សហគមន៍​ខ្មែរ​បារម្ភ​នឹង​ហិង្សា​ដោយ​អាវុធ​ និង​ខិតខំ​បង្ការ

រូបឯកសារ៖ អនុប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris ធ្វើ​ទស្សនកិច្ច​នៅ​កន្លែង​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ក្នុង​ការបាញ់​សម្លាប់​​មួយ​ដែល​បាន​បង្កើត​នៅ​ខាង​ក្រៅ​កន្លែង​បង្រៀន​រាំ Star Dance Studio ក្នុង​ទីក្រុង Monterey Park រដ្ឋ California កាលពី​ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

ការបាញ់​ប្រហារ​យ៉ាងធំ​ចំនួន​ពីរ​ដោយ​ឡែក​ពី​គ្នា​នៅ​សហគមន៍​អាស៊ី​ ក្នុង​ទីក្រុង ​Half Moon Bay និង​ទីក្រុង​ Monterey Park ​រដ្ឋ​ California ​ដែល​បាន​កើតឡើង​នៅ​ចន្លោះ​តែ​២​ថ្ងៃ ​ពីគ្នា​កាលពី​ចុង​ខែ​មករា​បាន​សម្លាប់​មនុស្ស​អស់​១៨​នាក់​ និង​បង្ក​របួស​១០​នាក់​ទៀត។​

​ការវាយ​ប្រហារ​នៅ​ទីក្រុង​ Monterey Park ​កើត​ឡើងនៅ​ក្លឹប​រាំ​កម្សាន្ត​មួយ​នៅ​យប់​ថ្ងៃ​ទី​២១​ ខែ​មករា​ គឺ​មួយ​ថ្ងៃ​មុន​ចូល​ឆ្នាំ​ថ្មី​ចន្ទគតិ។ ជន​សង្ស័យ​ថាជាអ្នកបាញ់នោះ​ឈ្មោះ​ Huu Can Tran មាន​អាយុ​៧២​ឆ្នាំ ​និងបាន​សម្លាប់​មនុស្ស​ចំនួន​១១​នាក់​និង​របួស​៩​នាក់។​ បុរស​ជា​ជនសង្ស័យ​នោះ​បាន​ស្លាប់​ក្រោយមក​ដោយ​ធ្វើ​អត្តឃាត​ពេល​ប៉ូលិស​ព័ទ្ធជាប់។​

ការវាយប្រហារ​ដ៏​ប្រល័យ​នៅ​កសិដ្ឋាន​ចំនួន​ពីរ​កន្លែង​កើត​ឡើង​នៅ​រសៀលថ្ងៃ​ទី២៣​ខែ​មករាដោយ​ជនសង្ស័យ​តែ​ម្នាក់​ឈ្មោះ Zhao Chunli​ ដែល​មាន​អាយុ​៦៦​ឆ្នាំបាន​សម្លាប់​មនុស្ស​ចំនួន​៧​នាក់​ និង​របួស​ម្នាក់។​ បុរស​ជនសង្ស័យ​នោះ​បាន​ចូល​សារភាព​ និង​ត្រូវ​ចាប់ខ្លួន​នៅ​ថ្ងៃ​ដដែល។

រូបឯកសារ៖ រថយន្ត​ប៉ូលិស​នៅ​ជិត​ទីតាំង​នៃ​ការ​បាញ់​ប្រហារ​ដែល​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​ការ​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​តាម​ចន្ទគតិ នៅ​ក្នុង​ទីក្រុង Monterey Park រដ្ឋ California កាល​ពី​ថ្ងៃ​ទី២២ ខែ​មករា ឆ្នាំ​២០២៣។

ការវាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទាំង​នេះ​បាន​ធ្វើឲ្យ​សហគមន៍​ខ្មែរ​អាមេរិកាំង​នៅ​រដ្ឋកាលីហ្វញ៉ា​ព្រួយ​បារម្ភ​ផងដែរ។ សកម្មជន​សហគមន៍ខ្មែរ​នៅ​ទីក្រុង​ឡុងប៊ិចដែល​មាន​ចម្ងាយ​តែ​៤០​គីឡូម៉ែត្រ​ភាគ​ខាងត្បូងទីក្រុង ​Monterey Park ​បាន​ថ្លែង​ថា ​ការណ៍​នេះ​ដោយសារ​តែ​បទពិសោធ​ដែល​ពួកគេ​ធ្លាប់​បាន​ឆ្លងកាត់​អំពើ​ហិង្សា​នៃ​របប​វាលពិឃាតនៅ​ប្រទេស​កំណើត។

លោក ​Richer San ​ស្ថាបនិក​អង្គការក្រុង​ខ្មែរ​និង​ជា​សមាជិក​គណៈកម្មាធិការ​នាយក​បាន​ថ្លែងប្រាប់​វីអូអេ​ថា​៖ «យើង​ព្រួយ​បារម្ភ​ដោយសារ​យើង​ជា​អតីត​ជន​ភៀសខ្លួនដែល​ប្រទេស​យើង​រងគ្រោះ​ដោយសារ​សង្គ្រាម​គឺ​យើង​ចាប់​អារម្មណ៍​ខ្លាំង​ណាស់»។

លោក ​Richer San ​ក៏​បាន​រំឭក​ដល់​ករណី​ហិង្សា​ដោយ​អាវុធ​ដែល​បាន​កើត​មាន​លើ​សហគមន៍​ខ្មែរ​ក្នុង​ពេល​កន្លង​មក​ក្នុង​នោះ​មាន​ការបាញ់​សម្លាប់​បុរស​ខ្មែរ​អាមេរិកាំង​ម្នាក់​ក្នុង​ខែ​តុលា ឆ្នាំ​២០២១​ ដែល​ប៉ូលិស​ចាត់​ទុក​ថា​មាន​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជនពាល។

លោក ឆល សុង​សកម្មជន​មួយ​រូប​ទៀត​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «បងប្អូន​ខ្មែរ​យើង​តែង​តែ​មាន​ការបារម្ភ​អំពី​សុវត្ថិភាព​ពួកគាត់​ហើយ​យើង​នៅ​ក្នុង​សហគមន៍​តែង​តែ​ព្យាយាម​ស្វែងរក​គ្រប់​មធ្យោបាយ​ដើម្បី​នឹង​ត្រិះរិះ​រក​ថា​យើង​អាច​អញ្ជើញ​ស្ថាប័ន​ណា​ឬ​ក៏​អង្គការ​ណា​ជាពិសេស​អង្គការ​តម្រួត​ឬ​ក៏​ប៉ូលិសដែល​គេ​អាច​មក​ចែក​រំលែក​ថា​តើ​ពួកគាត់​អាច​ការពារ​ខ្លួន​យ៉ាង​ម៉េច​បាន»។

នៅ​ទីក្រុង​ឡុងប៊ិចមាន​កម្មវិធី​មួយ​ឈ្មោះ​ថា​ «របៀប​ការពារ​ខ្លួន​-​បញ្ឈប់​ការស្អប់» (Stop the Hate/Self-Defense) ដែល​កំពុង​បង្ហាត់​បង្រៀន​សមាជិក​សហគមន៍​ឱ្យយល់​ដឹង​ពី​ជំនាញ​ការពារខ្លួន​និង​វិធី​ក្នុង​ការយល់ដឹងពី​គ្រោះ​ថ្នាក់​ដែល​អាច​នឹង​កើត​មាន​ឡើង ដោយ​ក្នុង​នោះ​មាន​វិធី​រាយការណ៍​ប្រាប់​ប៉ូលិស​ផងដែរ។​ វា​ជា​ការបណ្តុះ​បណ្តាលចំនួន​៦​វគ្គ​ដែល​ដំណើរ​ការពេញ​មួយ​ឆ្នាំ​នេះ​ ហើយ​រហូត​មកដល់​ពេល​នេះ​បាន​ដំណើរការ​ចំនួន​៤​វគ្គហើយ។ កម្មវិធី​នេះ​រៀបចំ​ដោយ​អង្គការក្រុង​ខ្មែរ​ Cambodia Town, Inc. និងអង្គការ​ Pacific Asian Counselling Services ​ដែល​មាន​ជំនាញ​ផ្តល់​ប្រឹក្សា​សុខភាព​ផ្លូវចិត្ត។​

ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​ខ្មែរ​ចូលរួម​សិក្ខាសាលា​បញ្ឈប់​ការស្អប់​និង​ការពារ​ខ្លួន នៅ​ទីក្រុង Long Beach រដ្ឋ California។ (រូបថត​ផ្តល់​ឱ្យ​ដោយ ​Cambodia Town, Inc.)

លោក​ Richer San ​ដែល​ជា​មន្ត្រី​ទទួល​បន្ទុក​ការផ្សព្វផ្សាយ​នៃ​អង្គការ​ Pacific Asian Counselling Services​ បាន​ថ្លែងប្រាប់​វីអូអេ​ថា ​ការបាញ់​ប្រហារ​នាពេល​ថ្មីៗ​នេះ ​បាន​បញ្ជាក់​បន្ថែម​ពី​ការគិតគូរ​ជាមុន​បាន​ត្រឹម​ត្រូវ​របស់​មេដឹកនាំ​សហគមន៍​ខ្មែរ​អាមេរិកាំង។

លោក​Richer San ​បាន​បន្ថែម​ថា៖ «អ៊ីចឹង​ទេ​សង្គម​របស់​យើង​សព្វថ្ងៃ​នេះ​ដែល​យើង​ខំ​រៀបចំ​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឱ្យឪពុក​ម្តាយ​របស់​យើង​ ពូមីង​យើង​ដើម្បី​ឱ្យគាត់​ដឹង​ថា​តើ​មាន​ការខុសគ្នា​យ៉ាង​ម៉េច​រវាង​ការស្អប់​និង​ឧក្រិដ្ឋកម្ម​ស្អប់​វា​ខុសគ្នា​យ៉ាង​ម៉េច​។ រវាង​ពីរ​នេះ​តើ​យើង​ត្រូវ​ធ្វើ​របាយការណ៍​យ៉ាង​ម៉េច​។ អ៊ីចឹង​យើង​ក៏​បង្កើត​របៀប​ធ្វើ​របាយការណ៍​មួយ​ដែល​ស្រួល​បំផុត​ដែល​គាត់​អាច​ប្រើ​ទូរសព្ទ​ដៃ​របស់​គាត់»។

វគ្គ​ហ្វឹកហ្វឺន​នេះ​មាន​អ្នកចូលរួម​ប្រហែល​២០​ទៅ​៣០​នាក់​ក្នុង​កម្មវិធី​នីមួយៗ​ហើយ​ភាគច្រើន​សំដៅ​លើ​មនុស្ស​វ័យ​ចំណាស់​ដោយសារ​ពួកគាត់​មិន​សូវ​យល់​ដឹង​ពី​របៀប​ការពារ​ខ្លួន​និង​ការរាយការណ៍​ដល់​អាជ្ញាធរ​ប៉ូលិស​ពេល​មាន​ហេតុការណ៍​អ្វី​កើតឡើង។​

អ្នកស្រី​គឹមស្រេង អ៊ឹង ​អ្នកចូលរួម​វគ្គ​បណ្តុះ​បណ្តាល​ម្នាក់បាន​ថ្លែង​ថា៖ «ដោយសារ​បាន​ឆ្លងកាត់​វគ្គសិក្សា​ហ្នឹង​គឺ​ខ្ញុំ​មាន​សេចក្តី​ក្លាហាន​បើសិនណា​ឃើញ​បញ្ហា​អ្វី​ដូច​ជា​ឧប្បត្តិហេតុ​ស្អប់​កើត​ឡើង​គឺ​ហ៊ាន​រាយការណ៍​ហើយ​នឹង​ហ៊ាន​ប្រាប់​ទៅ​អ្នកជិតខាង​ឲ្យ​ហ៊ាន​រាយការណ៍»។

រីឯ​អ្នកស្រី ​តិច ស្រេងហុង​ ជា​អ្នកចូលរួម​ក្នុង​វគ្គ​នេះ​ដែរ​បាន​ថ្លែង​ពីវិធានការ​សុវត្ថិភាព​ដែល​អ្នកស្រី​ត្រូវ​អនុវត្ត​ថា៖ «ដើម្បី​បំបាត់​ការភ័យ​ខ្លាច ការព្រួយ​បារម្ភ​ពី​សុវត្ថិភាព​យើង​ យើង​ត្រូវ​ចេញ​ដំណើរ​ទៅក្រៅ​យើង​កុំ​ដើរ​តែម្នាក់​ឯង​ហើយ​កុំ​ទៅ​ផ្លូវ​ស្ងាត់។ យើង​ចង់​បាន​ផ្លូវ​កាត់​លឿន​អ្វី​យើង​ទៅ​ផ្លូវ​ស្ងាត់​ហើយ​ពេល​យប់​អាធ្រាត​យើង​កុំ​ចេញ​ពី​ផ្ទះ។ នេះ​ជា​ការ​ការពារ​ខ្លួន​យើង»។​

បង្កើន​ការប្រុងប្រយ័ត្ន​និង​សង្កេត​តាមដាន

អាជ្ញាធរ​ប៉ូលិស​បាន​ស្នើ​ឱ្យសមាជិកនៅ​ក្នុង​សហគមន៍​នីមួយៗតាម​សង្កេត​មើល​អ្នក​ណា​ដែល​អាច​មាន​សញ្ញា​គ្រោះថ្នាក់​ដោយសារ​មាន​ពលរដ្ឋ​ខ្លះ​ជួប​ការលំបាក​ក្នុង​គ្រួសារ​និង​ការងារ​ហើយ​គ្មាន​អ្នក​ជួយ​ដូច្នេះបាន​ជា​គិតខ្លី​ដោយ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដោយ​អាវុធ។

លោក ​ដែនី គីម (Danny Kim) មន្ត្រី​ប៉ូលិស​ស៊ើបអង្កេត​១រូប​នៅ​ទីក្រុង ​Fresno ​រដ្ឋ California​ ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖ «មនុស្ស​យើង​នៅ​ពេល​ដែល​គ្មាន​អ្វី​សម្រាប់​រស់​គាត់​ធ្វើ​អ្វី​ផ្តេសផ្តាស​ហើយ​ ព្រោះ​បើតាម​ខ្ញុំ​មើល​ទៅ​ពួកគាត់​មាន​វិបត្តិ​ចិត្ត​ មិនមែន​ពួកគាត់​កើត​មក​ជា​ឃាតក​ទេ។ គាត់​មាន​វិបត្តិ​ធំ​អ្វី​មួយ​ដែល​គាត់​ដោះស្រាយ​មិន​បាន​គឺ​មាន​តែ​ផ្លូវ​មួយ​ហ្នឹង ​ឬ​គាត់​មាន​បញ្ហា​ជាមួយ​អ្នក​នៅ​ក្នុង​ក្រុម​ហ្នឹង​ អង្គការ​ហ្នឹង​ ឬ​ក្រសួង​ហ្នឹង​ដែល​គាត់​ខឹង​មែនទែន​ទប់​មិន​បាន»។​

រូបឯកសារ៖ មនុស្សម្នា​ប្រមូលផ្តុំគ្នា​កាន់ទុក្ខ​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​ការបាញ់​ប្រហារ​នៅ​ទីក្រុង Half Moon Bay រដ្ឋ California កាលពី​ថ្ងៃទី២៧ ខែមករា ឆ្នាំ​២០២៣។

វិទ្យុ ​NPR ​បាន​រាយការណ៍​ថា​ ជនសង្ស័យ​ឈ្មោះ Zhao Chunli​ ដែល​បាន​បាញ់​ប្រហារ​នៅ​កសិដ្ឋាន​ក្នុង​ទីក្រុង​ Half Moon Bay ​បាន​ប្រាប់ប៉ូលិស​ស៊ើប​អង្កេត​ថា ​គាត់​បាញ់​ប្រហារ​នេះ​ដោយ​សារ​តែ​ចៅហ្វាយ​នាយ​របស់​គាត់​បាន​ទាមទារ​ឲ្យ​សង​ថ្លៃ​ជួសជុលរថយន្ត​ស្ទូច​ធុនតូច​ចំនួន​១០០​ដុល្លារ​ដែល​បានខូច​ក្នុង​ពេល​បំពេញ​ការងារ។ ប៉ុន្តែលោក​បន្ទោស​ថា​ គ្រោះថ្នាក់​នោះ​បង្កឡើង​ដោយសារ​តែ​អ្នករួម​ការងារ​ម្នាក់​ទៀត។

រីឯ​ជន​សង្ស័យ​ឈ្មោះ​ Huu Can Tran ​ដែល​បាន​បាញ់​ប្រហារ​នៅ​ទីក្រុង ​Monterey Park ​បង្ហាញ​សញ្ញា​នៃ​ការមាន​បញ្ហា​នៅ​ក្នុង​គ្រួសារ​ដោយ​សារតែធ្លាប់​បាន​ទៅ​ប្តឹង​ប៉ូលិស​ថា ​មាន​សមាជិក​គ្រួសារ​បាន​ព្យាយាម​បំពុល​គាត់។​ នេះ​បើ​យោង​តាម​សារព័ត៌មាន​ Los Angeles Times ​បាន​រាយការណ៍​ដោយ​ដកស្រង់​ប្រភព​ប៉ូលិស​។

លោក ​Danny Kim បាន​បន្ថែម​ថា៖ «ក្នុង​កិច្ចការ​ខ្ញុំ​ជា​មន្ត្រី​ប៉ូលិសខ្ញុំ​ក៏​ចង់​ឱ្យ​បងប្អូន​ដែល​ឃើញ​សញ្ញា​អ្វី​មួយ​ដែល​ទាក់ទង​នឹង​សុវត្ថិភាព​ពលរដ្ឋ​ ឬ​ក៏​សុវត្ថិភាព​ក្រុមហ៊ុន​ណាមួយ ​ឬ​ក៏​កម្មវិធី​ណាមួយយើង​ត្រូវ​ប្តឹង​ក្រសួង​ប៉ូលិស​ដើម្បី​ឱ្យគេ​ស៊ើប​អង្កេត​តទៅ​ទៀត​ដើម្បី​កុំ​ឱ្យកើតហេតុ​បែប​ហ្នឹង​បាន»។

លោក ​Danny Kim ​ក៏​បាន​ផ្តល់​យោបល់​ឲ្យ​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​នឹង​បរិយាកាស​ជុំ​វិញ​ខ្លួន​នៅពេល​ដែល​ធ្វើ​ដំណើរ​ ឬ​ចូលរួម​កម្មវិធី​កម្សាន្ត។

ការទាមទារ​ឱ្យ​រឹតបន្តឹង​អាវុធ

ក្នុង​ឆ្នាំ​២០២៣​នេះ​មាន​ការបាញ់​សម្លាប់​ទ្រង់ទ្រាយ​ធំ​ចំនួន​៩២ដង​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក ហើយ​មនុស្សចំនួន៦៧០៥នាក់ បានស្លាប់ដោយសារ​អំពើហិង្សាកាំភ្លើង​មកទល់នឹងថ្ងៃទី២៧ ខែកុម្ភៈ។ នេះ​បើតាមតួលេខ​របស់​អង្គការ Gun Violence Archive ដែលកត់ត្រា​តួលេខ​ទាក់ទងនឹង​អំពើហិង្សា​ពាក់ព័ន្ធនឹងកាំភ្លើង​នៅសហរដ្ឋ​អាមេរិក។ កាលីហ្វ័រញ៉ា ​គឺជា​រដ្ឋ​មួយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​ ១០​ ដែល​ហាមឃាត់​ការលក់​ ឬ​កាន់កាប់​អាវុធ​ប្រយុទ្ធ​តាម​បែប​យោធា។

លោក Gavin Newsom អភិបាល​រដ្ឋ​កាលីហ្វញ៉ា​បាន​ប្តេជ្ញា​យក​ចិត្ត​ទុកដាក់លើ​ការហាមឃាត់​អាវុធ​ប្រយុទ្ធ​តាម​បែប​យោធា ​និង​ហាមប្រាម​បង់គ្រាប់​ដែលអាច​ផ្ទុក​គ្រាប់​បាន​ច្រើន។ លោក​ស្នើ​ឱ្យ​ត្រួតពិនិត្យ​ប្រវត្តិ​នៃ​គ្រាប់រំសេវ​ តម្រូវ​ឱ្យ​មាន​ការឆែក​ប្រវត្តិ​អ្នកចង់​ទិញ​កាំភ្លើង មុននឹងលក់​កាំភ្លើង​ឱ្យ ​និង​ច្បាប់​ព្រមាន​អំពី​គ្រោះថ្នាក់​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

លោក ​ឆល សុង ​យល់​ស្រប​នឹង​ការដាក់​វិធានការ​នេះ៖ «តាម​ពិត​ទៅ​យោបល់​ខ្ញុំ​ផ្ទាល់​ក៏​ខ្ញុំ​សូម​យល់ស្រប​ថា ​រឿង​កាំភ្លើង​ពាក់កណ្តាល​ស្វ័យ​ប្រវត្តិ​នៅ​ទីក្រុង​គឺ​មិន​ស្រួល​ទេ»៕