ការ​បាញ់សម្លាប់​រង្គាល​​នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ​បណ្តាល​ឱ្យមនុស្ស​រាប់​សិប​នាក់​ស្លាប់ ​រួមទាំង​កុមារ​ជាច្រើន​នាក់​ផង​ដែរ

ក្រុម​ជួយសង្គ្រោះ​បន្ទាន់​ចូល​ជួយ​ជនរងគ្រោះ​ម្នាក់នៅ​មណ្ឌល​ថែទាំ​កុមារ​ដែល​រងការ​វាយប្រហារ​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅ​ក្រុង Nongbua Lamphu ភាគខាង​ជើង​ប្រទេសថៃ។ (រូបថត AP)

មនុស្ស​យ៉ាងហោច​ណាស់​ ៣៨​នាក់​ រួម​ទាំង​កុមារ២៤​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​និង​កាំបិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​មជ្ឈមណ្ឌល​ថែ​ទាំ​កុមារ​មួយនៅ​ភាគខាង​ជើង​ប្រទេស​ថៃ។​ នេះ​ជា​ការ​បាញ់​សម្លាប់​រង្គាល​ដ៏​ប្រល័យ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុតមិន​ធ្លាប់​មាន​នៅក្នុង​ប្រទេស​នេះ​បង្ក​ឡើង​ដោយ​បុគ្គល​ម្នាក់។​ ហេតុការណ៍​បាញ់​សម្លាប់​រង្គាលនេះ​បាន​កើត​ឡើង​នៅ ​ខេត្ត​ Nong Bua Lam Phu​ ចម្ងាយ​ប្រហែល​៤៨២​ គីឡូម៉ែត្រ​ភាគខាង​ជើង​នៃ​រាជធានី​បាងកក។​

អាជ្ញាធរ​ក្នុង​តំបន់​បាន​កំណត់​អត្ត​សញ្ញាណ​ខ្មាន់​កាំភ្លើង​នោះ​ដែល​មាន​ឈ្មោះថា Panya Kamrab​ ដែល​ជា​អតីត​មន្ត្រី​ប៉ូលិស​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​ឆ្នាំមុន​ ដោយ​សារ​តែ​ជន​នេះ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ជួញ​ដូរ​គ្រឿង​ញៀន។​

ខ្មាន់​កាំភ្លើង​អាយុ​៣៤​ឆ្នាំ​នេះ​ដំបូង​បាន​រត់​គេច​ខ្លួន​ដោយ​ជិះ​រថយន្ត​ម៉ាក​ Toyota ​ pick-up ​ពណ៌​ស ​ប៉ុន្តែ​លោក​វរសេនីយ៍​ឯក​ Jakkapat ​Vijitraithaya ​មក​ពី​ខេត្ត​នេះ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ថា​ ខ្មាន់​កាំភ្លើង​ក្រោយ​មក​បាន​សម្លាប់​ខ្លួន ប្រពន្ធ ​និង​កូន។ ​ មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​នេះ​កំពុង​ស្ថិត​ក្រោមការស៊ើប​អង្កេត។

មនុស្ស​ប្រមូល​ផ្តុំ​គ្នា​នៅ​ខាងក្រៅ​មណ្ឌល​ថែទាំ​កុមារ​ទីដែល​រងការ​វាយប្រហារ​កាលពី​ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅ​ក្រុង Uthai Sawan ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ៥០០គីឡូម៉ែត្រ​ពី​ទីក្រុង​បាងកក ប្រទេសថៃ។ (រូបថត Reuters)

នៅក្នុង​សារ​មួយ​បង្ហោះលើ​បណ្តាញ​សង្គម Facebook នាយករដ្ឋ​មន្ត្រី​ថៃ​លោក​ Prayut Chan-o-Cha ​បាន​ហៅ​ឧបទ្ទវហេតុ​នេះ​ថា ​«គួរ​ឱ្យ​តក់​ស្លុត» ​ហើយ​លោក​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀម​ក្រំ​បំផុត​ចំពោះ​ក្រុម​គ្រួសារ​នៃ​អ្នក​ស្លាប់និង​របួស។​

លោក​បាន​បញ្ជា​ឱ្យ​ក្រុម​អ្នក​ស៊ើប​អង្កេត​ធ្វើការ​ស៊ើបអង្កេតរក​មូលហេតុ​នៃ​ការវាយប្រហារ​នេះ​ជា​អាទិភាព។ ​ ក្រោយ​មក​ អ្នក​នាំ​ពាក្យ​របស់​លោក​បាន​បញ្ជាក់​ថា ​លោក​នាយក​រដ្ឋមន្ត្រី​នឹង​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ Nong Bua Lampu ​នៅ​ថ្ងៃ​សុក្រនេះ។ ​ខេត្ត​ Nong Bua Lamphu​ ស្ថិត​នៅ​ភាគ​ឦសានប្រទេស​ថៃ​ ដែល​ខេត្តនេះ​ត្រូវ​បាន​អាជ្ញាធរ​ទេសចរណ៍​ប្រទេស​ថៃ​ពិពណ៌នា​ថា​ ជាខេត្ត​«ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ»។ ខេត្ត​នេះ​ស្ថិត​នៅ​ភាគ​ឦសានប្រទេស​ ហើយ​ព្រៃឈើ​នៅ​ខាង​ក្រៅ​ទីរួម​ខេត្ត​គឺ​ជា​កន្លែង​សម្រាប់​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ធ្វើសមាធិ​ដ៏​ល្បីល្បាញ​បំផុត។​ ប៉ុន្តែ​មិន​មាន​អ្វី​ស្ងប់​ស្ងាត់​អំពីឧប្បត្តិ​ហេតុកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នោះ​ទេ។ ​

អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ថា ​អតីត​មន្ត្រី​ប៉ូលិស​រូប​នេះ​កំពុង​ប្រឈមនឹង​ការ​កាត់​ទោស​ពាក់ព័ន្ធ​នឹង​គ្រឿង​ញៀន ​ហើយ​បាន​ឡើង​តុលាការ​ជា​ច្រើន​ម៉ោង​មុន​ពេល​មាន​ការ​បាញ់​ប្រហារ​នេះ។

មន្ត្រីស្រុក​មួយ​រូប​អ្នកស្រី ​Jidapa Boonsom ​បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​ Reuters​ ថា​ ខ្មាន់​កាំភ្លើង​បាន​ចូល​ទៅ​ក្នុង​មណ្ឌល​ថែទាំ​កុមារ​នៅ​ក្រុង Uthai Sawan​ ពេល​ម៉ោង​បាយ​ថ្ងៃត្រង់ មុន​នឹង​ជននោះ​បាន​បាញ់​ប្រហារ​លើ​បុគ្គលិក​នៅ​ទីនោះ​ចំនួន​៤​ឬ​៥នាក់ ​រួមទាំង​គ្រូ​បង្រៀន​ម្នាក់​ដែល​មាន​ផ្ទៃពោះ​៨ខែ ​មុននឹង​ជននោះ​បាន​ទៅ​បន្ទប់​បិទទ្វារ​ចាក់​សោរ​មួយ​ ទីដែល​កុមារ​កំពុង​គេង ​ហើយ​បាន​សម្លាប់​កុមារ​ទាំង​នោះ។​ ជនរងគ្រោះ​ដែល​ត្រូវ​បាន​វាយ​ប្រហារ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ រួម​មាន​ទាំង​កុមារ​អាយុ​២ឆ្នាំ​ផងដែរ។​

ប៉ុន្តែ​ចំនួន​អ្នក​ដែល​ត្រូវ​បាន​សម្លាប់​អាច​មាន​ច្រើន​ជាង​នេះ។ ​ឪពុកម្តាយ​ជាច្រើន​មិន​បាន​យក​កូន​ទៅ​មណ្ឌល​ថែទាំ​កុមារ​ទេ​ ដោយសារ​តែ​អាកាសធាតុ​អាក្រក់ ​ក្នុង​អំឡុង​ពេល​រដូវ​មូសុង​វស្សា​ដែល​មាន​អាកាសធាតុ​សើម ​និង​ភ្លៀងធ្លាក់​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​ថៃ។​ ចាប់តាំង​ពីពេល​នោះ​មក ​រូបភាព​នានា​បាន​លេច​ឡើង​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​បង្ហាញ​ពី​កុមារ ​និង​មនុស្ស​ពេញវ័យ​ដេក​ក្នុង​ថ្លុក​ឈាម​នៅ​លើ​ឥដ្ឋ ​បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​នេះ។​

សាក្សី​ដែល​ឃើញ​ផ្ទាល់​ភ្នែក​និយាយ​ថា ​ខ្មាន់​កាំភ្លើង​ដែល​មាន​ឈ្មោះ ​Kamrab​ មានអាវុធ​ជា​ច្រើន​ជាប់​នឹង​ខ្លួន​ រួម​មាន​កាំភ្លើង​ខ្លី ​កាំភ្លើង​វែង​ និង​កាំបិត​ធំ​មួយ។

មេបញ្ជាការប៉ូលិស​ថៃ​លោក​ឧត្តមសេនីយ៍ ​Damrongsak Kittiprapas ​បាន​បញ្ជាក់​ថា ​ខ្មាន់​កាំភ្លើង​បាន​ប្រើប្រាស់​កាំភ្លើង​ខ្លី​កាណុង​ទំហំ​៩​មីលីម៉ែត្រ ​ដែល​ជា​កម្ម​សិទ្ធិ​ស្របច្បាប់​របស់​ជន​នោះ​ក្នុង​ការ​បាញ់​ប្រហារ​ ​ហើយ​បាន​និយាយ​ថា​ លោក​ជឿថា​ ខ្មាន់​កាំភ្លើង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ថ្នាំ​ញៀន​អំហ្វេតាមីន​នៅពេល​នោះ។

ក្រណាត់គ្របសាកសពជនរងគ្រោះជាកុមារនៅមណ្ឌលថែទាំកុមារទីដែលរងការវាយប្រហារកាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅក្រុង Nongbua Lamphu ប្រទេសថៃ។ (រូបថា AP)

ការ​សង្ស័យ​ជុំវិញ​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត

មាន​ការ​សង្ស័យ​ជុំវិញ​បញ្ហា​សុខ​ភាព​ផ្លូវចិត្ត ​បើ​ទោះ​បី​ជា​ការ​ស៊ើបអង្កេត​នៅ​កំពុង​បន្ត​ធ្វើ​ឡើង​នៅឡើយ។​ មាន​ការ​ចោទសួរ​ជុំវិញ​ការ​សង្ស័យ​ពី​ស្ថានភាព​សុខភាព​ផ្លូវចិត្ត​របស់​ខ្មាន់​កាំភ្លើង​រូប​នោះ។ ​របាយ​ការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​បាន​ឱ្យ​ដឹង​ថា ​ប្រជាជន​ប្រមាណ​១,៥​លាន​នាក់នៅ​ក្នុង​ប្រទេស​ថៃ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។​

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ​Apichat Jariyavilas​ ដែល​ជា​ពេទ្យ​ចិត្តសាស្ត្រ​នៅ​ឯ​មន្ទីរពេទ្យ​ Vejthani ​ក្នុង​ទីក្រុង​បាងកក​បាន​និយាយ​ថា​ ការ​យល់​ដឹងនិងជំនួយ​សុខភាព​ផ្លូវ​ចិត្ត​បាន​កើន​ឡើង​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​នៅ​ក្នុង​ប្រទេស​ថៃ។​

លោក​វេជ្ជបណ្ឌិត ​Apichat Jariyavilas ​បាន​ប្រាប់ ​VOA​ ថា៖​ «មនុស្ស​យល់​ដឹង​កាន់​តែ​ច្រើនពី​សុខភាព​ផ្លូវចិត្ត​ ហើយ​តាម​រយៈប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រជាជន​ថៃ​ប្រាប់​គ្នា​ទៅវិញ​ទៅមក ​ហើយ​មនុស្ស​ជា​ច្រើន​យល់​ដឹងថា ​ជំងឺ​ផ្លូវ​ចិត្ត​គឺជា​ផ្នែក​មួយ​នៃ​បញ្ហា​សុខភាព​ដែល​ពួក​គេ​អាច​ស្វែង​រក​ជំនួយ។ ​ប្រជាជន​ថៃ​ស្វែង​រក​ជំនួយ​សុខភាព​ផ្លូវ​ចិត្ត​ច្រើន​ជាង​ពេល​មុន»។​

ការ​បាញ់​សម្លាប់​រង្គាល

ការ​បាញ់​សម្លាប់​រង្គាល​កម្រ​កើត​មាន​ឡើង​ណាស់​នៅ​ក្នុង​ប្រទេស​ថៃ ​ប៉ុន្តែ​នេះ​ជា​ឧបទ្ទវហេតុ​ទីពីរ​ហើយ​ក្នុង​រយៈ​ពេល​ជិត​បី​ឆ្នាំ​កន្លង​មក​នេះ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់។ ក្នុង​ឆ្នាំ ​២០២០​ ទាហាន​ថៃ​ម្នាក់​បាន​បាញ់​សម្លាប់​មនុស្ស ​២៩ ​នាក់ ​និង​ធ្វើ​ឲ្យ​មនុស្ស​៥៨​នាក់​ទៀត​របួស​នៅ​ជំរុំ​យោធា​និង​នៅ​ផ្សារ​ទំនើប​មួយ​ក្នុង​ខេត្ត​ Nakhon Ratchasima ​មុន​ពេល​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​អាជ្ញាធរ។ ​ការ​បាញ់​ប្រហារ​នា​ពេល​នោះ​គឺ​ជាការ​បាញ់​សម្លាប់​រង្គាល​ដ៏​ប្រល័យ​ដែល​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ថៃ។​

លោក ​Phil Robertson ​នាយករង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​នៅ​ទីក្រុង​បាងកក​មាន​ប្រសាសន៍​ថា ​ប្រទេស​ថៃ​មាន​បញ្ហា​កាំភ្លើង ​ហើយ​ចាំបាច់​ត្រូវ​មាន​វិធានការ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ។​

លោក​បាន​ប្រាប់​វីអូអេ​តាម​សារ​អ៊ីមែល​ថា​ «នេះ​គឺ​ជា​សោកនាដ​កម្ម​ដែល​មិន​នឹក​ស្មាន​ដល់​ ដែល​តម្រូវ​ឱ្យ​មាន​វិធានការ។​ អ្វី​ដែល​ច្បាស់​គឺ​ប្រទេស​ថៃ​សម្បូរ​កាំភ្លើង​មាន​ទាំង​កាំភ្លើង​ចុះ​បញ្ជី​ស្រប​ច្បាប់ ​និង​ខុស​ច្បាប់ ​ហើយ​នេះ​ជា​ការ​បាញ់​ប្រហារ​សម្លាប់​រង្គាល​លើក​ទី​ពីរ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ។ ​ដល់​ពេល​ដែល​ប្រទេស​ថៃ​ត្រូវ​ភ្ញាក់​ខ្លួន​ ហើយ​ដឹង​ថា​ ​ការ​ការពារ​ប្រជាជន​របស់​ខ្លួន​មាន​ន័យថា ប្រទេស​នេះ​ត្រូវ​គ្រប់គ្រង​ស្ថាន​ការណ៍​នេះ​ឱ្យ​បាន​ ជាជាង​ចាត់​ទុក​រឿង​នេះ​ថា​ ជា​ឧប្បត្តិ​ហេតុ​មួយ​ដែល​អាច​ប្រងើយ​កន្តើយបាន»។​

លោក Phil Robertson ​បាន​ថ្លែងថា៖«រដ្ឋាភិបាល​ថៃ​មិន​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​មាន​បញ្ហា​ដោយសារ​កាំភ្លើងយ៉ាងច្រើន​សន្ធឹក​សន្ធាប់​នៅ​ក្នុង​សហគមន៍​ទូទាំង​ប្រទេស​នោះ​ទេ ​ប៉ុន្តែ​ឧបទ្ទវហេតុ​នេះ​ប្រហែល​អាច​ជា​ការ​ដាស់​តឿន​មួយ​ថា​ ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើត​យុទ្ធសាស្រ្ត​ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​សោក​នាដកម្ម​បែប​នេះ​កើតមាន​ឡើង​ទៀត​នា​ពេល​អនាគត»។ ​

លោក ​Jon Ungphakorn ​អតីត​សមាជិក​ព្រឹទ្ធ​សភា​ថៃ ​បាន​បង្ហោះ​នៅ​លើ ​Facebook​ ថា ​ប្រទេស​ថៃ​គួរ​តែ​មាន​ការ​រឹត​បន្តឹង​លើ​ការ​គ្រប់គ្រង​កាំភ្លើងឱ្យ​បានតឹងរ៉ឹង ​ដូច​ជា​ប្រទេស​ជប៉ុន ​អង់គ្លេស ​និង​បណ្តា​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត៕

ប្រែសម្រួលដោយលោក ពិន ស៊ីសុវណ្ណ និងអ្នកនាង ស្រេង លក្ខិណា