Your browser doesn’t support HTML5
វ៉ាស៊ីនតោន៖ វិស័យសុខាភិបាលនៃប្រទេសកម្ពុជានឹងមានភាពប្រសើរឡើងនាពេលអនាគត បន្ទាប់ពីមាននិស្សិតកម្ពុជាដែលសិក្សាមុខវិជ្ជាវេជ្ជសាស្ត្រត្រឡប់ចូលក្នុងប្រទេសធ្វើការជាមួយនឹងវេជ្ជបណ្ឌិតនិងគ្រូពេទ្យដែលកំពុងធ្វើការនៅក្នុងប្រទេស។ នេះបើតាមសម្តីរបស់កញ្ញា លី ស៊ីវហួង និស្សិតថ្នាក់បណ្ឌិត ខាងវិទ្យាសាស្ត្រជីវវិទ្យា និងជីវៈវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យហាវដ (Harvard)សហរដ្ឋអាមេរិក ដែលនិយាយនៅក្នុងកម្មវិធីសំឡេងជំនាន់ថ្មីប្រចាំខែរបស់វីអូអេកាលពីថ្ងៃទី១៧ ខែ កុម្ភៈកន្លងទៅនេះ។
«ខ្ញុំមានសុទិដ្ឋិនិយមថា ថ្ងៃក្រោយនឹងមានការប្រែប្រួលល្អជាងមុន ដោយសារតែឥឡូវយើងមានយុវជនជំនាន់ថ្មីៗដូចជាសិស្សពេទ្យល្អៗច្រើនទាំងសិក្សាក្នុងនិងក្រៅប្រទេស។ យ៉ាងហោចណាស់ចំពោះខ្ញុំនិងមិត្តភក្តិខ្ញុំដែលបានមករៀននៅស្រុកគេហ្នឹងសុទ្ធតែចង់ទៅជួយស្រុកខ្មែរវិញ»។
ជាធម្មតាអ្នកដែលរៀនពូកែ បន្ទាប់ពីរៀនចប់ទទួលបានជំនាញច្បាស់លាស់ ជារឿយ រកឱកាសធ្វើការនៅប្រទេសជឿនលឿន តែកញ្ញា លី ស៊ីវហួង បានប្រាប់កម្មវិធីសំឡេងជំនាន់ថ្មីនៃវីអូអេថា កញ្ញាមិនដែលមានចិត្តចង់នៅសហរដ្ឋអាមេរិកទេ។ កញ្ញានិងមិត្តភក្តិរបស់កញ្ញានឹងត្រឡប់ទៅជួយកម្ពុជាឲ្យមានភាពប្រសើរឡើងខាងវិស័យសុខាភិបាល។
កញ្ញា លី ស៊ីវហួង និយាយថា ជីវៈវេជ្ជសាស្ត្រមានប្រយោជន៍ច្រើនក្នុងការជួយលើកកម្ពស់សុខុមាលភាពសង្គម។
«ជីវៈវេជ្ជសាស្ត្រជួយគ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងផ្តល់វិធីព្យាបាលថ្មីៗតាមរយៈលទ្ធផលនៃការស្រាវជ្រាវដើម្បីធ្វើឲ្យសុខភាពមនុស្សកាន់តែប្រសើរ»។
ដូចគ្នានេះដែលនិស្សិត ហេង វិបុល ដែលទើបបានបញ្ចប់ការសិក្សាផ្នែកជីវៈគីមី និងជីវៈរូបវិទ្យាពីសាកលវិទ្យាល័យយ៉េលសហរដ្ឋអាមេរិក ហើយនឹងបន្តការសិក្សាយកបណ្ឌិតខាងផ្នែកជីវៈវេជ្ជសាស្ត្របានប្រាប់វិអូអេខ្មែរតាមទូរសព្ទថា សាលានៅកម្ពុជាគួរជំរុញឲ្យមានការស្រាវជ្រាវ។
«នៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាទ្រឹស្តី គេក៏បានបង្ហាត់បង្រៀនយើងឲ្យចេះធ្វើការស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រដែលអាចជំរុញដល់ការទទួលបានរបកគំហើញអំពីការព្យាបាលជំងឺផ្សេងៗ»។
កញ្ញា លី ស៊ីវហួង បានប្រាប់វីអូអេខ្មែរថា អ្វីដែលវិស័យអប់រំនៅកម្ពុជាផ្តោតការយកចិត្តទុកដាក់នោះគឺ បង្កើនគុណភាព និងបរិមាណសៀវភៅសិក្សា ដែលវិស័យអប់រំនៅកម្ពុជានាពេលនេះកំពុងខ្វះខាត៕