មន្រ្តី​សុខាភិបាល​បន្ត​ព្រមាន​​អំពី«មហន្ត​រាយ»​សុខាភិបាល​សាធារណៈ ខណៈ​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​នៅ​គួរ​ឲ្យ​ព្រួយ​បារម្ភ​​នៅ​ឡើយ

រូបឯកសារ៖ សមាជិកយោធាកម្ពុជារៀបចំគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ នៅ​ក្នុងអគារកោះពេជ្រ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២១។

មន្រ្តី​ជាន់​ខ្ពស់​នៃ​ក្រសួងសុខាភិបាល​កម្ពុជាបាន​បន្ត​ព្រមាន​អំពី​«មហន្តរាយ»​នៃ​សុខភាព​សាធា​រណៈ​បំផ្លាញ​ដោយជំងឺ​កូវីដ​១៩ ប្រសិន​បើ​ប្រជា​ពលរដ្ឋ​មិនចូលរួម​ការ​ពារ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​បាយ័ន​កាល​ពី​ថ្ងៃ​អង្គារ លោកស្រី ឱ វណ្ណ​ឌីន រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថា​ការ​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ស្ថិត​នៅ​ក្នុង«ស្ថាន​ភាព​ព្រួយ​បារម្ភ​នៅឡើយ​ទេ» បើ​ទោះ​លែង​មាន​ការ​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ​ទាំង​ស្រុង​ក៏​ដោយ។ លោកស្រី​បន្តព្រមាន​ថា​បើ​ប្រជា​ពលរដ្ឋ​ទាំងអស់​គ្នា​មិន​ចូលរួម​ការ​ពារ នោះ​ប្រទេស​កម្ពុជា​នឹង​រង​គ្រោះ​មហន្តរាយ​ដោយ​សារ​ជំងឺ​នេះ។

លោកស្រី​បញ្ជាក់​ថា​៖ «វា​នឹង​ធ្វើ​ឲ្យមាន​ហានិភ័យ​ខ្ពស់ ក៏​ដូច​ជា​វា​អាច​នឹង​ឈាន​ចូល​ទៅ​ដល់មហន្ត​រាយ​សុខ​ភាព​សាធារណៈ​ដែល​ខ្ញុំ​បាន​ធ្លាប់​ជម្រាប​ជូន​ហើយ​ថាខ្ញុំ​អត់​ចង់​ស្រមៃ​ឃើញ​នូវ​ទិដ្ឋភាពនៃ​មហ​ន្ត​រាយ​សុខភាព​សាធារណៈ​នោះ​ទេ»។

មន្រ្តី​ក្រសួង​សុខាភិបាល​រូប​នោះក៏​បាន​បញ្ជាក់​ថា​ទាក់​ទង​នឹងវីរុសប្លែង​ខ្លួន​ថ្មី ឈ្មោះ​B.1.617ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា ដែល​ឆ្លង​កាន់​តែ​រហ័ស អាជ្ញាធរ​សុខាភិបាល​កម្ពុជា​រក​ឃើញ​តែ​មួយ​ករណីលើ​ជន​បរទេស​ដែល​ជា​ករណី​នាំ​ចូលហើយក្រុម​គ្រូពេទ្យ​បាន​ព្យាបាល​ជា​សះ​ស្បើយ​រួច​ទៅ​ហើយ។

លោកស្រី​បន្ថែម​ថា​៖ «ហើយ​យើង​ក៏​មិន​ទាន់​ឃើញថា​មាន​ការ​រីក​សាយ​ភាយ​[វីរុស​ប្លែង​ខ្លួន​ថ្មី​ពី​ឥណ្ឌា]​នៅ​ក្នុង​ប្រទេស​យើង​នៅ​ឡើយ​ទេ ខ្ញុំ​សូម​បញ្ជាក់​ណា។ អញ្ចឹង​បច្ចុប្បន្ន​នេះ ការ​រក​ឃើញ គឺ​ត្រឹម​តែ​ប្រភេទ​B.1.1.7»។

វីរុស​ប្លែង​ខ្លួន​ថ្មី​ដែល​រក​ឃើញ​ក្នុង​ប្រទេស​ឥណ្ឌា​កាល​ពី​ឆ្នាំ​មុន ត្រូវ​បាន​អង្គការ​សុខភាព​ពិភពលោក​(WHO)​ចាត់​ទុក​ថា​ជាប្រភេទ​វីរុស​ដែល​ជា​ក្តី​បារម្ភ​កម្រិតសាកល។

នៅ​ពេល​ផ្ទុះ​ឆ្លង​ជំងឺ​កូវីដ​១៩ក្នុង​ប្រទេស​កម្ពុជា ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២១ ក្រសួង​សុខាភិបាលបាន​ប្រកាស​រក​ឃើញ​វីរុស​ប្លែង​ខ្លួនថ្មី​ដែល​មាន​ផ្ទុក​វ៉ារ្យ៉ង់​B.1.1.7 ដែល​មាន​ប្រភព​នៅ​ចក្រ​ភព​អង់គ្លេស បាន​រាល​ដាល​ក្នុង​ប្រទេស​កម្ពុជា ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​កាន់​តែ​រហ័ស។​

លោកស្រី ឱ វណ្ណ​ឌីន អ្នក​នាំពាក្យ​ក្រសួង​សុខា​ភិបាល​បាន​បន្ត​អំពាវនាវ​ឲ្យ​ម្ចាស់​អាជីវកម្ម​ទាំង​អស់​យក​ចិត្ត​ទុក​ដាក់ខ្ពស់​និង​ចាត់​ចែង​របៀប​របប​តាម​បែប​គន្លង​ថ្មី ដោយ​តម្រូវ​ឲ្យ​ភ្ញៀវពាក់​ម៉ាស ​លាង​ដៃ​ និងរ​ក្សាគម្លាត​សុវត្ថិភាព ដើម្បី​ធានា​និរន្តរ​ភាព​នៃ​មុខ​របរ។

ក្រសួង​សុខាភិបាល នៅ​ថ្ងៃ​ពុធ​នេះ បាន​ប្រកាស​រក​ឃើញ​ករណី​ឆ្លង​ថ្មី ​ប្រមាណ​៤៧០​នាក់​ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ចាប់​តាំង​ពី​ថ្ងៃ​ទី​២០ ខែ​កុម្ភៈ បាន​កើន​ឡើង​ដល់​ជិត​២​ម៉ឺន​នាក់។ ករណី​ស្លាប់​បាន​កើន​ឡើង​ដល់​១៣៦​នាក់ ដោយ​មាន​ករណី​ស្លាប់​ថ្មី​ចំនួន​៥​នាក់។

កាល​ពី​សប្តាហ៍​មុន លោកស្រី Li Ailan តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​នៅ​កម្ពុជា បាន​និយាយ​ថា​វា​ពិត​ជា​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ក្លាដែលមាន​ភាព​ធូរ​រលុងទៅ​លើ​វិធាន​ការ​សុខាភិបាល ខណៈ​វីរុស​នេះ​នៅ​តែ​រាត​ត្បាត​ក្នុង​ប្រទេស។ លោកស្រី​ជំរុញ​ឲ្យ​អនុវត្ត​វិធានការ​សុខាភិបាល​និង​អនុវត្ត​ការ​រស់​នៅ​តាមធម្មតា​បែប​គន្លង​ថ្មី។

នៅ​ថ្ងៃ​ពុធ​នេះ​ផង​ដែរ​ សាលា​រាជធានី​ភ្នំពេញ​បាន​សម្រេច​បន្ត​រឹត​ត្បិត​តំបន់​ឆ្លង​ជំងឺ​កូវីដ​១៩​ស្រួ​ចស្រាល់​នៅ​ឡើយ ​រយៈ​ពេល​មួយ​សប្តាហ៍​ទៀត គឺ​រហូត​ដល់​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០២១។

នេះ​ជា​ការ​ពន្យារ​ពេល​មួយ​សប្តាហ៍​ទៀត ខណៈ​កាល​កំណត់ពី​មុន ការ​រាំង​ខ្ទប់​នេះ​ត្រូវ​បញ្ចប់​ចាប់​ពី​ថ្ងៃទី​១៣ ខែ​ឧសភា។ ប៉ុន្តែ​អាជ្ញាធរ​បាន​បង្រួម​តំបន់​គ្រោះ​ថ្នាក់​ខ្លាំង​ដូច​ជា ​«តំបន់ក្រហម» «តំបន់​លឿងទុំ» និង«តំបន់​លឿង»។

បើ​តាម​សេចក្តី​សម្រេច​របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ក្នុង​ខណ្ឌ​៧មករា អគារ​ចំនួន​៨​នៅ​ប្លុក​បុរីកីឡា​នៃ​សង្កាត់​វាលវង់ ជា​តំបន់​ក្រហម។ តំបន់​មួយ​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​២​នៃ​ខណ្ឌ​ច្បារ​អំពៅ ជា​តំបន់​ក្រហម។ ភូមិ​២៣​នៃ​សង្កាត់​បឹង​កក់​ទី​២​និង​ភូមិ​១០​នៃ​សង្កាត់​បឹង​សាឡាង​ក្នុង​ខណ្ឌ​ទួល​គោក ជា​តំបន់​ក្រហម។ ភូមិ​ត្រពាំង​ថ្លឹង​១​និង​ត្រពាំង​ថ្លឹង​២​នៃ​សង្កាត់​ចោម​ចៅ​ទី១ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​តំបន់​ក្រហម។ តំបន់​ខ្លះ​នៃ​សង្កាត់​ទួល​សង្កែ​ទី​១ ក្នុង​ខណ្ឌ​ឬស្សី​កែវ និង​ផ្នែក​ខ្លះនៃ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី៣​នៃ​ខណ្ឌ​មាន​ជ័យ ជា​តំបន់​ក្រហម។

តំបន់​ក្រហម​ជា​តំបន់​រឹត​ត្បិត​ខ្លាំង​ដោយ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ការ​ចេញ​ពី​ផ្ទះ​និង​អាជីវ​កម្ម​គ្រប់​ប្រភេទ៕