អ្នកស្រី​ Harris​ ទទួលបាន​សំឡេង​គ្រប់គ្រាន់​ពី​ប្រតិភូ​បក្ស​ប្រជាធិបតេយ្យ​ដើម្បី​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​របស់​បក្ស

អនុប្រធានាធិបតី អ្នកស្រី Kamala Harris ថ្លែងសុន្ទរកថានៅឯការជួបជុំ Sigma Gamma Rho Sorority ក្នុងទីក្រុង Houston រដ្ឋ Texas ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។

អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​អ្នកស្រី​ Kamala Harris ​បាន​និយាយ​ថា​ អ្នកស្រី​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ដើម្បីប្រកួត​ប្រជែង​នឹង​លោក Donald Trump​ មកពី​គណបក្ស​សាធារណរដ្ឋ ​បន្ទាប់ពី​ទទួលបាន​សំឡេង​ឆ្នោត​គ្រប់គ្រាន់​ពី​ប្រតិភូ​គណបក្ស​ប្រជាធិបតេយ្យ​ ដើម្បី​ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​របស់​គណបក្ស។

ប្រធាន​សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​កាលពី​ថ្ងៃសុក្រ​ថា ​អ្នកស្រី​ Harris ​មាន​សំឡេង​ឆ្នោត​គ្រប់គ្រាន់​ហើយ។ ដំណើរការ​បោះឆ្នោត​តាម​អ៊ីនធឺណិត​មិន​ទាន់​បញ្ចប់​ទេ​ ហើយ​នឹង​បន្ត​រហូត​ដល់​ថ្ងៃចន្ទ​ ប៉ុន្តែ​ក្រុម​យុទ្ធនាការ​របស់ ​អ្នកស្រី​ Harris ​បានអបអរ​លទ្ធផល​នេះ​នៅ​ថ្ងៃសុក្រ​ នៅពេល​ដែល​អ្នកស្រី​ទទួលបាន​សំឡេង​ប្រតិភូ​ភាគច្រើន​គ្រប់គ្រាន់​។

អ្នកស្រី ​Harris ​ថ្លែង​ថា ​អ្នកស្រី​ «មាន​កិត្តិយស​ក្នុង​ការក្លាយ​ជា​បេក្ខភាព​សន្មត់​របស់​បក្ស​ប្រជាធិបតេយ្យ​»។

អ្នកស្រី ​Harris ​គឺជា​ស្ត្រី​ដំបូង​គេ​ដែល​មិន​មាន​សម្បុរ​ស​ដែល​ឈរ​ឈ្មោះ​តំណាង​ឲ្យ​បក្សដ៏ធំ​នៅ​ក្នុង​ការបោះឆ្នោត។ សន្និបាត​ជាតិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ទីក្រុង Chicago ​នឹង​ចាប់ផ្តើម​នៅថ្ងៃទី​១៩​ ខែសីហា។