តុលាការ​ក្វាតេម៉ាឡា​រារាំង​ការ​បណ្តេញ​ប្រធាន​គណៈកម្មការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ

បុរស​ម្នាក់​កាន់​រូបថត​ប្រធានាធិបតី​ក្វាតេម៉ាឡា Jimmy Morales ក្នុង​ពេល​ធ្វើ​បាតុកម្ម​បង្ហាញ​ការ​គាំទ្រ​ដល់​លោក Ivan Velasquez បេសកជន​អង្គការ​សហប្រជាជាតិ​ផ្នែក​បេសកកម្ម​អន្តរជាតិ​ប្រឆាំង​នឹង​និទណ្ឌភាព​ ក្នុង​ទីក្រុងក្វាតេម៉ាឡា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា។

តុលាការ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា ​បាន​រារាំង​ដល់​បទបញ្ជា​របស់​ប្រធានាធិបតី​ក្នុង​ការ​បណ្តេញ​ប្រធាន​គណៈ​កម្មការ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៃ​អង្គការ​សហប្រជាជាតិ ដែល​ស៊ើប​អង្កេត​ទៅ​លើ​ករណី​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ដែល​លោក​បាន​ផ្តល់​ថវិកា​ឲ្យ។

តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​នេះ​បាន​បញ្ជា​ឲ្យ​រដ្ឋាភិបាល​មិន​ឲ្យ​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​របស់​លោក​ប្រធានាធិបតី ​Jimmy Morales ​ក្នុង​ការ​បណ្តេញ​លោក Ivan Velasquez ​ជនជាតិ​កូឡុំប៊ី​ចេញ​ពី​ប្រទេស។

លោក​ប្រធានាធិបតី ​Morales​ បាន​ស្នើ​ឲ្យ​មាន​ការ​បណ្តេញ​លោក Velasquez ជា​បន្ទាន់ ​ដើម្បី​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ក្វាតេម៉ាឡា និង​ពង្រឹង​នីតិរដ្ឋ​និង​ស្ថាប័ន​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ។​

ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​លោក​ Velasquez ​មាន​វិធានការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​លោក​ប្រធានាធិបតី ​Morales ​ចេញ ​ពាក់ព័ន្ធ​នឹង​ការ​ស៊ើប​អង្កេត​មួយ​ដែល​ចោទ​ប្រកាន់​ថា មាន​ការ​បង់​ប្រាក់​ខុស​ច្បាប់​ពាក់​ព័ន្ធ​នឹង​គណបក្ស​នយោបាយ​របស់​លោក​ប្រធានាធិបតី គឺ​គណបក្ស​ National Convergence Front។

លោក ​António Guterres ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​មាន​ការ​ភ្ញាក់ផ្អើល​នឹង​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី​ Morales ​ដែល​ចាត់ទុក​លោក Velasquez ថា​ជា​មនុស្ស​ដែល​គេ​មិន​ត្រូវ​ការ។ នេះ​បើយោង​តាម​អ្នកនាំពាក្យ​របស់​លោក​Guterres។
លោក​ Stephane Dujarric ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «យើង​រំពឹង​ថា លោក ​Velasquez ​នឹង​ត្រូវ​បាន​អាជ្ញាធរ​ក្វាតេម៉ាឡា ​ប្រព្រឹត្ត​មក​លើដោយ​ការ​គោរព​ ក្នុង​នាម​លោក​ជា​មន្ត្រី​ស្ថាប័ន​អន្តរជាតិ»។

លោកស្រី ​Thelma Aldana ​ប្រធាន​រដ្ឋអាជ្ញា​ដែល​ធ្វើ​ការ​ជាមួយ​នឹង​គណៈកម្មការ​អង្គការ​សហប្រជាជាតិ មាន​ប្រសាសន៍​ថា លោក ​Morales ​បាន​បដិសេធ​ថា​មិន​បាន​ផ្តល់​ប្រាក់​៨​សែន​ដុល្លារ​ដល់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នោះ​ទេ។

មនុស្ស​ប្រហែល​២៥០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​រដ្ឋធានី​កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ទាមទារ​ឲ្យ​លោក​ Morales​ ចុះ​ចេញ​ពី​តំណែង៕