ក្រុមហាម៉ាស់បាននិយាយកាលពីថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មេដឹកនាំរបស់ខ្លួនគឺលោក អ៊ីស្មាអ៊ីល ហានីយ៊េ (Ismail Haniyeh) នៅក្នុងរដ្ឋធានីតេហេរ៉ង់ (Tehran) របស់អ៊ីរ៉ង់ ជាកន្លែងដែលលោក Haniyeh បានធ្វើដំណើរទៅចូលរួមពិធីស្បថចូលកាន់តំណែងប្រធានាធិបតីថ្មីរបស់ប្រទេសអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍របស់ក្រុមហាម៉ាស់ដែលបានបង្ហោះនៅលើបណ្តាញ Telegram របស់ក្រុមសកម្មប្រយុទ្ធនេះបាននិយាយថា លោក Haniyeh ត្រូវបានសម្លាប់នៅឯគេហដ្ឋានមួយក្នុងរដ្ឋធានីអ៊ីរ៉ង់។
កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បាននិយាយថា អង្គរក្សរបស់លោក Haniyeh ម្នាក់ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅព្រឹកព្រលឹមដែរ ហើយឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត។ អ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយភ្លាមៗទេ។
ការស្លាប់របស់លោក Haniyeh កើតឡើងជិត ១០ ខែ បន្ទាប់ពីក្រុមហាម៉ាស់ដែលគាំទ្រដោយអ៊ីរ៉ង់បានបើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូងដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០ នាក់។
អ៊ីស្រាអែលបានឆ្លើយតបជាមួយនឹងយុទ្ធនាការយោធានៅតំបន់ហ្កាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៣៩.៤០០ នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលនៅហ្កាហ្សាដែលមិនបានបញ្ជាក់ឱ្យដាច់ពីគ្នាថា មានក្រុមសកម្មប្រយុទ្ធ និងជនស៊ីវិលប៉ុន្មាននៅក្នុងចំនួនដែលខ្លួនបានកត់ត្រានោះទេ។
លោក Haniyeh បានក្លាយជាប្រធានការិយាល័យនយោបាយក្រុមហាម៉ាស់ក្នុងឆ្នាំ ២០១៧ ហើយបានរស់នៅនិរទេសខ្លួនក្នុងប្រទេសកាតា បន្ទាប់ពីចាកចេញពីតំបន់ហ្កាហ្សាក្នុងឆ្នាំ ២០១៩។
ប្រទេសកាតា ដែលរួមជាមួយអេហ្ស៊ីប និងសហរដ្ឋអាមេរិកបានព្យាយាមចរចាលើបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានហៅការវាយប្រហារនេះថាជា «ការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់»។
ក្រសួងការបរទេសកាតាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការធ្វើឃាតនេះ និងអាកប្បកិរិយាធ្វេសប្រហែសរបស់អ៊ីស្រាអែលក្នុងការបន្តតម្រង់គោលដៅលើជនស៊ីវិលនៅក្នុងតំបន់ហ្កាហ្សានឹងនាំឱ្យតំបន់នេះធ្លាក់ចូលទៅក្នុងភាពវឹកវរ និងធ្វើឱ្យអន្តរាយដល់ឱកាសនាំមកនូវសន្តិភាព»។
នៅពេលត្រូវបានសួរថា តើគាត់អាចបញ្ជាក់បានថា តើអ៊ីស្រាអែលជាអ្នកនៅពីក្រោយការវាយប្រហារនៅទីក្រុងតេហេរ៉ង់ឬយ៉ាងណា ហើយប្រសិនបើអ៊ីស្រាអែលបានជូនដំណឹងដល់សហរដ្ឋអាមេរិកនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានប្រាប់អ្នកយកព័ត៌មាននៅក្នុងប្រទេសហ្វីលីពីនថា៖ «ខ្ញុំមិនមានព័ត៌មានអ្វីសម្រាប់លោកអ្នកអំពីរឿងនេះទេ»។
លោក Austin បាននិយាយថា ស្ថានភាពនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ នៅតែជាក្តីបារម្ភ ហើយថា លោកនឹងបន្តទំនាក់ទំនងជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និងមេដឹកនាំសំខាន់ៗនៅក្នុងតំបន់។
លោក Austin បានថ្លែងថា៖ «យើងនឹងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីធ្វើឱ្យប្រាកដថាយើងរក្សាអ្វីៗមិនឱ្យក្លាយទៅជាជម្លោះកាន់តែទូលំទូលាយនៅទូទាំងតំបន់»។
ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បាននិយាយនៅលើប្រព័ន្ធ X ថា ប្រទេសរបស់លោកនឹងការពារបូរណភាពទឹកដី កិត្តិយស និងមោទនភាព ហើយនិងធ្វើឱ្យអ៊ីស្រាអែល «សោកស្តាយចំពោះទង្វើកំសាករបស់ពួកគេ»។
ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានហៅការសម្លាប់លោក Haniyeh ថាជា «ទង្វើដ៏កំសាក និងការបង្កើនភាពតានតឹងកាន់តែធ្ងន់ធ្ងរ»។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក។
ប្រទេសតួកគីបានថ្កោលទោសអ្វីដែលខ្លួនហៅថាជា «ការធ្វើឃាតដ៏អាម៉ាស់» លើលោក Haniyeh។ ក្រសួងការបរទេសតួកគីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការវាយប្រហារនេះក៏មានគោលបំណងដើម្បីធ្វើឱ្យសង្រ្គាមរីករាលដាលនៅតំបន់ហ្កាហ្សាទៅជាទំហំសង្គ្រាមតំបន់»។
រុស្ស៊ីក៏បានថ្កោលទោសការសម្លាប់លោក Haniyeh ដោយបានហៅថានេះជា «ការធ្វើឃាតនយោបាយដែលមិនអាចទទួលយកបាន»៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះមានប្រភពពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។