មន្រ្តី​សុខាភិបាល៖ ​ថវិកា​សប្បុរស​ជន​ទុក​សម្រាប់​ទិញ​វ៉ាក់សាំង​​កូវីដ​១៩​នៅ​ពេល​ក្រោយ បន្ថែម​លើ​វ៉ាក់សាំង​ជំនួយ

រូបឯកសារ​៖ ស្ត្រី​ម្នាក់ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ស៊ីណូហ្វាម​​ នៅ​ភ្នំពេញ​ ថ្ងៃ​ទី១០​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​។ (ហ៊ាន សុជាតា​​/វីអូអេ)

មន្រ្តី​ជាន់​ខ្ពស់​ក្រសួង​សុខាភិបាល​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កម្ពុជា​រក្សា​ទុក​ថវិកា​ដែល​បរិច្ចាគ​ដោយអ្នក​ជំនួញ​មាន​ងារ​ឧកញ៉ា ម្ចាស់​ក្រុម​ហ៊ុន និង​សាធារណជនទូទៅ ទុក​សម្រាប់​ទិញ​វ៉ាក់សាំងបង្ការ​ជំងឺ​កូវីដ​១៩​នៅ​ពេល​ខាង​មុខ​ ក្រោយ​ប្រើ​អស់​វ៉ាក់សាំង​ដែល​ជា​ជំនួយ​របស់រដ្ឋាភិបាល​ចិន ​និង​អង្គការ​សុខភាព​ពិភពលោក (World Health Organization)។

រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល លោកស្រី ឱ វណ្ណឌីន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១៥ ខែ​មីនា ឆ្នាំ​២០២១។ លោកស្រី​បាន​ឲ្យ​ដឹង​ថា​កម្ពុជា​កំពុង​តែ​ពិចារណា​ទិញ​វ៉ាក់សាំង​បន្ថែម​ពី​ក្រៅ​ប្រទេស​ ដោយ​ប្រើ​ថវិកា​ដែលប្រមូល​បាន​ពី​សប្បុរស​ជន ដែល​មាន​រាប់​សិប​លាន​ដុល្លារ។

លោកស្រីមាន​ប្រសាសន៍​ថា៖ «មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា​មាន​វ៉ាក់​សាំង​មួយ​ចំនួន​សុទ្ធ​តែ​វ៉ាក់សាំង​ជំនួយ។ ចុះ​លុយ​គេ​ចូល​ជា​ជំនួយ​មក​ យក​ទៅ​ណា​អស់? មិន​មែន​យក​ទៅ​ណា​អស់​ទេ គឺ​ទុក​ទិញ​វ៉ាក់សាំង​ហ្នឹង​ឯង។ ហើយ​ឥឡូវ​កំពុង​គិត​គូរ​ដើម្បី​ទិញ​វ៉ាក់សាំង​បន្ថែម។ ជំនួយ​[វ៉ាក់សាំង]​គេ​ឲ្យ​មក​អត់​គ្រប់​ទេ ច៎ា»។

ចាប់​តាំង​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាលចិន ចំនួន​៦០ម៉ឺន​ដូស ដែល​អាច​ចាក់​មនុស្ស​ចំនួន៣០​ម៉ឺន​នាក់។ រដ្ឋាភិបាល​ប្រទេស​ចិន​នឹងផ្តល់​វ៉ាក់សាំង​ចំនួន​៤០​ម៉ឺន​ដូស​ទៀត​មក​កម្ពុជា នៅ​ក្នុង​ខែ​មេសា​ខាង​មុខ ដែល​ជា​ជំនួយ​មនុស្ស​ធម៌។ កម្ពុជា​ក៏​កំពុង​ប្រើ​ប្រាស់​វ៉ាក់សាំង ​AstraZeneca​ ចំនួន​ ៣២.៤០០០ ​ដូស ក្រោម​ក្រប​ខណ្ឌ​កូវ៉ាក់ (Covax) ដែល​ជា​យន្តការ​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO)។

បើ​តាម​មន្រ្តី​សុខាភិបាល​ វ៉ាក់សាំង​ទាំង​នោះ​មិន​គ្រប់​សម្រាប់​កម្ពុជា​នោះ​ទេ ដែលមាន​គម្រោង​ចាក់​មនុស្ស​ប្រមាណ​១០​លាន​នាក់។

បើ​តាម​លោកស្រី ឱ វណ្ណឌីន ក្រោម​គម្រោង​កូវ៉ាក់​ វ៉ាក់​សាំង​១​លាន​១​សែន​ដូស នឹង​ត្រូវ​ផ្តល់​មក​ឲ្យ​កម្ពុជា​ជា​ដំណាក់​កាល ដែល​កម្ពុជា​ទទួល​បាន​ជាង​៣២​ម៉ឺនដូស​រួច​ហើយ​កាល​ពី​ដើម​ខែ​មីនា ហើយ​នៅ​សល់​ផ្សេង​ទៀត មាន​ការ​សន្យា​ថា​នឹងបញ្ជូន​មក​កម្ពុជា ឲ្យ​បាន​មុន​ខែ​មិថុនា ឆ្នាំ ២០២១។

រូបឯកសារ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ​របស់​ក្រុមហ៊ុន​ AstraZeneca​ មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ថ្ងៃ​អង្គារ​ ទី​២​ ខែ​មីនា​ ឆ្នាំ​២០២១​។ (ខាន់ សុគុំមនោ/​វីអូអេ​)

នៅ​ក្នុង​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​ត្រៀម​ទុក​ទិញវ៉ាក់​សាំងលើក​ទី​មួយ​ កាល​ពី​ចុង​ឆ្នាំ​២០២០ ក្រោម​ការ​ឧបត្ថម្ភ​ពី​ក្រុមអ្នក​ជំនួញ ឧកញ៉ា និង​សាធារណ​ជន​ទូទៅ រដ្ឋាភិបាល​កម្ពុជា​ប្រមូល​ថវិកា​បាន​ជាង​៣០​លាន​ដុល្លារ។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុង​ស្រុក។

ចំណែក​នៅ​ក្នុង​យុទ្ធនាការរៃ​អង្គាស​លើក​ទី​ពីរដែល​ចាប់​ផ្តើម​កាល​ពី​សប្តាហ៍​មុន គេ​ឃើញ​មាន​ក្រុម​អ្នក​ជំនួញ​និង​ឧកញ៉ា​ ដែល​ធ្លាប់​បាន​ចូល​រួម​ថវិកា​ពីលើក​ទីមួយ​ បាន​ចូល​ថវិកា​ក្នុង​ទំហំ​ដូច​ពី​មុន​ផង​ដែរ។ ការ​ប្រមូល​ប្រាក់​លើក​ទី​ពីរ​សម្រាប់​ទិញ​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩ បាន​យ៉ាង​តិច​២០​លាន​ដុល្លារ​អាមេរិក។ សរុប​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​ទាំង​២​លើក មាន​យ៉ាង​តិច​៥០​លាន​ដុល្លារ​អាមេរិក។

VOA​ មិន​អាច​សុំ​ការ​បញ្ជាក់​ពី​លោក សេង ទៀង រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋមន្រ្តី​ទទួល​បន្ទុក​ផ្នែក​ថវិកា​ពី​សប្បុរស​ជន និង​ជា​ជំនួយ​ការ​របស់​នាយក​រដ្ឋមន្រ្តី ជុំវិញ​ចំនួន​ទឹក​ប្រាក់​ដែល​ប្រមូល​បាន​នោះ​ទេ។

លោក​ មាស នី អ្នក​វិភាគនយោបាយ​និង​សង្គម​ មាន​ប្រសាសន៍​ថា​ការ​រៃ​អង្គាស​ប្រាក់​ដើម្បី​បុព្វ​ហេតុ​ណា​មួយ​ ជា​រឿង​ធម្មតា​ ប៉ុន្តែ​សំខាន់​គឺ​ការ​ប្រើ​ប្រាស់​ឲ្យ​ចំ​ទិស​ដៅ និង​មាន​តម្លាភាព។

លោក​បន្ត​ថា​ការ​ទទួល​យក​ប្រាក់​រៃ​អង្គាសពី​សំណាក់​សប្បុរស​ជន​ជា​អ្នក​ជំនួញ​ធំ ឬ​ឧកញ៉ា​មាន​ឥទ្ធិពល ​គឺ​ពាក់​ព័ន្ធ​ជាមួយក្រម​សីលធម៌​ផង​ដែរ​ បើ​សិន​ជា​ថវិកា​ទទួល​យក​នោះ ចេញ​មកពី​ប្រភព​លុយ​កខ្វក់ ឬ​ដើម្បី​ផល​ប្រយោជន៍​តប​ស្នង​ទៅ​វិញ។

លោក​ប្រាប់​ VOA​ ថា៖«ដូច្នេះ​ប្រសិន​បើ​ប្រភព​លុយ​ហ្នឹង វា​បាន​មក​ពី​ប្រភព​កខ្វក់ បាន​ន័យ​ថា​វា​អាច​ជា​លុយ​លាង​លុយ ឬ​ក៏​ជា​លុយ​ដែល​រក​ស៊ី​ដោយ​អំពើ​ខុស​ច្បាប់​ផ្សេងៗ។ អាហ្នឹង​ការ​ទទួល​យក​របស់​រដ្ឋាភិបាល​ហ្នឹង ​ក៏​ខុស​ដែរ អា​ហ្នឹង​បើ​និយាយ​ពី​ក្រម​សីលធម៌​នៅ​ក្នុង​ការ​ទទួល​យក​ជំនួយ»។

លោក មាស នី បន្ថែម​ថា៖«ប្រភព​លុយ​ហ្នឹង​សួរ​ថា​ លុយ​យក​ពី​ណា​មក។ ឧទាហរណ៍​ថា​ប្រសិន​ជា​ខ្ញុំ​ហ្នឹង​ទៅ​រក​ស៊ី​ខុស​ច្បាប់​ពី​រឿង​ព្រៃ​ឈើ ប៉ុន្តែ​ខ្ញុំ​មាន​លុយ​រាប់​សិប​លាន​ដុល្លារ ​ដើម្បី​ជួយ​មក​អ្នក​នយោ​បាយ ហើយ​ជា​ថ្នូរ​សង​ទៅ​វិញ គឺ​ខ្ញុំ​គ្រាន់​តែ​សុំ​ធ្វើ​ម៉េច​ឲ្យ ច្រក​ដែល​ខ្ញុំ​រក​ស៊ី​ហ្នឹង​កុំ​ឲ្យ​មាន​បញ្ហា។ អាហ្នឹង​មាន​ន័យ​ថា ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ហ្នឹង​ណា»។

កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​កម្ពុជា​បានស្នើ​សុំ​ទិញ​វ៉ាក់​សាំង​ពី​ប្រទេស​ឥណ្ឌា​ដែល​ផលិត​វ៉ាក់សាំង​ដែរ ចំនួន​៥​លាន​ដូស​ ដោយ​ក្នុង​នោះ​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យមាន​ការ​ផ្គត់ផ្គង់​ក្នុង​ដំណាក់​កាល​ដំបូង​ចំនួន​១​លាន​ដូស។ ប៉ុន្តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​យ៉ាង​ណា​ពី​ប្រទេស​ឥណ្ឌា​នៅ​ឡើយ​ទេ។

បណ្តា​ប្រទេស​នៅ​លើ​ពិភព​លោក​មិន​ទាន់​មាន​វ៉ាក់​សាំង​គ្រប់​គ្រាន់​សម្រាប់​ចាក់​បង្ការ​ជំងឺ​កូវីដ​១៩​នេះ​ទេ។ តាម​ការ​ប៉ាន់​ប្រមាណ កម្ពុជា​មាន​ប្រជាជន​ប្រមាណ​១០​លាន​នាក់ ដែល​នឹង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះ។

លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​លើកឡើង​ថា​វ៉ាក់សាំង​AstraZeneca ​គឺ​សម្រាប់ក្រុម​ពលរដ្ឋ​អាទិភាព​ ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​តែ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា​អ្នក​ដែល​មាន​អាយុ​ក្រោម​៦០​ឆ្នាំ​ ត្រូវ​ចាក់​វ៉ាក់សាំង​របស់​ចិន​ឈ្មោះ​ ស៊ីណូហ្វាម(Sinopharm)។ ការ​ចាក់​វ៉ាក់សាំង​ធ្វើ​ឡើង​តាម​គោល​ការណ៍​ស្ម័គ្រចិត្ត មិន​គិត​ថ្លៃ ហើយ​ចាក់​ទៅ​លើ​ក្រុម​អាទិភាព​ជា​មុន​សិន៕