នាអំឡុងនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជា កាលពីដើមខែកន្លងទៅ ផលិតករភាពយន្តជនជាតិបារាំងម្នាក់បានជ្រើសយកខ្សែភាពយន្តមួយដែលមានចំណងជើងថា «ចេតិយសម្រាប់ឃុនស្រ៊ុន» មកចាក់បញ្ចាំង។ ខ្សែភាពយន្តនេះបានរៀបរាប់អំពីជីវប្រវត្តិ និងទស្សនវិជ្ជារបស់កវីខ្មែរមួយរូប ដែលមានឈ្មោះបោះសំឡេងនៅដើមទសវត្សរ៍ឆ្នាំ១៩៧០។ ទស្សនិកជនដែលបានទស្សនាខ្សែភាពយន្តខាងលើបានកោតសរសើរជាខ្លាំងចំពោះស្នាដៃនេះ។
ទស្សនិកជនយ៉ាងហោចណាស់៣០នាក់ ដែលភាគច្រើនជាជនបរទេស អង្គុយសម្លឹងមើលនិងផ្ទៀងត្រចៀកស្ដាប់យ៉ាងយកចិត្តទុកដាក់ក្នុងបន្ទប់បញ្ចាំងខ្សែភាពយន្តនៃមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណានាសប្តាហ៍កន្លងទៅ ដែលកំពុងចាក់បញ្ចាំងខ្សែភាពយន្តឯកសារ«ចេតិយសម្រាប់ឃុនស្រ៊ុន»។
«ចេតិយសម្រាប់ឃុនស្រ៊ុន»ត្រូវបានរៀបរៀងផលិតដោយផលិតករភាពយន្តជនជាតិបារាំង អេរិក ហ្កាល់ម៉ារដ៍ ដែលធ្លាប់រស់នៅនិងបង្រៀនអក្សរសិល្ប៍ និងភាពយន្តនៅប្រទេសកម្ពុជានិងនៅបណ្ដាប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ចាប់តាំងពីឆ្នាំ១៩៩០។
ខ្សែភាពយន្តនេះឆ្លុះបញ្ចាំងកម្រងស្នាដៃតែងនិពន្ធរបស់កវីនិពន្ធខ្មែរមួយរូបគឺលោកឃុន ស្រ៊ុន ដែលធ្លាប់ជាគ្រូបង្រៀនផ្នែកគណិតវិទ្យា និងជាអតីតសមាជិកគណៈនិពន្ធនៃក្រសួងសិក្សាធិការខ្មែរ នាចុងទសវត្សរ៍ឆ្នាំ១៩៦០ និងដើមទសវត្សរ៍ឆ្នាំ១៩៧០។
លោកឃុន ស្រ៊ុនត្រូវបានពួកខ្មែរក្រហមចាប់ឃុំឃាំង និងធ្វើទុក្ខបុកម្នេញនៅមន្ទីរសន្តិសុខស២១ ឬគុកទួលស្លែង មុននឹងគេប្រហារជីវិតនៅឆ្នាំ១៩៧៨។
ខ្សែភាពយន្តឯកសារ ដែលមានរយៈពេល៦៨នាទីនេះត្រូវបានគេដាក់បញ្ចាំង ក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ហើយបានបញ្ចាំងនៅ ក្នុងវិទ្យាស្ថានបារាំង មជ្ឈមណ្ឌលបុប្ផាណា និងនៅសាលមហោស្រពចតុមុខចាប់តាំងដើមខែធ្នូនេះ។
ផលិតករអេរិក ហ្កាល់ម៉ារដ៍ដែលមានវត្តមាននៅពេលចាក់បញ្ចាំងខ្សែភាពយន្តនេះកាលពីថ្ងៃចន្ទ នាឯមជ្ឈមណ្ឌលបុប្ផាណា បានប្រាប់VOA ថា ការណ៍ដែលលោកផលិតខ្សែភាពយន្តនេះឡើងគឺក្នុងបំណងចង់នាំឱ្យយុវជនខ្មែរជំនាន់ក្រោយជ្រួតជ្រាបអំពីខ្លឹមសារនៃស្នាដៃនិពន្ធរបស់កវីខ្មែរដ៏ល្បីឈ្មោះគឺលោកឃុន ស្រ៊ុន ដែលត្រូវបានពួកខ្មែរក្រហមសម្លាប់នោះ។ឲ
«អ្នកនិពន្ធម្នាក់ហ្នឹង ខ្ញុំជឿថា ប្រហែលគ្មានជនជាតិខ្មែរច្រើនសម័យបច្ចុប្បន្នដែលស្គាល់គាត់ទេ ហើយខ្ញុំជឿថា សា្នដៃរបស់គាត់ អត្ថបទរបស់គាត់គួរឲ្យស្គាល់មែនទែន។ ខ្ញុំផ្ទាល់ខ្លួន ដូចជាចាប់អារម្មណ៍ជាពិសេសជាមួយនឹងស្នាដៃរបស់គាត់ បានជាខ្ញុំមានគម្រោងហ្នឹងធ្វើភាពយន្តឯកសារនិយាយអំពីគាត់ ប្រវត្តិគាត់ និងនិយាយអំពីស្នាដៃរបស់គាត់ដែរ»។
លោកបានបន្តថា លោកចូលចិត្តនិងមានចំណាប់អារម្មណ៍ជាវិជ្ជមានទៅលើស្នាដៃរបស់លោកឃុន ស្រ៊ុន ដោយយល់ថា ស្នាដៃទាំងនោះនៅមាន ប្រយោជន៍នៅឡើយសម្រាប់សង្គមខ្មែរបច្ចុប្បន្ន។
«អត្ថបទរបស់គាត់ទាក់ទងយ៉ាងជ្រាលជ្រៅជាមួយវប្បធម៌បុរាណខ្មែរ ហើយម្យ៉ាងទៀត ខ្ញុំជឿថា ការយល់ឃើញរបស់គាត់កាលពីសម័យអតីតកាលនោះ នៅមានន័យនៅឡើយសម្រាប់សង្គមបច្ចុប្បន្ន។ ឧទាហរណ៍ ពេលគាត់សរសេរកំណាព្យរិះគន់ មិនមែនជាកំណាព្យរិះគន់របៀបចំៗ គាត់ប្រើន័យបង្កប់ច្រើន។ គាត់និយាយអំពីអំពើពុករលួយ និយាយពីដីធ្លី»។
ទស្សនីយ៍ភាពនៃខ្សែភាពយន្ត«ចេតិយសម្រាប់ឃុនស្រ៊ុន»បានលើកអំពីដំណើរជួបជុំបងប្អូនរបស់កូនស្រីតែមួយគត់របស់លោកឃុន ស្រ៊ុន ដែលនៅរស់រានមានជីវិតពីរបបវាលពិឃាដ អមដោយសំឡេងសូត្រនៃស្នាដៃនិពន្ធរបស់លោកឃុន ស្រ៊ុនផងដែរ។
ទស្សនិកជនជាច្រើន ដែលបានទស្សនាស្នាដៃនៃភាពយន្តស្តីពីប្រវត្តិរបស់អ្នកនិពន្ធខែ្មរ បានប្រាប់ VOA ថា ពួកគាត់ចូលចិត្តនិងកោតសរសើរការតាក់តែងរឿងនេះផងដែរ។
កញ្ញារឿន លក្ខិណា ដែលជាអ្នកផលិតកុនឯករាជ្យ វ័យ២៣ឆ្នាំ និងជាទស្សនិកជនមួយរូបផងដែរនោះ បានបង្ហាញអារម្មណ៍ពេញចិត្តចំពោះវិធីសាស្ត្រដែលផលិតកររៀបចំខ្សែរឿងនេះឡើង ហើយកញ្ញាបរិយាយថា មានលក្ខណៈគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។
«ខ្ញុំមើលរឿងឯកសារច្រើន ប៉ុន្តែខ្ញុំមើលរឿងដែលគាត់ផលិតនេះ ខ្ញុំមានអារម្មណ៍ថា វាមានលក្ខណៈបែបមួយថ្មី ដែលគួរឱ្យចាប់អារម្មណ៍។ រឿងឯកសារខ្លះយើងមើលទៅ យើងងងុយគេង យើងធុញ។ តែរឿងហ្នឹងអត់អញ្ចឹងទេ»។
អ្នកចូលរួមទស្សនាម្នាក់ទៀតគឺលោកអ៊ឹម លឹម វ័យ៤៧ឆ្នាំ ដែលជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានវាយតម្លៃខ្សែភាពយន្តនេះថា បានបញ្ចូលអារម្មណ៍ មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះអ្នកទស្សនាផងដែរ។
«រញ្ជួលចិត្តផង សប្បាយចិត្តផង។ រញ្ជួលចិត្តដោយសារគាត់លើកពីសម័យនោះផង សម័យនេះផង។ សប្បាយចិត្តដោយសារដឹងថា មានរឿងហ្នឹងកើតឡើង។ អញ្ចឹងមានគេទទួលស្គាល់គាត់ ពីព្រោះរហូតមកដល់ពេលនេះ មិនមានមនុស្សច្រើនទេ ដែលស្គាល់គាត់ និងស្នាដៃរបស់ឃុន ស្រ៊ុន ដែលជារឿងគួរឱ្យស្ដាយ»។
លោកអ៊ឹម លឹម ដែលជាអ្នកនិយមស្នាដៃនិពន្ធរបស់លោកឃុន ស៊្រុនជាយូរមកហើយនោះ បានបន្ថែមទៀតថា ខ្លឹមសារ និងទស្សនវិជ្ជារបស់កវីរូបនេះ នៅតែឆ្លុះបញ្ចាំងជាក់ស្ដែងក្នុងសង្គមខ្មែរពេលបច្ចុប្បន្ន បើទោះជាស្នាដៃរបស់លោកត្រូវបានតាក់តែងឡើងតាំងពីជាង៤០ឆ្នាំមុនមកក្ដី។
«សម្រង់សេចក្ដីដែលគាត់និយាយនៅក្នុងខ្សែភាពយន្តគឺតិចណាស់ បើប្រៀបធៀបនឹងអ្វីដែលគាត់បានសរសេរមែនទែននោះ។ អញ្ចឹងមេរៀនមានច្រើន មានរឿងមាន ក្រ។ មានរឿងអ្នកធំធ្វើបាបអ្នកតូច។ អ្នកតូចរងគ្រោះដោយសារអ្នកធំ រឿងដីធ្លី»។
យោងតាមអ្នករៀបចំខ្សែភាពយន្តឯកសារបានឲ្យដឹងថា ភាពយន្តនេះទំនងជាអាចទាក់ទាញបានទស្សនិកជនច្រើនជាង១២០នាក់ទៀតក្នុងរយៈពេលបីថ្ងៃនៃការដាក់បញ្ចាំងនោះ ដោយសារទំហំនៃសាលចាក់បញ្ចាំងមានកំណត់ មិនអាចទទួលអ្នកចូលរួមទស្សនាឱ្យបានច្រើនកុះករនោះទេ។
ក្នុងកំឡុងពេលមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលប្រព្រឹត្តនាដើមខែធ្នូនេះមានខ្សែភាពយន្តឯកសារជាច្រើនត្រូវបានគេផលិតនិងដាក់បញ្ចាំងជូនទស្សនា ជាពិសេសខ្សែភាពយន្តឯកសារទាក់ទិននឹងការកាប់សម្លាប់និងសោកនាដកម្មក្នុងរបបខ្មែរក្រហមដ៏ឃោរឃៅ៕