ក្រសួង​សុខាភិបាល​​​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​​៣៦០​នាក់ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​១៥៤​នាក់

បុគ្គលិកសុខាភិបាលយកសំណាកពីពលរដ្ឋដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងខណ្ឌទួលគោក ក្នុងរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១។ (ទុំ ម្លិះ/វីអូអេ)

ក្រសួង​សុខាភិបាល​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​កូវីដ​១៩ ចំនួន​៣៦០​នាក់បន្ថែម​ទៀត និង​អ្នក​ស្លាប់ថ្មី​៤​នាក់ ដែល​នាំ​ឲ្យ​ករណី​ស្លាប់​សរុបនៅ​ទូទាំង​ប្រទេស បាន​កើន​ឡើង​ដល់​១៥៤​នាក់។

សេចក្តី​ប្រកាសព័ត៌មាន​របស់​ក្រ​សួង​សុខាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ឲ្យ​ដឹង​ថាករណី​ឆ្លង​ថ្មី​មាន៣៦០​នាក់ ដែល​ក្នុង​នោះ​ភាគ​ច្រើន​មាន​នៅ​រាជធានី​ភ្នំពេញ ដែល​ជា​ចំនួន​មធ្យម​នៃ​ការ​ឆ្លង​ក្នុង​មួយ​ថ្ងៃ ធ្លាក់​ចុះ​ពី​ចន្លោះ​៥០០​នាក់ទៅ​១​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ កាល​ពី​កន្លង​ទៅ។ ករណី​ឆ្លង​ក្នុង​ព្រឹត្តិ​ការណ៍​២០​ កុម្ភៈ បាន​កើន​ឡើង​ដល់​ប្រមាណ​២២.០០០​នាក់ ដែល​ក្នុង​នោះ​មាន​ករណី​ជា​សះ​ស្បើយសរុប​ប្រមាណ​១៣.០០០​នាក់។

ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ដែរ​ថា​មនុស្ស​ប្រមាណ​៩០០​នាក់​ទៀត ​បាន​ជា​សះ​ស្បើយ​ពី​ជំងឺ​នេះ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ រដ្ឋបាល​ខេត្ត​តាកែវ​ឲ្យ​ដឹង​ថា​ករណី​វិជ្ជមាន​ជំងឺ​កូវីដ​១៩​ក្នុង​ភូមិសាស្រ្ត​ខេត្ត​នេះ មាន​ចំនួន៥១​នាក់។ ចំណែក​រដ្ឋបាល​ខេត្ត​កំពង់​ចាម ក៏​បាន​រក​ឃើញ​ករណី​វិជ្ជមាន​១០​នាក់។ ជំងឺ​កូវីដ​១៩ ត្រូវ​បាន​រក​ឃើញ​ឆ្លង​រាល​ដាល​គ្រប់​បណ្តា​ខេត្ត​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។

ចំណែក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា​ការ​បិទ​ខ្ទប់​តំបន់​ក្រហម​ដែលគ្រោង​នឹង​បញ្ចប់ បន្ទាប់​ពី​ថ្ងៃ​ទី​១៩ ខែ​ឧសភា នឹង​ត្រូវ​បង្រួញមក​តាម​ផ្ទះ​នីមួយៗ​វិញ ហើយ​នឹង​កែ​ប្រែ​តំបន់​លឿង​ទុំ​មក​ជា​តំបន់​លឿង ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ក្នុង​ការ​គ្រប់គ្រង។

នាយក​ដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​CDC​នៃ​ក្រសួង​សុខា​ភិបាល​បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​៖ «ជំងឺ​កូវីដ​១៩​ នៅ​តែ​បន្ត​គំរាម​កំហែង​យើង​ជាប់​ជានិច្ច។ សូម​បង​ប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ​ នៅ​ឃ្លាត​ឆ្ងាយ​ពី​គ្នា​ មិន​ចេញ​ក្រៅ​ផ្ទះ ព្រោះ​ប្រទេស​យើង​កំពុង​រាតត្បាត​ក្នុង​សហគមន៍​ហើយ ​និង​ប្រទេស​ជិត​ខាង​យើង​និង​ពិភព​លោក​កំពុង​បន្ត​រាត​ត្បាត​ជំងឺ​កូវីដ​១៩​ដ៏​ខ្លាំង​ក្លា​នៅ​ឡើយ​ដែរ»៕