លោកស្រីមូរ សុខហួរ បានប្រាប់ដល់កម្មវិធី Hello VOA នៅថ្ងៃព្រហស្បតិ៍នេះថាការបន្តមិនយកចិត្តទុកដាក់ដល់ធនធានមនុស្សដែលធ្លាប់ទៅធ្វើការនៅក្រៅប្រទេសនឹងធ្វើឱ្យកម្ពុជាបាត់បង់សក្តានុពលដែលកម្ពុជាមាន៖
«នេះជាបញ្ហាដែលយើងត្រូវតែដោះត្រូវគិតរក្សាធនធានមនុស្សរបស់យើង សក្តានុពលយើងមិនត្រឹមតែទប់ទេគឺត្រូវតែបង្កើនឱ្យមានឱកាស ឱ្យមានជំនាញខ្ពស់ហើយខ្ពស់ទៀត។ កុំយកបានមកហើយទុកឱ្យគ្នារាវរកក្នុងផ្សារការងារដោយខ្លួនឯងបើមិនអីចឹងយើងបាត់បង់នូវធនធានហើយ»។
Your browser doesn’t support HTML5
លោកស្រី មើលឃើញថាទីផ្សារការងារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននៅមានលក្ខណៈចង្អៀត ដោយពួកគេទទួលបានប្រាក់ខែទាបដែលនេះនៅតែបន្តឱ្យពលរដ្ឋកម្ពុជាទៅធ្វើការជាពលករនៅក្រៅប្រទេស។
កត្តាដែលអាចជួយដោះស្រាយបាននោះគឺជួយបណ្តុះសេដ្ឋកិច្ចនៅក្នុងស្រុកតាមរយៈការពង្រីកក្រុមហ៊ុនធំៗក្នុងស្រុក ប្រើប្រាស់ធនធានមនុស្សនៅក្នុងស្រុក។ ពេលបច្ចុប្បន្ន ក្រុមហ៊ុនខ្មែរមានខ្នាតតូចច្រើនហើយសហគ្រិនមិនហ៊ានពង្រីកមុខរបរដោយសារតែប្រឈមមុខនឹងហានិភ័យក្ស័យធនខ្ពស់ដោយមិនមានការគាំទ្រពីរដ្ឋាភិបាលដូចជាការបញ្ចុះអត្រាការប្រាក់ឱ្យបានទាបជាដើម។ នេះបើតាមការលើកឡើងរបស់លោកស្រីមូរ សុខហួរ។
លោកស្រីបានបន្ថែមថា៖ «ផ្សារការងារសម្រាប់ពលរដ្ឋយើងនៅក្នុងប្រទេសយើងជាផ្សារការងារបើសិនជាធំគឺសម្រាប់ពលករដែលអត់មានជំនាញដូចជានៅក្នុងសេវារត់តុ ដូចជាធ្វើសំណង់ដែលជាមុខរបរអត់មានជំនាញហើយធ្វើឱ្យមានគ្រោះថ្នាក់ទៀត។ ហើយពលកររបស់យើងនេះគឺរស់មួយថ្ងៃសម្រាប់មួយថ្ងៃ។ អត់ទៅមុខបានទេ»។
មានពលករខ្មែរធ្វើចំណាកស្រុកទាំងស្របច្បាប់និងមិនស្របច្បាប់ជាងមួយលាននាក់ដែលធ្វើការនៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។
លោកនុត ករុណា ជាអតីតពលករដែលបានធ្វើការនៅប្រទេសកូរ៉េខាងត្បូងជិតប្រាំឆ្នាំ។ លោកបានសិក្សាបញ្ចប់ថ្នាក់បរិញ្ញាបត្រខាងផ្នែកគ្រប់គ្រងសេដ្ឋកិច្ចហើយបានធ្វើការផ្នែកគ្រឿងចក្រនិងអេឡិកត្រូនិកពេលដែលបំពេញការងារនៅប្រទេសកូរ៉េ។
លោកបានប្រាប់ដល់កម្មវិធី Hello VOA ដែរថា៖
«អ្វីដែលយើងបាត់បង់គឺយើងបាត់បង់ខ្លាំងមែនទែនសម្រាប់ធនធានមានចំណេះដឹងខ្លាំងនិងចំណេះដឹងខ្ពស់ប៉ុន្តែនៅពេលខ្ញុំត្រឡប់មកវិញគោលនយោបាយរដ្ឋាភិបាលមិនបានឆ្លើយតបទៅនឹងគោលការណ៍របស់យុវជនទេហាក់ដូចជាដើរឆ្ងាយចេញពីផ្នត់គំនិតរបស់យុវជន។ ចំណេះជំនាញដែលខ្ញុំបានចេះដឹងមកទាំងអស់គឺខ្ញុំមិនអាចប្រកបមុខរបរបានទេដោយសារតែនៅប្រទេសយើងអត់មានការងារ អត់មានទីផ្សាររបៀបហ្នឹងធ្វើ មានតែមកធ្វើការងារដដែលៗគឺការងារដែលយើងបោះបង់ពីមុន»។
លោកធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនសំណង់មុនពេលចាកចេញទៅប្រទេសកូរ៉េ។
លោកថារីឯប្រាក់កាសសន្សំបានពីការងារនៅក្រៅប្រទេសក៏មិនអាចជួយឱ្យបង្កើតមុខរបរអ្វីសម្រាប់ផ្ទាល់ខ្លួនដែរ៕