កាលពីថ្ងៃសៅរ៍ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានធ្វើចលនាចូលជ្រៅជាងមុនទៅក្នុងក្រុង Palmyra ដែលត្រួតត្រាដោយពួករដ្ឋឥស្លាម ដោយវាយយកបានមកវិញនូវសង្កាត់មួយចំនួន។
អង្គការ Syrian Observatory for Human Rights មានមូលដ្ឋានក្នុងប្រទេសអង់គ្លេស និងបណ្តាញផ្សាយព័ត៌មានក្នុងតំបន់បានរាយការណ៍អំពីការវាយប្រហារតាមអាកាស និងការបាញ់ផ្តក់ដោយបាននិយាយថាមានការផ្ទុះជាច្រើនត្រូវចំអាគារហើយថាគេបានឃើញផ្សែងហុយចេញពីកន្លែងជាច្រើនផងដែរ។
អង្គការ Observatory បានពណ៌នាការប្រយុទ្ធដណ្តើមក្រុងបុរាណក្នុងតំបន់រហោដ្ឋាននេះថា ជាការវាយលុកធំបំផុតនៅក្នុងយុទ្ធនាការមួយដោយកងទ័ពរដ្ឋាភិបាលស៊ីរីនិងពួកយុទ្ធជនជីវពលជាសម្ព័ន្ធមិត្តរបស់ពួកគេដែលមានការគាំទ្រពីកងកម្លាំងជើងគោក និងកងទ័ពអាកាសរុស្ស៊ី។
បើតាមអង្គការនេះដែលបានតាមឃ្លាំមើលស្ថានការណ៍ក្នុងប្រទេសស៊ីរី ការប្រយុទ្ធដើម្បីដណ្តើមយកក្រុង Palmyra ដែលនៅពេលនេះបានចូលក្នុងសប្តាហ៍ ទីបួនហើយនោះ បាននាំឱ្យមានការខូចខាតច្រើនដល់កងកម្លាំងរដ្ឋាភិបាលដែលមានទាហានយ៉ាងតិចណាស់១០នាក់ស្លាប់កាលពីថ្ងៃសៅរ៍។គេរាយការណ៍ថាកាលពីថ្ងៃសុក្រមានទាហានរដ្ឋាភិបាលស៊ីរី១៨នាក់បានបាត់បង់ជីវិត។
ក្រុង Palmyra ដែលគេដាក់ឈ្មោះថាជា «កូនក្រមុំនៃទីរហោដ្ឋាន» បានទាក់ទាញទេសចរណ៍រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
ពួករដ្ឋឥស្លាមបានវាយយកបានក្រុងនេះពីកងកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងរយៈពេលតែប៉ុន្មានថ្ងៃកាលពីខែឧសភាឆ្នាំ២០១៥ហើយបន្ទាប់មកពួកគេបានបំផ្លាញកន្លែងបុរាណល្បីល្បាញជាច្រើនក្នុងសម័យចក្រភពរ៉ូម៉ាំងនៅក្នុងកន្លែងកេរ្តិ៍ដំណែលពិភពលោកនេះរបស់អង្គការ UNESCO៕