អ្នកជំនាញផ្នែកការងារស្នើសុំឱ្យរដ្ឋាភិបាលពិចារណាផ្តល់ជំនាញដល់កសិករខាងផ្នែកដាំដំណាំឧស្សាហកម្មសម្រាប់ផ្គត់ផ្គង់ដល់វិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជាដើម្បីជាផ្នែកមួយជួយដល់ការបង្កើតការងារនិងកាត់បន្ថយការធ្វើចំណាកស្រុក។
លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធការងារនិងសិទ្ធិមនុស្ស (Central) បានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍ថារដ្ឋាភិបាលគួរផ្តល់ជំនាញដល់កសិករខាងផ្នែកដាំកប្បាសដោយឱ្យដីដល់កសិករដើម្បីដាំដំណាំនេះសម្រាប់ផ្គត់ផ្គង់ផលិតផលទៅរោងចក្រកែប្រែជាក្រណាត់ឬជាអំបោះបម្រើដល់ទីផ្សាររោងចក្រកាត់ដេរខ្មែរដែលកំពុងតែរីកដុះដាល។
Your browser doesn’t support HTML5
លោកបន្ថែមថា៖
«យើងឃើញថា ទីមួយវាជួយដល់ការងារកសិករយើងផង។ ទីពីរយើងអាចជួយកាត់បន្ថយនូវថ្ងៃដើមនៃវិស័យឧស្សាហកម្មកាត់ដេរផង»។
លោកតុលាបានបន្ទោសរដ្ឋាភិបាលដែលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅដល់ក្រុមហ៊ុនឯកជនច្រើនពេកដែលធ្វើឱ្យកសិករខ្វះខាតដីហើយមិនមានលទ្ធភាពក្នុងការដាំដុះដំណាំកសិកម្មគ្រប់គ្រាន់ឬជួនកាលការនាំយកផលិតផលកសិកម្មរបស់ខ្លួនទៅលក់នៅក្រៅប្រទេសជួបការលំបាកជាដើមដែលជាមូលហេតុជំរុញឱ្យមានការធ្វើចំណាកស្រុកក្នុងទ្រង់ទ្រាយធំ។
លោកបានបន្ថែមថា៖
«ទីមួយអ្នកខ្លះអត់មានដី ទាល់តែសោះ។ ដីគាត់លក់ដើម្បីមើលជំងឺឬធ្វើបុណ្យសព។ ទីពីរអ្នកខ្លះមានដីខ្លះហើយប៉ុន្តែអត់គ្រប់។ អ្នកខ្លះមានដីគ្រប់ប៉ុន្តែផលិតផលកសិកម្មរបស់គាត់អត់អាចមានចំណូលគ្រប់ចំនួនដែលគាត់បានចំណាយក្នុងការទិញជីក្នុងការចាក់សាំង និងទិញគោយន្ត។ល។ និង។ល។ ហ្នឹងទេដោយសារអត់មានទីផ្សារគ្រប់គ្រាន់»។
របាយការណ៍នានាបង្ហាញថា មានប្រជាពលរដ្ឋខ្មែរជាងមួយលាននាក់បានធ្វើចំណាកស្រុកទៅធ្វើការទាំងស្របច្បាប់និងមិនស្របច្បាប់នៅប្រទេសថៃ កូរ៉េខាងត្បូង និងម៉ាឡេស៊ីជាដើម។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានការពារគោលនយោបាយរបស់រដ្ឋាភិបាល។ លោកបានបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយ VOA ក្នុងពេលមកបំពេញបេសកកម្មនៅសហរដ្ឋអាមេរិកក្នុងពេលកន្លងមកថា៖
«នៅវិស័យកសិកម្មក៏យើងខំជួយមានគោលនយោបាយផ្សេងៗដើម្បីជួយរក ឧទាហរណ៍ ជួយរកទីផ្សារនៅខាងក្រៅប្រទេសដើម្បីឱ្យផលិតផលយើងបានចេញទៅខាងក្រៅដែលបង្កលក្ខណៈឱ្យកសិកររបស់យើងលក់ផលិតផលរបស់គាត់បានច្រើនព្រោះមានទីផ្សារធំក៏ដូចជាតម្លៃខ្ពស់ដើម្បីយើងជួយដល់កម្រិតជីវភាពរបស់គាត់»។
Your browser doesn’t support HTML5
លោក ហ៊ុន ម៉ាណែត អះអាងថា ការធ្វើចំណាកស្រុកដែលពលករកម្ពុជាទៅធ្វើការនៅក្រៅប្រទេសមិនមែនមានចំណុចអវិជ្ជមានទាំងអស់នោះទេក៏វាមានចំណុចវិជ្ជមានខ្លះដែរ បើសិនជាការចេញទៅធ្វើការនោះ មានលក្ខណៈស្របច្បាប់ហើយមានយន្តការគ្រប់គ្រាន់ដើម្បីគាំពារសិទ្ធិនិងផលប្រយោជន៍របស់ពួកគេនៅក្រៅប្រទេស។
លោកបន្ថែមថា៖
«ដូចជាបងប្អូនយើងទៅកូរ៉េ ទៅធ្វើការនៅថៃនិងនៅម៉ាឡេស៊ីមួយចំនួនក្នុងរយៈពេលខ្លីដើម្បី គាត់បានទាំងជំនាញរបស់គាត់ មកវិញគាត់អាចធ្វើការងារល្អឬមួយក៏ប្រកបរបរខ្លួនឯងហ្នឹងកម្រិតជីវភាពគាត់ក៏ល្អដែរ»។
លោក មឿន តុលា លើកឡើងថា ភាគរយនៃអ្នកដែលទទួលបានចំណេះដឹងពីពេលទៅធ្វើការក្រៅប្រទេសហើយមកបម្រើនៅកម្ពុជាវិញគឺមានតិចតួចបំផុតដោយសារករណីខ្លះជំនាញការងារដែលពលករធ្វើនៅក្រៅប្រទេសមិនទាន់មាននៅក្នុងប្រទេសកម្ពុជានៅឡើយ។ ប៉ុន្តែលោកទទួលស្គាល់ថាសេវានៅតាមស្ថានទូតខ្មែរដែលមានពលករកម្ពុជាធ្វើការគឺ មានលក្ខណៈប្រសើរជាងឆ្នាំកន្លងមក។ លោកក៏សំណូមពរឱ្យរដ្ឋាភិបាលកម្ពុជាជាពិសេសក្រសួងការបរទេសបន្ថែមចំនួនបុគ្គលិកនៅបណ្តាប្រទេសគោលដៅដែលមានពលករច្រើនដើម្បីអាចបម្រើសេវាទាន់ពេល និងបន្ថែមកញ្ចប់ថវិកាដើម្បីឱ្យមន្ត្រីទាំងនោះមានលទ្ធភាពធ្វើការព្រមទាំងបណ្តុះបណ្តាលជំនាញដល់មន្ត្រីឱ្យចេះដោះស្រាយបញ្ហាតាមស្ថានភាពការងារដែលពលករជួបប្រទះ។
លោកបន្ថែមថា៖
«ធ្វើដូច្នេះបានអាចធ្វើឱ្យស្ថានទូតឬក៏ស្ថានកុងស៊ុល ការិយាល័យកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាយើងអាចឆ្លើយនឹងតម្រូវការជាក់ស្តែង»។