ករណីនេះគឺកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីកងនាវាទាហានជើងទឹកចិនបានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងក្នុងរយៈពេលកន្លះឆ្នាំក្រោយមក បន្ទាប់ពីក្រុមហ៊ុនរដ្ឋមួយរបស់ចិនបានចាប់ផ្ដើមប្រឹងប្រែងផលិតនាវាដឹកយន្តហោះចម្បាំងដែលប្រើដោយថាមពលនុយក្លេអ៊ែរ ដែលនេះជាសញ្ញាមួយបង្ហាញឲ្យឃើញពីឥទ្ធិពលកើនឡើងរបស់រដ្ឋាភិបាលក្រុងប៉េកាំងនៅតាមផ្លូវសមុទ្រ។
នៅពេលនោះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានលើកឡើងពីសេចក្ដីរាយការណ៍មួយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិន ដែលបានរាយការណ៍ថា ចំនួនទាហានជើងគោកនៃកងទ័ពសេរីភាពប្រជាជនចិនបានថយចុះមកនៅតិចជាងពាក់កណ្ដាលនៃទាហានចិនសរុបចំនួន ២ លាន ២ សែន ៦ ម៉ឺននាក់ ស្របពេលដែលចំនួនទាហានជើងទឹកកើនឡើង។
អ្នកជំនាញនានាបញ្ជាក់ថា ភស្តុតាងកើនឡើងនៃការពង្រីកឥទ្ធិពលរបស់ទាហានជើងទឹកចិននេះ នឹងបង្ហាញឲ្យឃើញដំបូងគេនៅក្នុងសមុទ្រចិនខាងត្បូង ដែលករណីនេះនឹងធ្វើឲ្យខកចិត្តដល់រដ្ឋាភិបាលនៃប្រទេសចំនួន ៥ ទៀត ដែលតតាំងជាមួយនឹងការទាមទារអធិបតេយ្យភាពដែនសមុទ្ររបស់រដ្ឋាភិបាលក្រុងប៉េកាំង។
អ្នកជំនាញបានបន្ថែមថា ការពង្រីកឥទ្ធិពលរបស់ទាហានជើងទឹកចិននេះនឹងប្រជែងនឹងទាហានសហរដ្ឋអាមេរិក ដើម្បីជះឥទ្ធិពលលើបណ្ដាប្រទេសដែលខ្សោយជាងខ្លួន។
លោក Euan Graham ប្រធានផ្នែកសន្តិសុខអន្តរជាតិនៃវិទ្យាស្ថាន Lowry សម្រាប់គោលនយោបាយអន្តរជាតិ និយាយថា៖ «ខ្ញុំគិតថា វាមិនមែនជាសមរភូមិប្រយុទ្ធដែលមនុស្សគ្រប់គ្នាអាចសង្ឃឹមថានឹងឈ្នះប្រទេសចិននោះទេ លើកលែងតែសហរដ្ឋអាមេរិក ហើយសូម្បីតែសហរដ្ឋអាមេរិកក៏ដោយ ក៏នឹងមានផលវិបាកធ្ងន់ធ្ងរដែរ។ ដូច្នេះបញ្ហាគឺនៅត្រង់ថាធ្វើយ៉ាងម៉េចព្យាយាមធ្វើឲ្យច្បាស់ថា ប្រទេសចិនមិនអាចរងការគំរាមកំហែងណាមួយចំពោះការអះអាងកាន់កាប់ដែនសមុទ្រនៅពេលបច្ចុប្បន្នរបស់ខ្លួននោះទេ»។
កងកម្លាំងខ្លាំងជាងគេបំផុតនៅអាស៊ី
អ្នកសិក្សាស្រាវជ្រាវផ្នែកទាហានជើងទឹកនៅបស្ចិមប្រទេសបានព្យាករណ៍កាលពី ១០ ឆ្នាំមុនថា ទាហានជើងទឹកនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាគន្លឹះសំខាន់សម្រាប់ការធ្វើទំនើបកម្មយោធារបស់ចិន។
គិតត្រឹមឆ្នាំ ២០១២ ប្រទេសចិនមាននាវាទាហានជើងទឹក ៥១២ គ្រឿង។ នេះបើយោងតាមការបញ្ជាក់របស់វិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រអន្តរជាតិ (International Institute of Strategic Studies) របស់អង់គ្លេស។ ឥឡូវនេះ ប្រទេសចិនមាននាវាទាហានជើងទឹក ៧១៤ គ្រឿង។ នេះបើយោងតាមគេហទំព័រផ្ទុកទិន្នន័យ Globalfirepower.com។
ប្រទេសចិនក៏ធ្វើប្រតិបត្តិការយន្តហោះចម្បាំងយោធាជើងទឹកជាង ៧១០ គ្រឿងផងដែរកាលពីឆ្នាំ ២០១២។ នេះបើយោងតាមការអង្គការ Flighglobal Insight ដែលជាអង្គការស្រាវជ្រាវ និងព័ត៌មានរបស់អង់គ្លេស។ គេហទំព័រ The ArmedForces.eu បានបញ្ជាក់ថា ប្រទេសចិនឥឡូវនេះមានយន្តហោះចម្បាំង ៧៨០ គ្រឿង។
កាលពី ២ ឆ្នាំមុន ប្រធានាធិបតីចិនលោក Xi Jinping បានផ្ដល់សញ្ញាថា លោកព្យាយាមធ្វើយ៉ាងណាឲ្យយោធាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋអំណាចកណ្ដាល ដើម្បីបង្កើនកិច្ចសម្របសម្រួលរបស់រដ្ឋអំណាចកណ្ដាលជាមួយនឹងទាហានជើងទឹក។
លោក Graham បានបញ្ជាក់ថា សមរភូមិជួរមុខណាមួយនឹងទំនងជាកើតឡើងនៅតាមផ្លូវសមុទ្រជាងនៅតាមផ្លូវគោក ហើយជាធម្មតា គេឃើញមានគ្រឿងសព្វាវុធទាហានជើងទឹកនៅសមុទ្រចិនខាងត្បូង មុនពេលឃើញនៅកន្លែងផ្សេង។
លោក Graham និយាយដូច្នេះថា៖ «ឧបករណ៍យោធាថ្មីមើលទៅទំនងជាឃើញមានដំបូងនៅកងនាវាទាហានជើងទឹកនៅសមុទ្រចិនខាងត្បូង។ ដូច្នេះ យើងអាចរំពឹងថា វាគ្រាន់តែជាការបន្តនៃទំនោរដូចគ្នានេះ ដែលលទ្ធផលនៃការធ្វើទំនើបកម្មទាហានជើងទឹកត្រូវបានផ្ដោតនៅក្នុងសមុទ្រចិនខាងត្បូង»។
សម្ពាធលើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍
ប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងកោះតៃវ៉ាន់បានប្រជែងទាំងស្រុង ឬក៏មួយផ្នែកជាមួយនឹងការទាមទារកាន់កាប់របស់ចិនចំនួន ៩០ ភាគរយនៃសមុទ្រចិនខាងត្បូង។ សមុទ្រចិនខាងត្បូងដែលមានទំហំ ៣ លាន ៥ សែនគីឡូម៉ែត្រការ៉េនេះ សំបូរធនធានមច្ឆា និងប្រេង។
ប៉ុន្តែ បណ្ដាប្រទេសទាំងនោះមានកម្លាំងយោធាខ្សោយជាងប្រទេសចិន ហើយដោយសារនាវាទាហានជើងទឹកចិនមានភាពខ្លាំងក្លាជាងដូចនេះ បណ្ដាប្រទេសទាំងនោះប្រហែលជាមានការលំបាកនៅក្នុងការចូលទៅកាន់ប៉ុស្តិ៍យោធាជួរមុខនៃកោះតូចៗ ឬក៏កន្លែងនេសាទត្រីសំខាន់ៗ។ នេះបើតាមការបញ្ជាក់របស់អ្នកសិក្សាស្រាវជ្រាវផ្នែកដែនសមុទ្រ។
ប្រទេសចិនបានអនុញ្ញាតរួចមកហើយឲ្យនាវានេសាទរបស់ខ្លួនចូលទៅក្នុងដែនទឹកដែលមានជម្លោះ ដើម្បីបង្អាក់បណ្ដាប្រទេសផ្សេងៗ។ នេះបើតាមការបញ្ជាក់របស់លោក Graham។
លោក Oh Ei Sun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានកិច្ចការអន្តរជាតិរបស់ប្រទេសសិង្ហបុរី (Singapore institute of International Affairs) និយាយដូច្នេះថា៖ «បណ្ដាប្រទេសទាំងនោះមិនអាចធ្វើអ្វីបានច្រើននោះទេអំពីរឿងនេះ។ យើងប្រហែលព្រួយបារម្ភជាលក្ខណៈឯកជនតែប៉ុណ្ណោះអំពីរឿងនេះ»។
ប្រទេសចិនបានព្រមានប្រទេសទាមទារអធិបតេយ្យភាពសមុទ្រចិនខាងត្បូងផ្សេងទៀតតាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយការចាក់ដីបំពេញកោះតូចៗជាច្រើន ដែលកោះមួយចំនួនសម្រាប់ការប្រើប្រាស់យោធា។
នាពេលបច្ចុប្បន្ននេះ ប្រទេសចិន និងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍កំពុងចរចាអំពីក្រមប្រតិបត្តិនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីរារាំងមិនឲ្យមានជម្លោះកើតឡើង ប៉ុន្តែក្រមប្រតិបត្តិដែលគ្រោងនឹងព្រមព្រៀងនៅឆ្នាំ ២០២១ ខាងមុខនេះ ត្រូវគេរំពឹងថាធ្វើយ៉ាងណាកុំឲ្យមានភាសាដែលប្រឆាំងនឹងចិននៅក្នុងនោះ។
សហរដ្ឋអាមេរិក និងមហាអំណាចខាងក្រៅ
ប្រទេសចិនព្រួយបារម្ភខ្លាំងបំផុតអំពីសកម្មភាពទាហានជើងទឹករបស់មហាអំណាចខាងក្រៅ ជាពិសេសគឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។ ប្រទេសទាំងនេះមិនបានទាមទារកាន់កាប់សមុទ្រចិនខាងត្បូងនោះទេ ប៉ុន្តែមិនចង់ឲ្យប្រទេសចិនគ្រប់គ្រងសមុទ្រនោះ។
ទាហានជើងទឹកសហរដ្ឋអាមេរិកជាទៀងទាត់បានបញ្ជូននាវាទៅកាន់សមុទ្រចិនខាងត្បូង ដើម្បីបញ្ជាក់ប្រាប់ប្រទេសចិនថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចាត់ទុកសមុទ្រនេះថាជាផ្លូវទឹកសម្រាប់ការប្រើប្រាស់អន្តរជាតិ។ ក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានបង្វឹកយោធានៃបណ្ដាប្រទេសអាស៊ីអាគ្នេយ៍នានា ក៏ដូចជាផ្ដល់ឲ្យប្រទេសទាំងនោះនូវព័ត៌មានសម្ងាត់អំពីសកម្មភាពរបស់ប្រទេសចិនផងដែរ។
កាលពីថ្ងៃទី ៧ ខែមករា កន្លងទៅនេះ ទាហានជើងទឹកសហរដ្ឋអាមេរិកបានបញ្ជូននាវាពិឃាដបញ្ជាគ្រាប់មីស៊ីលទៅកាន់ប្រជុំកោះ Paracel ដែលគ្រប់គ្រងដោយចិន នៅសមុទ្រចិនខាងត្បូង។ ប្រជុំកោះ Paracel នេះក៏មានការប្រជែងផងដែរពីកោះតៃវ៉ាន់ និងប្រទេសវៀតណាម។
លោក Sun Yun អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃកម្មវិធីអាស៊ីខាងកើតនៃមជ្ឈមណ្ឌល Stimson នៅរដ្ឋធានីវ៉ាស៊ីនតោន និយាយដូច្នេះថា៖ «សម្រាប់ខ្ញុំ គោលដៅពិតប្រាកដនៃការគំរាមនេះ គឺសហរដ្ឋអាមេរិក និងប្រទេសមហាអំណាចល្មមៗមួយចំនួនដូចជាប្រទេសជប៉ុន អូស្ត្រាលី និងឥណ្ឌាជាដើម។ បើយើងក្រឡេកមើលតាមខ្សែសមុទ្រនៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច យើងឃើញថា សមុទ្រចិនខាងត្បូងគឺជាសមុទ្រតែមួយគត់ ដែលសហរដ្ឋអាមេរិក និងចិនប្រឈមមុខដាក់គ្នា»។
ការប្រឈមមុខដាក់គ្នាផ្នែកយោធានៅសមុទ្រចិនខាងត្បូងរវាងរដ្ឋាភិបាលក្រុងប៉េកាំង និងប្រទេសមួយ ឬប្រទេសច្រើននៃតំបន់អាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកថាជាអាទិភាពកំពូលរបស់សហរដ្ឋអាមេរិក ដោយសារតែចំនួនការនេសាទធ្វើអាជីវកម្មនៅសមុទ្រចិនខាងត្បូង និងកាតព្វកិច្ចផ្លូវច្បាប់របស់សហរដ្ឋអាមេរិកនៅក្នុងការការពារប្រទេសហ្វីលីពីន។ នេះបើតាមការបញ្ជាក់របស់អង្គការ Council on Foreign Relations។
លោក Oh Ei Sun បញ្ជាក់ថា អ្វីដែលបានកើតឡើងនៅក្នុងទំនាក់ទំនងដែនសមុទ្ររវាងចិន និងប្រទេសដទៃ គឺវាអាស្រ័យលើចំនួននាវា និងទាហានថ្មី ដែលដាក់ឲ្យឈរជើងនៅសមុទ្រចិនខាងត្បូង។
លោកនិយាយដូច្នេះថា៖ «ការកើនឡើងនូវចំនួនទាហានជើងទឹកគឺកើតឡើងស្របគ្នានឹងការកើនឡើងនូវឧបករណ៍ និងស្ថានភាពយោធាផ្សេងៗ។ ប្រសិនបើប្រទេសចិនផលិតនាវាចម្បាំង ១០ គ្រឿង ប្រហែលជាអ្នកដទៃមានការភ្ញាក់ផ្អើលជាមិនខាន»៕
ប្រែសម្រួលដោយ ភី សុភាដា