អ្នកជំនាញការខាងវិស័យកសិកម្ម លើកឡើងថា ប្រទេសកម្ពុជា គួរតែចាប់ផ្ដើមសិក្សាពីលទ្ធភាពក្នុងការយកទឹកក្រោមដី មកប្រើប្រាស់សម្រាប់វិស័យកសិកម្មរបស់ខ្លួន ខណៈប្រទេសនេះ កំពុងជួបប្រទះគ្រោះរាំងស្ងួតធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល៥០ឆ្នាំចុងក្រោយនេះ។
Your browser doesn’t support HTML5
លោក កែ សំអឿន អ្នកសិក្សាខាងវិស័យកសិកម្មក្នុងកម្មវិធីអាហារូបករណ៍ Hubert Humphrey Fellowship នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានលើកឡើងបែបនេះនៅក្នុងកម្មវិធី «Hello VOA» កាលពីថ្ងៃច័ន្ទ ទី ៩ ខែឧសភានេះ៖
«ការយកទឹកក្រោមដីមកប្រើប្រាស់ហ្នឹង យើងត្រូវតែសិក្សាមើលថាតើយើងអាចយកមកប្រើប្រាស់បានឬអត់។ ចំពោះខ្ញុំ ខ្ញុំមានសុទ្ធិនិយមថា យើងអាចយកមកប្រើបាន។ សំខាន់យើង សិក្សាវាឲ្យច្បាស់កន្លែងហ្នឹង»។
អ្នកជំនាញដែលបានធ្វើការសិក្សាខាងវិស័យកសិកម្មរយៈពេល១០ខែនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាក្នុងសហរដ្ឋអាមេរិកនេះ បានមើលឃើញពីបទពិសោធន៍នៃការយកទឹកក្រោមដីមកប្រើប្រាស់សម្រាប់រដ្ឋប៉ែកខាងលិចសហរដ្ឋអាមេរិកនេះ។
«ការដែលគេយកទឹកក្រោមដី យកមកស្រោចស្រពបាន គឺអ្នកបច្ចេកទេស ដើរតួនាទីសំខាន់ណាស់។ គាត់ដើរតួជាខួរក្បាលសម្រាប់រដ្ឋាភិបាល ដែលចេញថាតើគាត់មានគោលនយោបាយបែបណា ហើយប្រើប្រាស់យ៉ាងម៉េច ដើម្បីកុំឲ្យមានផលប៉ះពាល់អីផ្សេងៗ»។
លោក កែ សំអឿន លើកឡើងថា ការយកទឹកក្រោមដី មកប្រើប្រាស់សម្រាប់ស្រោចស្រពដំណាំកសិកម្មនេះ ប្រាកដជាមានផលប៉ះពាល់ខ្លះៗហើយ ប៉ុន្តែ លោកថា អ្នកជំនាញការនិងអ្នកបច្ចេកទេសក្នុងស្ថាប័នរដ្ឋាភិបាលព្រមទាំងអ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅតាមសាកលវិទ្យាល័យ ចាំបាច់ត្រូវធ្វើការជាមួយគ្នា ដើម្បីពិនិត្យមើលពីផលប៉ះពាល់ ដែលអាចកើតមានឡើង ដើម្បីត្រៀមរកដំណោះស្រាយរយៈពេលវែងចំពោះដោះស្រាយបញ្ហាខ្វះទឹកប្រើប្រាស់ក្នុងវិស័យកសិកម្មនៅកម្ពុជានេះ។
ប្រទេសកម្ពុជា មានផ្ទៃដីដាំដុះ ប្រមាណ៣លានហិកតារ ហើយពលរដ្ឋប្រមាណ៨០ភាគរយគឺជាកសិករ ដែលភាគច្រើនពឹងផ្អែកលើទឹកភ្លៀង ដើម្បីធ្វើស្រែចម្ការរបស់ពួកគេ។
ប៉ុន្តែ ដោយសារគ្រោះរាំងស្ងួតប្រចាំឆ្នាំនៅក្នុងតំបន់និងកង្វះហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រនៅក្នុងប្រទេស កសិករខ្មែរ ត្រូវរងគ្រោះដោយសារការខ្វះទឹកប្រើប្រាស់នេះ។
ស្ថានភាពកង្វះទឹកនៅឆ្នាំនេះ មានលក្ខណៈធ្ងន់ធ្ងរមែនទែន រហូតដល់ជំរុញឲ្យរដ្ឋាភិបាល ប្រកូកប្រកាសបើកយុទ្ធនាការចែកចាយទឹកជូនប្រជាពលរដ្ឋទូទាំងប្រទេសដើម្បីដោះស្រាយបន្ទាន់ចំពោះបញ្ហាកង្វះទឹកនេះ។
លោក កែ សំអឿន លើកឡើងថា រដ្ឋាភិបាល ចាំបាច់ត្រូវសិក្សាពីលទ្ធភាពយកទឹកក្រោមដីមកប្រើប្រាស់ឬយកទឹកពីទន្លេ ដើម្បីបញ្ចៀសបញ្ហាកង្វះទឹកនេះ នៅពេលអនាគតដ៏វែងឆ្ងាយទៀត។
«យើងសិក្សា ថាតើយើងយកទឹកក្រោមដីហ្នឹង យើងចាយអស់ប៉ុន្មាន ហើយបើយើងកាត់ប្រឡាយយកទឹកពីទន្លេមក យើងចំណាយអស់ប៉ុន្មាន? អញ្ចឹង យើងមើលថាតើមួយណាអស់តិចជាង យើងយកអាហ្នឹងទៅ»៕