អ្នកស្រី ​Harris ​នឹង​ទប់ទល់​ការ​ទាមទារ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​ទស្សនកិច្ច​នៅ​អាស៊ី​

  • ​Reuters

រូប​ឯកសារ៖ អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី ​Kamala Harris ថ្លែង​នៅ​សេតវិមាន​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ឆ្នាំ​២០២១។

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​អ្នកស្រី ​Kamala Harris ​នឹង​ផ្តោត​លើ​ការ​ការពារ​ច្បាប់​អន្តរជាតិ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ដោយ​ពង្រឹង​ការ​ដឹកនាំ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​តំបន់​និង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​សន្តិសុខ​អំឡុង​ទស្សន​កិច្ច​របស់​អ្នកស្រី​ទៅ​ប្រទេស​វៀតណាម​និង​សិង្ហបូរី​នៅ​ខែ​នេះ។​ នេះ​បើ​តាម​មន្ត្រី​ជាន់​ខ្ពស់​សេតវិមាន​ម្នាក់​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

អ្នកស្រី ​Harris ​គឺ​ជា​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ទីមួយ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​នៅ​ពេល​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ស្វះស្វែង​បង្កើន​ការ​គាំទ្រ​អន្តរជាតិ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​កើន​ឡើង​របស់​ចិន។​

មន្ត្រី​សហ​រដ្ឋ​អាមេរិក​រូប​នេះ​បាន​និយាយ​ទៀត​ថា​ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​មើល​ឃើញ​ប្រទេស​ទាំង​២​ជា​ដៃគូ​ដ៏​សំខាន់​ដោយ​ពិចារណា​អំពី​ទីតាំង​ទំហំ​សេដ្ឋកិច្ច​ចំណង​ទាក់ទង​ពាណិជ្ជកម្ម​និង​ដៃគូ​សន្តិសុខ​លើ​បញ្ហា​នានា​ដូចជា​សមុទ្រ​ចិន​ខាង​ត្បូង​ដែល​ចិន​បាន​ទាមទារ​ស្ទើរ​តែ​ទាំង​អស់។​

វៀតណាម​ដែល​ជា​អតីត​សត្រូវ​របស់​សហ​រដ្ឋ​អាមេរិក​បាន​ក្លាយ​ជា​អ្នក​ប្រឆាំង​យ៉ាង​ខ្លាំង​ដល់​ការ​ទាមទារ​របស់​ចិន​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​ ប្រទេស​នានា​នៅ​ក្នុង​តំបន់​ភាគ​ច្រើន​បាន​ទទួល​ស្វាគមន៍​វត្តមាន​យោធា​របស់​សហ​រដ្ឋ​អាមេរិក​នៅ​ទីនោះ​នៅ​ពេល​ប្រទេស​ចិន​ប្រើ​យោធា​នៅ​ផ្លូវ​ទឹក​និង​កងការពារ​ឆ្នេរសមុទ្រ​និង​ទូក​នេសាទ។

​មន្ត្រី​សេតវិមាន​នេះ​បាន​និយាយ​ថា៖​«យើង​មិន​ចង់​ឃើញ​ប្រទេស​ណាមួយ​ត្រួតត្រា​តំបន់​នោះ​ឬ​ទាញយក​ផល​ប្រយោជន៍​ដោយ​អំណាច​ដើម្បី​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់​ប្រទេស​ដទៃ​ឡើយ។​អ្នកស្រី​អនុ​ប្រធានាធិបតីនឹង​គូស​បញ្ជាក់​ថា​គួរតែ​អនុញ្ញាត​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ទូទាំង​សមុទ្រ​ចិន​ខាងត្បូង​ហើយ​មិន​គួរ​មាន​ប្រទេស​ណា​មួយ​គោរព​សិទ្ធិ​ប្រទេស​ដទៃ​ឡើយ»។​

កងទ័ព​ជើងទឹក​អាមេរិក​បាន​រក្សា​ស្ថិរភាព​នៃ​ប្រតិបត្តិការ​នាវាចរណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​និង​ក្បែរ​កោះ​តៃវ៉ាន់​ប៉ុន្តែ​ហាក់​ដូច​ជា​បន្ថយ​មហិច្ឆតា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​តិចតួច​ប៉ុណ្ណោះ។​ទស្សនកិច្ច​របស់​អ្នកស្រី ​Harris ​ធ្វើ​ឡើង​បន្ទាប់​ពី​ទស្សនកិច្ច​រដ្ឋមន្រ្តី​ការពារជាតិ​លោក ​Lloyd Austin​ កាល​ពី​សប្តាហ៍​មុន​ទៅ​កាន់​ទីក្រុង​ហាណូយដើម្បី​ព្យាយាម​ជំរុញ​ទំនាក់​ទំនង​សន្តិសុខ​ឱ្យ​កាន់តែ​ស៊ី​ជម្រៅ៕​