំណាក់ទស្សនិកជន។
តែទោះជាយ៉ាងនេះក្តី អ្នកទូរស័ព្ទចូលរួមក្នុងកម្មវិធីHello VOA ឈ្មោះខន មកពីខេត្តតាកែវ មានប្រសាសន៍ថា ការផលិតភាពយន្តដែលឆ្លុះបញ្ចាំងពីតថភាពជាក់ស្តែងដូចជាការរំលោភអំណាចនៅក្នុងសង្គមកម្ពុជា ប្រហែលជាអាចជួយធ្វើឲ្យទស្សនិកជន ងាកមកចាប់អារម្មណ៍លើវិស័យភាពយន្តកាន់តែច្រើនឡើងវិញ៕