លិខិតចំហមួយច្បាប់ ដែលចុះហត្ថលេខាដោយអ្នកជំនាញការខាងសុខភាពចំនួន១៥០នាក់កំពុងតែអំពាវនាវឲ្យពន្យារពេល ឬប្ដូរកន្លែងប្រារព្ធកម្មវិធីកីឡាអូឡាំពិកដែលនឹងប្រារព្ធឡើងនៅទីក្រុង Rio de Janeiro ដោយសារតែការឆ្លងរីករាលដាលមេរោគហ្ស៊ីកា។
អ្នកចុះហត្ថលេខាទាំងនោះ ដែលរួមមានទាំងអ្នកជំនាញការមកពីប្រទេសជាង២០ដែលធ្វើការក្នុងវិស័យមួយចំនួនដូចជា វិស័យសុខភាពសាធារណៈ វិស័យសុខាភិបាល និងវិស័យអប់រំបាននិយាយកាលពីថ្ងៃសុក្រថា ការបន្តប្រារព្ធកម្មវិធីកីឡាអូឡាំពិកនេះ គឺជាការមិនទទួលខុសត្រូវ និងគ្មានក្រមសីលធម៌។ ក្នុងចំណោមអ្នកដែលបានចុះហត្ថលេខាទាំងនោះ ក៏មានលោកបណ្ឌិត Philip Rubin ដែលជាអតីតទីប្រឹក្សាផ្នែកវិទ្យាសាស្រ្តនៅសេតវិមានផងដែរ។
លិខិតនោះមានសេចក្តីថា៖ «មេរោគហ្ស៊ីកានៅក្នុងប្រេស៊ីល ផ្តល់ផលប៉ះពាល់ដល់សុខភាព ដែលវិទ្យាសាស្រ្តមិនធ្លាប់ជួបប្រទះពីមុនមកនៅឡើយ»។
មេរោគនេះជាប់ពាក់ព័ន្ធនឹងទារកនៅពេលចាប់កំណើត ដែលធ្វើឲ្យទារកកើតមកមានក្បាលនិងខួរក្បាលតូចជាងធម្មតា។ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ស្ត្រីមានផ្ទៃពោះគួរតែចៀសវាងទៅកាន់តំបន់ណាដែលមានការឆ្លងរីករាលដាលមេរោគហ្ស៊ីកានេះ ដោយរួមបញ្ចូលទាំងនៅក្នុងទីក្រុង Rio de Janeiro ដែលនឹងប្រារព្ធកម្មវិធីប្រកួតកីឡាអូឡាំពិកផងដែរ។
លិខិតនោះមានសេចក្តីបន្ថែមថា៖ «ការប្រឈមនឹងគ្រោះថ្នាក់អាចនឹងកើតមានឡើងនៅពេលដែលជនបរទេសប្រាំសែននាក់មកពីបណ្តាប្រទេសដែលចូលរួមអាចនឹងឆ្លងមេរោគនោះ ហើយត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ ចម្លងទៅមនុស្សដទៃទៀត។ ប្រសិនបើការឆ្លងរាលដាលនេះកើតឡើងចំពោះប្រជាជននៅក្នុងប្រទេសក្រីក្រ ដែលមិនទាន់មានឆ្លងមេរោគនេះនៅឡើយ ដូចជានៅអាស៊ីនិងនៅអាហ្វ្រិកជាដើម នោះទុក្ខវេទនាអាចនឹងធំធេងខ្លាំង»៕