នាយក​រដ្ឋមន្ត្រី​ហៃទី​លាលែង​ពី​តំណែង

នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry និយាយពេលកំពុងថ្លែងទៅកាន់ប្រទេសជាតិ នៅទីតាំងមិនស្គាល់អត្តសញ្ញាណមួយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ (Prime Minister of the Republic of Haiti via X)

នាយក​រដ្ឋមន្ត្រី​ហៃទី​លោក Ariel Henry នឹង​លាលែង​ពី​តំណែង​នៅ​ក្រោយ​ពេល​ដែល​មាន​ការ​បង្កើត​អាជ្ញាធរ​បណ្ដោះអាសន្ន​មួយ​ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រទេស​ហៃទី​ដែល​ញ៉ាំញី​ដោយសារ​អំពើ​ហិង្សា​រហូត​ទាល់តែ​ដល់​ពេល​ដែល​ការ​បោះឆ្នោត​ថ្មី​រៀបចំ​ឡើង។

ប្រធានាធិបតី​ហ្គីយ៉ាន​លោក Irfaan Ali បាន​ប្រកាស​ដំណឹងនេះ​កាលពី​យប់​ថ្ងៃ​ចន្ទ​នៅ​ក្នុង​រដ្ឋធានី​ឃីងស្តូន​នៃ​ប្រទេស​ហ្សាម៉ាអ៊ីក ដែល​នៅ​ទីនោះ បណ្ដា​មេដឹកនាំ​នៃ​សហគមន៍​ប្រទេស​តំបន់​ការ៉ាអ៊ីប (CARICOM) បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ពិភាក្សា​អំពី​វិបត្តិ​នៅ​ក្នុង​ប្រទេស​ហៃទី។ លោក Ali ធ្វើ​ជា​ប្រធាន​ប្ដូរវេន​នៃ​សហគមន៍ CARICOM នេះ។

សហគមន៍ CARICOM បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ដោយ​បញ្ជាក់​ថា ក្រុមប្រឹក្សា​អន្តរកាល​នេះ​នឹង​មាន​សមាជិក ៧ នាក់ ដោយ​ក្នុង​នោះ ៦ នាក់ តំណាង​ឱ្យ​ក្រុម​នយោបាយ​ចម្រុះ​របស់​ប្រទេស​ហៃទី និង​ម្នាក់​ទៀត​តំណាង​ឱ្យ​វិស័យ​ឯកជន។ ក្រៅពី​នេះ​គឺ​មាន​សមាជិក​ដែល​មិន​មាន​សិទ្ធិ​បោះឆ្នោត ២ នាក់​ទៀត​មកពី​ខាង​សង្គម​ស៊ីវិល។ ក្រុមប្រឹក្សា​អន្តរកាល​នេះ​នឹង​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ថ្មី​និង​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​ការ​បោះឆ្នោត​ប្រធានាធិបតី​បន្ទាប់។

សហគមន៍ CARICOM បាន​លើកឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​ថា៖ «ប្រជាពលរដ្ឋ​ហៃទី​សក្តិសម​នឹង​ទទួល​បាន​ប្រទេស​មួយ​ដែល​កុមារ​អាច​ទៅ​រៀន​ហើយ​ឪពុកម្ដាយ​ពួកគេ​ដឹង​ថា​ពួកគេ​នឹង​មាន​សុវត្ថិភាព។ យើងខ្ញុំ​សូម​សរសើរ​ឆន្ទៈ​និង​ភាព​ក្លាហាន​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ហៃទី​ដែល​តាំងចិត្ត​ធ្វើ​ឱ្យ​ហៃទី​ត្រឡប់​មក​រក​មាគ៌ា​ឆ្ពោះ​ទៅរក​លទ្ធិ​ប្រជាធិបតេយ្យ ស្ថិរភាព និង​វិបុលភាព​ឡើងវិញ»។

ការ​ប្រកាស​អំពី​ការ​លាលែង​ពី​តំណែង​របស់​លោក Henry នេះ បាន​ធ្វើឡើង​ក្នុង​ពេល​ប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក​បន្ទាប់ពី​យន្តហោះ​របស់​លោក​ត្រូវបាន​បង្ខំ​ឱ្យ​ចុះចត​នៅ​ដែនដី Puerto Rico របស់​សហរដ្ឋ​អាមេរិក នៅ​ពេល​ដែល​យន្តហោះ​នោះ​ត្រូវបាន​បដិសេធ​មិន​ឱ្យ​ចុះចត​នៅ​ក្នុង​ប្រទេស​ដូមីនីក ដែល​ទឹកដី​ប្រទេស​នេះ​មួយ​ផ្នែក​ស្ថិត​នៅ​លើ​កោះ Hispaniola ដូច​ប្រទេស​ហៃទី​ដែរ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។