ប្រធានាធិបតីបារាំងលោក Emmanuel Macron មានគម្រោងជួបអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris នៅថ្ងៃពុធនេះ នៅវិមានប្រធានាធិបតីបារាំង Elysee Palace ហើយរបៀបវារៈ រួមមានការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ច សុខភាពសាកល និងសង្វាក់ផ្គត់ផ្គង់ជាដើម។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលអាមេរិកមួយរូប បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃអង្គារថាជំនួបទ្វេភាគីនេះ មានសារៈសំខាន់ ព្រោះទំនាក់ទំនងរវាងអាមេរិក និងបារាំងមានលក្ខណៈសាកល ហើយប្រទេសបារាំង និងសម្ព័ន្ធមិត្តផ្សេងទៀតនៅអឺរ៉ុប ជាកូនសោរសម្រាប់អនាគតរបស់សហរដ្ឋអាមេរិកផងដែរ។
ក្រៅពីជំនួបជាមួយប្រធានាធិបតីបារាំងអ្នកស្រី Harris និងស្វាមី គឺលោក Doug Emhoff នឹងចូលរួមដាក់កម្រងផ្កានៅកន្លែងរំឭកគុណ និងទីបញ្ចុះសពទាហានអាមេរិកនៅ Suresnes នៅជាយក្រុងប៉ារីស នៅទិវាអតីតយុទ្ធជនអាមេរិក និងទិវាយុទ្ធសន្តិភាពបញ្ចប់សង្គ្រាមលោកលើកទី២។ ទីតាំងនេះ ជាកន្លែងបញ្ចុះសពយុទ្ធជនអាមេរិកប្រមាណជិត១.៦០០នាក់ ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២។
អ្នកស្រី Harris និងលោក Macron នឹងចូលរួមបុណ្យយុទ្ធសន្តិភាពនៅថ្ងៃព្រហស្បតិ៍។
ដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកទៅប្រទេសបារាំងនេះ ជាជំហានចុងក្រោយដើម្បីស្តារទំនាក់ទំនងល្អក់កករជាមួយសម្ព័ន្ធមិត្តដ៏យូរនេះ។
ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានធ្លាក់ដល់កម្រិតទាបជាប្រវត្តិសាស្ត្រកាលពីខែកញ្ញា នៅពេលប្រទេសអូស្ត្រាលី បានលុបចោលកិច្ចព្រមព្រៀងទិញនាវាមុជទឹកពីប្រទេសបារាំងតម្លៃ ៦៥ ពាន់លានដុល្លារ ហើយងាកមកចុះកិច្ចព្រមព្រៀងដែលសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងជួយប្រទេសអូស្រ្តាលីធ្វើនាវាមុជទឹកប្រើថាមពលនុយក្លេអ៊ែរ។
លោក Joe Biden បានប្រាប់លោក Macron នៅក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលីកាលពីខែមុនថា សហរដ្ឋអាមេរិក មានភាព«ឆ្គាំងឆ្គង»ក្នុងការចាត់ការរឿងនេះ។
អ្នកស្រី Harris ក៏នឹងចូលរួមតំណាងឲ្យរដ្ឋបាលលោក Biden ក្នុងវេទិកាសន្តិភាពទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍ និងក្នុងសន្និសីទកំពូលស្តីពីប្រទេសលីប៊ី នៅថ្ងៃសុក្រ មុនពេលប្រទេសនោះ ធ្វើការបោះឆ្នោតនៅខែក្រោយ៕
ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះ ដកស្រង់ពីទីភ្នាក់ងារព័ត៌មាន The Associated Press Agence France-Presse និង Reuters។