ក្រសួង​សុខាភិបាល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ឆ្លង​កូវីដ​ក្នុង​រយៈ​ពេល​២​សប្តាហ៍

ពលរដ្ឋ​កម្ពុជា​​ពាក់ម៉ាស់​ ក្នុង​អំឡុង​ពេល​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី៤ ខែ​មីនា​ ឆ្នាំ២០២១។ (ហ៊ាន​ សុជាតា​/វីអូអេ)

មន្រ្តី​ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​ស្ថាន​ភាព​ជំងឺ​កូវីដ​១៩​ឆ្លង​ក្នុង​សហគមន៍២០​កុម្ភៈ ​មិន​ទាន់​ធូរ​ស្បើយ​នៅ​ឡើយ​ទេ ហើយ​អំពាវ​នាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​កាត់​ផ្តាច់​ការ​ចម្លង​ទ្រង់ទ្រាយ​ធំ​នេះ។

នៅ​ថ្ងៃ​ច័ន្ទ​នេះ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា​មនុស្ស​១៨​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​នេះ ដែល​នាំ​ឲ្យ​ករណី​ឆ្លង​សរុប​ក្នុង​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​២០​កុម្ភៈ មាន​ចំនួន​៨១០​ករណី ហើយ​ក្នុង​នោះ​មាន​ម្នាក់​ស្លាប់។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយនៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ លោកស្រី​ ឱ វណ្ណឌីន​ រដ្ឋ​លេខាធិការ​និង​ជា​អ្នក​នាំពាក្យ​របស់​ក្រសួង​សុខាភិបាល បាន​ថ្លែង​ថាជោគ​ជ័យ​នៃ​ការ​កាត់​ផ្តាច់​ការឆ្លង​នេះ អាស្រ័យ​លើ​ការចូលរួម​របស់​ប្រជា​ពល​រដ្ឋ​ទាំង​អស់​គ្នា ដូច​ជា​ការ​ពាក់ម៉ាស់ រក្សា​គម្លាត និង​មិន​ធ្វើ​ដំណើរ​ទៅ​ណា បើ​មិន​ចាំបាច់។

លោក​ស្រី​បន្ត​ថា​ពី​ដំបូង​ឡើយ​ពេល​ឆ្លង​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​សហ​គមន៍ ប្រជា​ពលរដ្ឋ​នៅ​បន្ត​ចេញ​ទៅ​ក្រៅ ជួបជុំ​គ្នា និង​រៀបចំ​ពិធី​ផ្សេងៗ ដែល​លោក​ស្រី​ចាត់​ទុក​ថា​នេះ​ជា​ការ​«ធ្វេស​ប្រហែស»មួយ។

លោកស្រី​ថ្លែង​ថា៖ «គឺ​គាត់​មិន​ខ្លាច គាត់​នៅ​តែ​គិត​ថា​ការ​ជួប​ជុំ​របស់​គាត់ គឺ​សំខាន់​ជាង​ការ​ឆ្លង​នូវ​វីរុស​កូវីដ​១៩ អាហ្នឹង​បើ​យើង​និយាយ​ឲ្យ​អស់។​ គាត់​មិន​បាន​ថ្លឹង​ថ្លែង​ចាប់​យក​នៃ​ការ​ចម្លង​នូវ​វីរុស​កូវីដ​១៩​ខ្ពស់»។

អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​រូប​នោះ​ឲ្យ​ដឹង​ទៀត​ថា​វីរុសកូវីដ​១៩​បម្លែង​ថ្មី​«កំពុង​ចរាចរណ៍​យ៉ាង​សកម្ម»ក្នុង​ប្រទេស ដែល​នាំ​ឲ្យ​មាន​ការ​ឆ្លង​រហ័ស និងស្ថាន​ភាព​អ្នក​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ។

លោក​ស្រី​អំពាវនាវជា​ថ្មី​ឲ្យ​ប្រជា​ពលរដ្ឋ​បន្ត​រក្សា​វិធាន​ការ​សុខភាពក្នុង​រយៈ​ពេល​២សប្តាហ៍​ពី​នេះ​ត​ទៅ​ ដើម្បី​កាត់​ផ្តាច់​ខ្សែ​ចម្លង។

លោកស្រី​បន្ថែម​ថា៖ «អញ្ចឹង​ក្នុង​រយៈ​ពេល​២​សប្តាហ៍​នេះ​ យើង​នឹង​តាម​ដាន​មើល។ ប្រសិន​បើ​បង​ប្អូន​ចូល​រួម​អនុវត្ត​បាន​នៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​នេះ សម្រាប់​ខ្ញុំ​បុគ្គល​ខ្ញុំ​ អ្នក​បច្ចេក​ទេស ខ្ញុំ​រំពឹង​ថា​ស្ថានភាព​ ជា​ពិសេស​ករណី​វិជ្ជមាន​នៃ​ករណី​ឆ្លង នឹង​ថយ​ចុះ​ជា​បណ្តើរ​ៗ ហើយ​យើង​នឹង​អាច​ឈានចូល​ទៅ​ដល់​ការបញ្ចប់​នូវ​ការ​ចម្លង​បាននៅ​ក្នុង​ពេល​ឆាប់ៗ»។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ដដែល លោក​ កើត រិទ្ធ រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​បាន​អនុម័ត​អនុក្រឹត្យ​មួយ​ដែល​និយាយ​អំពី​ការ​ព្រមាន​និង​ការ​ផាក​ពិន័យ​ជា​ប្រាក់ ប្រសិន​បើ​មិន​ពាក់​ម៉ាស់។ ប៉ុន្តែ​លោក​ថា​មិន​ទាន់​មាន​មាន​ការតម្រូវ​ជា​កាតព្វកិច្ច​ទូទៅ​ឲ្យ​ពាក់​ម៉ាស់​នោះ​ទេ ហើយ​ក្រសួងសុខាភិបាល​នឹង​សម្រេច​ថា​តើ​នៅ​ពេល​ណា ដែល​តម្រូវ​ឲ្យ​ពាក់​ម៉ាស់ទូទៅ ឬ​នៅ​កន្លែង​ណា។

លោក​មាន​ប្រសាសន៍​ថា៖ «បើ​សិន​ជា​មាន​សេចក្តី​សម្រេច​របស់​ក្រសួង​សុខាភិបាល​ ដោយ​កំណត់​ថា​បុគ្គល​ណា​ ដែល​ត្រូវ​ជាប់​កាតព្វកិច្ច​ពាក់​ម៉ាស់។ ទី​កន្លែង​ណា​ខ្លះ​ដែល​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការ​ពាក់​ម៉ាស់ ដែល​ផ្អែក​តាម​កម្រិតនៃ​ការ​ឆ្លង​រាល​ដាល​នៅ​ពេល​ណា​មួយ​នោះ។ ទោះ​បី​ជា​ត្រូវ​មាន​ទោស​ គឺ​ចាប់​ផ្តើមពី​ដំបូង គឺ​ការ​ព្រមាន​សិន»។

​អនុ​ក្រឹត្យ​ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ស្តីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ចែង​ថា​អ្នក​មិន​ពាក់​ម៉ាស់​តាមការ​ណែនាំ​របស់​ក្រសួង​សុខា​ភិបាល នឹង​ត្រូវ​ព្រមាន​ពី​អាជ្ញាធរ​ជា​មុន​សិន ហើយ​បើ​នៅ​តែ​រឹង​ទទឹង​មិន​ព្រម​ពាក់ម៉ាស់​ទៀត នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ចន្លោះ​ពី​២០​ម៉ឺន​រៀល​ទៅ​១​លាន​រៀល។

កាល​ពី​សប្តាហ៍​មុន ច្បាប់​ស្ដីពី​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​១៩ ត្រូវ​បាន​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​ជា​បន្ទាន់។ ច្បាប់​នេះ​ចែង​ពី​ការ​ដាក់​ទណ្ឌកម្ម​រដ្ឋបាល​និង​ព្រហ្មទណ្ឌ​លើ​«បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល វិធានការ​រដ្ឋបាល ឬ​វិធានការ​ផ្សេង​ទៀត​ដែល​ដាក់​ចេញ​តាម​ច្បាប់​នេះ»។ អ្នក​បំពាន​គេច​វេះ​ពី​ការ​ធ្វើ​ចត្តាឡីស័ក​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ដល់​ទៅ​ដល់​៣​ឆ្នាំ បើ​សិន​ជា​បាន​ចម្លង​វីរុស​ដល់​អ្នកដទៃ​អំឡុង​ការ​បំពាន។

លោក យង់ គិមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល ហើយ​ត្រូវ​មក​ធ្វើ​តេស្ត​រក​វីរុស​នេះ ប្រសិន​បើ​គិត​ថា​ខ្លួន​មាន​សញ្ញាណ​នៃ​ជំងឺ​កូវីដ​១៩ ដោយ​លោក​បារម្ភ​ថា​ប្រជា​ពលរដ្ឋ​រស់​នៅ​ជាមួយ​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន។

លោក​ថ្លែង​ថា៖ «ជួន​កាល​គាត់​នៅ​តែ​មិន​ជឿ​ថា​អាហ្នឹង​ជា​កូវីដ​ហើយ​គាត់​នៅ​តែ​គិត​ថា​ជា​ជំងឺ​ផ្សេង​ ហើយ​គាត់​អត់​រួស​រាន់​មក​ពេទ្យ»។

លោក យង់ គិម​អេង ក៏​ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់​វិធាន​ការ​ហ្មត់​ចត់​ចំពោះ​ការ​ធ្វើ​ចត្តាឡីស័ក ដោយសារ​ភាគ​ច្រើន​នៃ​ការ​ឆ្លង​កូវីដ​១៩ក្នុង​ប្រទេស​កម្ពុជា ​ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស៕