ជំនន់​ទឹក​ភ្លៀង​សម្លាប់​មនុស្ស​១៣​នាក់ ​ខណៈ​មាន​ការ​ព្រួយ​បារម្ភ​កម្រិត​ទឹក​បន្ត​ឡើង​ខ្ពស់​

ពលរដ្ឋ​ជិះ​កាត់​ទឹក​ជំនន់​​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២២ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។

អាជ្ញាធរ​កម្ពុជាព្រួយ​បារម្ភ​អំពី​កម្រិត​ទឹក​បន្ត​កើន​ឡើង​ខ្ពស់ ខណៈ​ជំនន់​ទឹក​ភ្លៀង​នេះ​បានសម្លាប់​មនុស្ស​១៣​នាក់ ​នៅ​ក្នុង​ខេត្ត​ដែល​រង​គ្រោះ។ ​នេះ​បើ​តាម​មន្ត្រី​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ។ ​

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ ​លោក ​សុទ្ធ គឹមកុលមុនី ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ គ្រោះ​ទឹក​ទំនន់​ឆ្នាំ​នេះ​ប៉ះ​ពាល់​ខេត្ត​ចំនួន​១៩ ​ប៉ុន្តែខេត្ត​ចំនួន​៣​ប៉ុណ្ណោះ ​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ ​ដែល​រួម​មាន​ខេត្ត​កំពង់ធំ បន្ទាយមានជ័យ ​និង​សៀមរាប។​ ដោយ​ឡែក​ ​លោក​ថា​ ខេត្ត​បាត់ដំបង​ក៏​អាច​នឹង​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ផង​ដែរ ​ប្រសិន​បើ​ភ្លៀង​នៅ​បន្ត​ធ្លាក់​ខ្លាំង។​

លោក គឹមកុលមុនី បន្ត​ថា​ គ្រោះ​ទឹក​ជំនន់​បាន​កើត​ឡើង​ចាប់​តាំង​ពី​ខែ​ឧសភា​មក​ដល់​ខែ​កញ្ញា​នេះ​ ដែល​សម្លាប់​មនុស្ស​១៣​នាក់ ​ភាគ​ច្រើន​ជា​កុមារ។​

បើ​តាម​មន្រ្តី​ជំនាញ​រូប​នេះ ​ទឹក​ជំនន់​ឆ្នាំ​នេះ​គឺ​មាន​សភាព​ធំ​ជាង​ឆ្នាំ​មុន ​ដោយ​សារកម្ពុជា​រង​ឥទ្ធិ​ពល​នៃ​ព្យុះ ​ដែល​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន ​ហើយ​វាជន់​លិច​ផ្ទះ និង​ដំណាំ​របស់​ប្រជា​ពល​រដ្ឋ​ជា​ដើម។ ទោះ​ជាយ៉ាងណា​ លោក​មិន​ទាន់​អាច​បញ្ជាក់​អំពី​តួលេខ​នៃ​ការ​រង​ផល​ប៉ះពាល់ ​និង​ការ​ខូចខាត​ដំណាំ​បាន​នៅ​ឡើយ​ទេ។​

លោក​ថ្លែង​ថា៖ ​«បច្ចុប្បន្ន​នេះ ​មាន​កម្រិត​ធ្ងន់​ខ្លះ​នៅ​ក្នុង​ខេត្ត​ជុំវិញ​បឹង​ទន្លេ​សាប​ មាន​កំពង់ធំ ​ ​សៀមរាប​ បន្ទាយ​មាន​ជ័យ​ដែល​កំពុង​មាន​ការ​ជន់​លិច​ខ្លាំង​ ដែល​អាច​មាន​ផល​ប៉ះ​ពាល់​ខ្លាំង​ដែរ​នៅ​ចំនួន​៣​ខេត្ត​នេះ។ ហើយ​ប៉ុន្មាន​ថ្ងៃ​នេះ ​ភ្លៀង​ខ្លាំង​ទៀត​អាច​មក​ប៉ះពាល់​ខាង​បាត់ដំបង​អី​បន្ថែម​ទៀត»។​

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធាន​ទឹក ​និង​ឧតុនិយម​ ចេញផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ឱ្យ​ដឹង​ថា​ ទឹក​ទន្លេ​មេគង្គ​នឹង​ហក់​ឡើង​ក្នុង​រយៈ​ពេល​៣​ទៅ​៤​ថ្ងៃ​ខាង​មុខ​ ដោយ​សារ​ស្ថានភាព​អាកាសធាតុ​ដែល​កំពុង​ប្រែប្រួល​ក្នុង​ពេល​កម្ពុជា​រង​ឥទ្ធិពល​ព្យុះ​ទី១៦​ ឈ្មោះ​ណូរុ ​(NORU) ​ដែល​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​លើ​អាង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ ​ឡាវ វៀតណាម​ និង​កម្ពុជា​ ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន ជា​ពិសេស​នៅ​ខេត្ត​ផ្នែក​ខាង​លើ​របស់​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​ស្ទឹងត្រែង​ ទឹកអាច​ឡើង​ដល់​កម្ពស់​១០​ម៉ែត្រ ខេត្ត​ក្រចេះ​ ទឹក​អាច​ឡើង​ដល់​២១​ម៉ែត្រ​ ខេត្ត​កំពង់ចាម ​ទឹក​អា​ច​ឡើង​ដល់​១៤,៣០​ម៉ែត្រ​ និង​ស្ថានីយ​ជលសាស្រ្ត​ភ្នំពេញ ចតុមុខ​ ទឹក​អាច​ឡើង​ដល់​៩,៤០​ម៉ែត្រ។ ប៉ុន្តែ​ក្រសួង​ថា ​ទឹក​ទន្លេ​ហក់​ឡើង​ពេល​នេះ គឺ​មិន​ទាន់​ដល់​កម្រិតប្រុង​ប្រយ័ត្ន​នៅ​ឡើយ​ទេ៕