ក្រុមហាម៉ាស (Hamas) ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនជាតិនិយម បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ខ្លួនបានបាញ់រ៉ុក្កែត ១៣០ គ្រាប់ចូលទីក្រុង Tel Aviv និងតំបន់ជាយក្រុងរបស់ប្រទេសអ៊ីស្រាអែល។ ការបាញ់នេះបានកើតឡើងនៅចំពេលដែលមានការកើនឡើងនៃការប៉ះទង្គិចគ្នាជាមួយប្រទេសអ៊ីស្រាអែល។
បន្ទាប់ពីការបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសនេះ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសជុំថ្មីលើតំបន់ Gaza នៅព្រឹកថ្ងៃពុធនេះ សំដៅលើមូលដ្ឋានប៉ូលិសនិងសន្តិសុខ។
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ Gaza កាលពីថ្ងៃអង្គារ បានសំដៅចំអាគារស្នាក់នៅមួយកន្លែងដែលជាទីតាំងរបស់ការិយាល័យមួយចំនួនរបស់ក្រុមហាម៉ាសផងដែរ។
មុនពេលវាយប្រហារដោយគ្រាប់រ៉ុក្កែតចូលទីក្រុង Tel Aviv កាលពីថ្ងៃអង្គារ ពួកសកម្មប្រយុទ្ធបានបាញ់មីស៊ីលជាង ២៥០ គ្រាប់ដាក់ប្រទេសអ៊ីស្រាអែល ដោយធ្វើឲ្យស្ដ្រី ២ នាក់ស្លាប់។
យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន ២៨ នាក់ ដែលក្នុងនោះមានទាំងកុមារ ៩ នាក់ផងដែរ ត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងតំបន់ Gaza។
មុនពេលមានការវាយប្រហារទាំងនេះកើតឡើង រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា លោក «មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត» ទៅលើប្រទេសអ៊ីស្រាអែល ហើយថា ការវាយប្រហារទាំងនេះគួរតែបញ្ឈប់ «ជាបន្ទាន់»។
អ្នកនាំពាក្យសេតវិមានអ្នកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកថ្កោលទោសការវាយប្រហារដោយគ្រាប់រ៉ុក្កែតរបស់ក្រុមហាម៉ាសនិងក្រុមភេរវជនផ្សេងទៀត ហើយថា ការគាំទ្ររបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden «ចំពោះសន្តិសុខអ៊ីស្រាអែល និងសិទ្ធិស្របច្បាប់របស់អ៊ីស្រាអែលក្នុងការការពារខ្លួននិងប្រជាពលរដ្ឋរបស់ខ្លួន គឺសំខាន់និងមិនអាចកែប្រែបាន»។
អ្នកស្រីបានបន្ថែមថា រដ្ឋបាលសហរដ្ឋអាមេរិកបច្ចុប្បន្នគាំទ្រដំណោះស្រាយឲ្យមានរដ្ឋពីរចំពោះជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនដែលអូសបន្លាយរាប់ទសវត្សរ៍មកនេះ៕