ស្ថាប័នសុខភាពសាធារណៈនានានៅទូទាំងសហរដ្ឋអាមេរិកកំពុងអំពាវនាវឲ្យមជ្ឈមណ្ឌលសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់សហរដ្ឋអាមេរិក កែប្រែឲ្យដូចដើមវិញនូវការផ្លាស់ប្ដូរគោលការណ៍ណែនាំជាសាធារណៈរបស់ខ្លួនស្ដីពីការធ្វើតេស្តរកជំងឺកូវីដ១៩ កាលពីពេលថ្មីៗនេះ។
សមាគម Big Cities Health Coalition និងសមាគម National Association of County and City Health Officials ដែលតំណាងឲ្យមន្ទីរសុខាភិបាលមូលដ្ឋានចំនួនរាប់ពាន់ បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃសុក្រ ទៅកាន់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល CDC និងក្រសួងសុខាភិបាល ដើម្បីស្នើឲ្យស្ថាប័នទាំងពីរកែប្រែការសម្រេចរបស់ខ្លួននៅក្នុងការបញ្ឈប់ការធ្វើតេស្តលើអ្នកណាដែលអាចឆ្លងជំងឺកូវីដ១៩ ប៉ុន្តែមិនមានរោគសញ្ញា។
សមាគមទាំងនោះបានស្នើឲ្យទីភ្នាក់ងាររបស់រដ្ឋាភិបាលសហព័ន្ធទាំងពីរនេះគោរពឡើងវិញតាមអនុសាសន៍របស់ខ្លួនដែលថា អ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ត្រូវតែធ្វើតេស្ត បើទោះបីជាពួកគេគ្មានរោគសញ្ញាក៏ដោយ។
រដ្ឋយ៉ាងហោចណាស់ចំនួន ៣៣ មិនអនុវត្តទៅតាមគោលការណ៍ថ្មីរបស់ CDC ទេ ហើយនៅតែបន្ដស្នើឲ្យធ្វើតេស្តលើអ្នកដែលអាចឆ្លងជំងឺកូវីដ១៩ ទាំងអស់ មិនថាពួកគេមាន ឬគ្មានរោគសញ្ញានោះទេ។ នេះបើយោងតាមការវិភាគមួយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
សាកលវិទ្យាល័យ Johns Hopkins រាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ១៩ ជាង ២៥ លានករណីនៅទូទាំងសាកលលោក។ សហរដ្ឋអាមេរិកមានករណីឆ្លងជំងឺកូវីដ១៩ ជិត ៦ លាន ករណី ប្រេស៊ីលមាន ៣ លាន ៨ សែន ករណី និងឥណ្ឌាមាន ៣ លាន ៥ សែនករណី៕