អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា មនុស្សជាងពាក់កណ្តាលនៅក្នុងទ្វីបអឺរ៉ុប ត្រូវគេរំពឹងថា នឹងអាចឆ្លងវីរុសកូវីដ១៩ បំប្លែងថ្មីអូមីក្រុង (Omicron) នៅក្នុងរយៈពេល ២ ខែខាងមុខនេះ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
វីរុសអូមីក្រុង ដែលមានលក្ខណៈឆ្លងខ្លាំងនេះ បានឆ្លងរាលដាលដល់ប្រទេសជាច្រើនក្នុងល្បឿនដ៏លឿនបំផុតមួយ ដោយបង្ខំឲ្យរដ្ឋាភិបាលនានា ត្រូវចាត់វិធានការថ្មីៗ និងរួសរាន់ចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋរបស់ខ្លួន។
ទ្វីបអឺរ៉ុប បានក្លាយជាចំណុចស្នូលនៃការផ្ទុះឆ្លងជាថ្មី ដោយករណីចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនិងករណីស្លាប់ដោយសារជំងឺកូវីដ១៩ កំពុងកើនឡើង ហើយអង្គការសុខភាពពិភពលោក បានលើកឡើងកាលពីថ្ងៃអង្គារម្សិលមិញថា វីរុសអូមីក្រុង អាចឆ្លងរាលដាលដល់មនុស្សជាងពាក់កណ្តាលនៅក្នុងទ្វីបអឺរ៉ុប នៅក្នុងកម្រិតអាត្រាឆ្លងនាពេលបច្ចុប្បន្ននេះ។
ប្រធានប្រចាំទ្វីបអឺរ៉ុបរបស់អង្គការសុខភាពពិភពលោកលោក Hans Kluge បាននិយាយថា៖ «វិទ្យាស្ថានវាស់វែងនិងវាយតម្លៃសុខភាព (IHME) បានប៉ាន់ប្រមាណថា មនុស្សជាង ៥០% នៅក្នុងទ្វីបអឺរ៉ុប អាចឆ្លងវីរុសអូមីក្រុងនៅក្នុងរយៈពេលពី ៦ ទៅ ៨ សប្តាហ៍ខាងមុខ»។
អង្គការសុខភាពពិភពលោកនៅទ្វីបអឺរ៉ុប ផ្ដោតលើប្រទេសនិងដែនដីចំនួន ៥៣ ដែលក្នុងនោះមានទាំងប្រទេសមួយចំនួនផងដែរនៅក្នុងតំបន់អាស៊ីកណ្ដាល ហើយលោក Kluge បានបញ្ជាក់ថា ប្រទេសនិងដែនដីចំនួន ៥០ ក្នុងចំណោមនោះ មានករណីឆ្លងវីរុសអូមីក្រុងរួចហើយ។
លោក Kluge បានអះអាងថា វីរុសអូមីក្រុងមានលក្ខណៈឆ្លងខ្លាំងជាងវីរុសកូវីដ១៩ បំប្លែងថ្មីមុនៗ ប៉ុន្តែបានសង្កត់ធ្ងន់ថា «វ៉ាក់សាំង នៅតែបន្តផ្ដល់ការការពារបានល្អប្រឆាំងនឹងអាការៈធ្ងន់ធ្ងរនិងការស្លាប់ដោយសារជំងឺកូវីដ១៩ ដែលក្នុងនោះមានទាំងវីរុសអូមីក្រុងផងដែរ»៕