នៅថ្ងៃអង្គារនេះ ក្រុមមន្ត្រីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានបង្ហាញការបារម្ភសាជាថ្មី ចំពោះការបន្តធ្លាក់ចុះនៃសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ ក្នុងការសម្តែងមតិ និងប្រមូលផ្តុំដោយអហិង្សា ខណៈអាជ្ញាធរមានសមត្ថកិច្ចមួយចំនួនបន្តរឹតត្បិតសិទ្ធិពលរដ្ឋ នាទិវាសិទ្ធិលំនៅដ្ឋានពិភពលោកកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨។
លោកអំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតរបស់អង្គការឃ្លាំមើល និងការពារសិទ្ធិមនុស្សលីកាដូ (Licadho) មានប្រសាសន៍ថា៖
«នៅម្សិលមិញនេះ ជាថ្ងៃដើមសប្តាហ៍ទីមួយ ខែតុលាហ្នឹងគឺជាទិវាសិទ្ធិលំនៅដ្ឋានពិភពលោក អ៊ីចឹងប្រជាពលរដ្ឋមួយចំនួននៅតាមបណ្តាសហគមន៍មួយចំនួន គាត់ប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក។ ហើយមានអាជ្ញាធរមួយចំនួនហ្នឹង គាត់យល់ គាត់ដឹងគឺ គាត់អនុញ្ញាតឲ្យប្រជាពលរដ្ឋហ្នឹងប្រារព្ធទិវាហ្នឹង។ ប៉ុន្តែអាជ្ញាធរមួយចំនួនគឺព្យាយាមរារាំង រឹតត្បិតថា មិនបានសុំច្បាប់ ការជួបជុំហ្នឹងមិនបានសុំច្បាប់ មិនបានជូនដំណឹង ពីព្រោះកន្លែងខ្លះ គាត់ធ្វើជាពិធីបែបសាសនាអី យើងមិនគួរណាឲ្យគាត់ទៅសុំ...អាហ្នឹងគឺជាការរឹតត្បិតមួយ...ទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋមួយបន្ថែមទៀតហើយ»។
លោកស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) មានការបារម្ភអំពីការបាត់បង់នៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា គ្រាមានការបន្តរឹតបន្តឹងសិទ្ធិពលរដ្ឋក្នុងការជួបជុំ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ប្រទេស។
លោកមានប្រសាសន៍ថា៖
«នារយៈពេលចុងក្រោយនេះ ប្រជាពលរដ្ឋមានការលំបាកខ្លាំង ចំពោះការបញ្ចេញមតិរបស់ពួកគាត់ ហ្នឹង ហើយការធ្វើសកម្មភាពផ្សេងៗហ្នឹងត្រូវបានរាំងខ្ទប់ ត្រូវបានរឹតត្បិត ដោយអាជ្ញាធររដ្ឋាភិបាល ដូច្នេះ យើងមានការព្រួយបារម្ភអំពីប្រទេសកម្ពុជាយើងហ្នឹង ថាតើ យើងមិនដឹងថា តើយើងជាប្រទេសមួយដែលមានលទ្ធិប្រជាធិបតេយ្យ ឬក៏មិនមានលទ្ធិប្រជាធិបតេយ្យ ពីព្រោះបើប្រទេសលទ្ធិប្រជាធិបតេយ្យ គេបើកនូវសិទ្ធិសេរីភាពទាំងអស់ហ្នឹងជូនប្រជាពលរដ្ឋ ក៏ប៉ុន្តែរយៈកាលចុងក្រោយនេះ យើងឃើញថា ហាក់ដូចជាដើរផ្ទុយពីនេះបាទ»។
កាលពីថ្ងៃច័ន្ទ អង្គការសិទ្ធិមនុស្សលីកាដូ បានចេញសេចក្តីប្រកាសមួយ ដោយបានលើកឡើងថា សហគមន៍យ៉ាងតិចចំនួនពីរ ត្រូវបានអាជ្ញាធរហាមឃាត់ពីការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោករបស់អង្គការសហប្រជាជាតិ ហើយសហគមន៍ដទៃទៀតលុបចោលគម្រោងប្រារព្ធទិវានេះវិញ ដោយសារភ័យខ្លាចការបង្ក្រាបផ្សេងៗ។
សេចក្តីប្រកាសនេះបន្ថែមថា៖
«សហគមន៍នៅក្នុងរាជធានីភ្នំពេញ រួមទាំងសហគមន៍បុរីកីឡា និងសហគមន៍បឹងកក់ បានប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក ដោយការប្រមូលសំរាម សកម្មភាពកុមារនិងការពិភាក្សាគ្នាលើសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវបានឃ្លាំមើលយ៉ាងតឹងរឹងពីសំណាក់កងសន្តិសុខ ដែលដូចគ្នាការប្រារព្ធទិវានេះកាលពីឆ្នាំមុនៗដែរ»។
អង្គការសិទ្ធិមនុស្សលីកាដូ បានរំឭកទៀតថា កាលពីថ្ងៃសុក្រកន្លងទៅនេះ អាជ្ញាធរបានបញ្ឈប់ការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាននៅសហគមន៍ព្រែកតាគង់៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ នៅពេលអ្នកទាំងនោះចាប់ផ្តើមប្រមូលសំរាម ដោយអាជ្ញាធរបានចោទប្រកាន់ការជួបជុំគ្នានោះថាខុសច្បាប់។ តំណាងសហគមន៍ម្នាក់ត្រូវបានឃាត់ខ្លួន និងបង្ខំឲ្យផ្តិតមេដៃលើលិខិតមួយ ដោយសន្យាថា នឹងមិនរៀបចំព្រឹត្តការណ៍បែបនេះ នៅថ្ងៃខាងមុខទេ បើគ្មានការអនុញ្ញាតពីអាជ្ញាធរ។
ទោះបីមានសេចក្តីរាយការណ៍អំពីរារាំងបែបនេះក្តី នាយឧត្តម ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ការពារចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច ដោយលោកបានអះអាងថា ប្រសិនបើពលរដ្ឋបានសុំការអនុញ្ញាតត្រឹមត្រូវនោះ ការរារាំងនឹងមិនអាចកើតឡើងនោះទេ។
លោកមានប្រសាសន៍ប្រាប់ VOA នៅថ្ងៃអង្គារនេះថា៖
«ខ្ញុំដូចជាបានជម្រាបជូន ជារឿយៗហ្នឹងរឿងការធ្វើនេះ ធ្វើនោះស្អីហ្នឹង ចង់ស្អីៗមានច្បាប់ទាំងអស់ អត់មានកន្លែងណា ដែលយើងអត់ច្បាប់ទេ។ ឧទាហរណ៍ថា គាត់សុំធ្វើបុណ្យ ធ្វើអីចង់ដើរហើរ មានច្បាប់បាតុកម្មតើ... រៀបចំតាមច្បាប់ហ្នឹងទៅទីមួយ។ ហើយគាត់លេងជួនកាល គាត់ចង់ធ្វើ ធ្វើគាត់តែសេរីភាពរបស់គាត់ ត្រូវតែធ្វើបាន គាត់ជាសិទ្ធិមនុស្ស សិទ្ធិអីចឹងទៅ»។
លោកមានប្រសាសន៍ចោទបុគ្គលខ្លះថា បានយកបញ្ហាសិទ្ធិមនុស្សនេះ មកលូកលាន់កិច្ចការផ្ទៃក្នុងរបស់រដ្ឋ។ លោកថ្លែងយ៉ាងដូច្នេះ៖
«ដូចនែយើងដឹងទាំងអស់គ្នាហើយ អ្នកខ្លះគេយកសិទ្ធិមនុស្ស ដើម្បីជាការលូកដៃចូលការងាររបស់រដ្ឋផ្សេងៗក៏មានដែរ ហើយយកការងារសិទ្ធិមនុស្សដើម្បីទៅលូកដៃចូលការងាររដ្ឋរបស់អាជ្ញាធរយើងក៏មានដែរ។ ចឹងសុំឲ្យបងប្អូនទាំងអស់ លោកមេត្តា គួរអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្តីពីការធ្វើបាតុកម្ម ដោយអហិង្សា មិនពិបាកស្អីទេ ដាក់ពាក្យទៅជូនទៅអាជ្ញាធរស្រុកខណ្ឌហ្នឹងទៅ តាមហ្នឹងទៅ មានប៉ុន្មាននាក់? ដើរប៉ុន្មាននាក់? ត្រូវការប៉ុន្មាននាក់គេឲ្យ ប៉ុន្តែ ឃើញ [មិន] ចង់ ចង់តែលើកតែបដា រិះគន់ ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ គេម៉េច...[ទទួលបាន] ហើយជជែកគ្នាទៅ មិនពិបាកទេ»។
ប៉ុន្តែលោកអំ សំអាត ថ្លែងថា តាមច្បាប់ស្តីពីបាតុកម្មនោះ ពលរដ្ឋត្រូវបានតម្រូវឲ្យតែជូនដំណឹងដល់អាជ្ញាធរប៉ុណ្ណោះ។
«តាមការណ៍ពិតទៅក្នុងច្បាប់បាតុកម្ម គេនិយាយអំពីការជូនដំណឹង មែនការសុំទេ ការជូនដំណឹងអំពី ការជួបជុំការប្រមូលផ្តុំ ដើម្បីទាមទារអីមួយ ប៉ុន្តែអានេះ វាស្ថិតនៅក្នុងពិធីការគោរព ការរំឭក និងការគោរពអំពីទិវាសិទ្ធិលំនៅដ្ឋានពិភពលោកដូចទិវាសិទ្ធិមនុស្ស ទិវាសិទ្ធិស្រ្តី ទិវាសិទ្ធិកុមារចឹង ពីព្រោះអានេះ ជាបទដ្ឋានអន្តរជាតិបាទ»។
ចំណែកលោក ស៊ឹង សែនករុណា និយាយថា អាជ្ញាធរទំនងជាចង់បិទបាំងពីរូបភាពអវិជ្ជមានរបស់រដ្ឋាភិបាលតាមការប្រឹងប្រែងខ្ទប់ពលរដ្ឋមិនឲ្យប្រារព្ធទិវាសិទ្ធិលំនៅដ្ឋាន ដែលជាទិវាសាកលនោះ។
«ការណ៍ដែលអាជ្ញាធរធ្វើរបៀបនេះ គឺជារឿងមួយដែលមិនចង់ឲ្យពលរដ្ឋរបស់ខ្លួនហ្នឹង បានធ្វើពិធីហ្នឹងដើម្បីឲ្យអ្នកសារព័ត៌មាន ឬក៏បណ្តាញសង្គមអីហ្នឹងបានដឹង បានឮអំពីបញ្ហារបស់ពួកគាត់ដែលបានជួបប្រទះអីជាដើម។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ ការរឹតត្បិតបែបនេះ កាន់តែធ្វើឲ្យសារព័ត៌មានមានការចាប់អារម្មណ៍ ឬក៏បណ្តាញសង្គមហ្នឹងមានការចាប់អារម្មណ៍ផ្សព្វផ្សាយទៅវិញទេ។ បើសិនជាការសម្របសម្រួលឲ្យពលរដ្ឋបានធ្វើទៅវិញ នោះវាជារឿងដែលប្រសើរ ហើយវាបានមុខមាត់មកដល់សមត្ថកិច្ច ឬក៏ដ្ឋាភិបាលទៅទៀតបាទ»។
អង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ឲ្យដឹងទៀតថា ប្រជាពលរដ្ឋប្រមាណជាង២០០០នាក់ នៃសហគមន៍យ៉ាងតិច៣០ នៅទូទាំងប្រទេស បានគ្រោងរៀបចំព្រឹត្តិការណ៍ផ្សេងៗ ដើម្បីបង្កើនចំណេះដឹងរបស់ប្រជាពលរដ្ឋនៅឆ្នាំនេះ ក្រោមប្រធានបទ «ការគ្រប់គ្រងកាកសំណល់ក្នុងទីក្រុង» ក៏ដូចជា ប្រធានបទប្រចាំឆ្នាំស្តីពី«សិទ្ធិទទួលបានលំនៅដ្ឋានសមរម្យ»។ សកម្មភាពទាំងនេះ កំពុងត្រូវបានរៀបចំឡើងរយៈពេលមួយសប្តាហ៍ គឺចាប់ពីថ្ងៃទី ២៨ ខែកញ្ញា រហូតដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ដែលអ្នកទាំងនោះ ភាគច្រើនជាជនរងគ្រោះនៃការរំលោភយកដីធ្លី និងការបណ្តេញចេញដោយបង្ខំ។
ស្របពេលមានការរារំាងពីសំណាក់អាជ្ញាធរមិនឲ្យពលរដ្ឋប្រារព្ធទិវាសាកលនេះនៅទីក្រុងភ្នំពេញនោះ អង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងដែរថា នៅឯខេត្តសៀមរាបឯណោះ ការជួបជុំរបស់សហគមន៍មួយត្រូវបានអាជ្ញាធរក្នុងតំបន់ហាមឃាត់ ដោយបានចោទប្រកាន់ការជួបជុំគ្នានេះថាខុសច្បាប់ ទោះបីជាអ្នកទាំងនោះបានជូនដំណឹងទៅអាជ្ញាធរទាំងនោះជាមុនរួចហើយ។
កាលពីថ្ងៃច័ន្ទ សហគមន៍ភ្នំក្រោម បានគ្រោងថា នឹងធ្វើការដើរជាក្បួនជុំវិញទីតាំងដែលអ្នកទាំងនោះរស់នៅ ដើម្បីដើររើសសំរាម ក៏ដូចជាពិភាក្សាអំពីសិទ្ធិលំនៅដ្ឋាន។ ទោះបីជាយ៉ាងណាក៏ដោយ សហគមន៍នេះត្រូវបានបង្ខំឲ្យលុបចោលព្រឹត្តិការណ៍នេះវិញ ដោយសារតែការគំរាមកំហែងពីការបង្រ្កាបផ្សេងៗ បើសហគមន៍នៅតែចង់ប្រារព្ធទិវានេះ៕