ខណៈដែលប្រទេសជាច្រើនកំពុងធ្វើយុទ្ធនាការរយៈពេលពីរសប្ដាហ៍ដើម្បីលើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីអំពើហិង្សាលើស្ត្រី អង្គការ Vital Voices ដែលធ្វើការដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងសមភាពយេនឌ័រ បានផ្តល់ពានរង្វាន់កិត្តិយសដល់បុរសចំនួន៥នាក់ ដែលបានធ្វើការងារដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
នៅក្នុងគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ បញ្ហាខ្លះៗក្នុងសកលលោកមានភាពប្រសើរឡើង ក៏ប៉ុន្តែបញ្ហាមួយនៅតែមិនមានភាពល្អប្រសើរឡើយ ហើយអ្នកខ្លះថែមទាំងយល់ថា បញ្ហានេះកាន់តែមានភាពយ៉ាប់យ៉ឺនឡើង។ បញ្ហានោះគឺអំពើហិង្សាលើស្ត្រី។ យ៉ាងណាមិញ មានការទទួលស្គាល់ថា ការចូលរួមដ៏សកម្មរបស់បុរសបានដើរតួនាទីដ៏សំខាន់ក្នុងកិច្ចខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
អង្គការសហប្រជាជាតិដើម្បីស្ត្រីបានរកឃើញថា ស្ត្រីម្នាក់ក្នុងចំណោមស្ត្រីបីនាក់ធ្លាប់បានឆ្លងកាត់អំពើហិង្សាលើរូបរាងកាយ ឬខាងផ្លូវចិត្ត។ លោកស្រី Cindy Dyer នាយិការងផ្នែកសិទ្ធិមនុស្សនៃអង្គការ Vital Voices យល់ថា តួលេខនេះគឺជារឿងដ៏ព្រួយបារម្ភមួយ ហើយបុរសៗចាំបាច់ត្រូវតែចូលរួមដោះស្រាយ។
«តាមពិតទៅ បុរសភាគច្រើនមិនប្រព្រឹត្តអំពើហិង្សាទេ។ ប៉ុន្តែគ្រាន់តែប៉ុណ្ណឹងវាមិនគ្រប់គ្រាន់ទេ។ ការណ៍ដែលបុរសគ្រាន់តែមិនប្រព្រឹត្តអំពើហិង្សានោះ វាមិនគ្រប់គ្រាន់ទេ។ បុរសត្រូវធ្វើការងារផ្សេងទៀត។ យើងត្រូវឲ្យបុរសទាមទារមិនឲ្យមានអំពើហិង្សានៅក្នុងសហគមន៍របស់ពួកគេ»។
លោកស្រី Cindy Dyer បានលើកឡើងដូច្នេះនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់កិត្តិយសដល់បុរសចំនួនប្រាំនាក់ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
លោកស្រី Dyer ក៏បានបន្ថែមទៀតថា ស្ត្រីដែលជាសកម្មជន និងជាអ្នកគាំពារសិទ្ធិមនុស្ស បានទទួលស្គាល់យ៉ាងពេញទំហឹងថា ការចូលរួមរបស់បុរសក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រីបាននាំមកនូវការផ្លាស់ប្តូរជាច្រើនក្នុងកិច្ចខំប្រឹងប្រែងនេះ។
តាមពិតទៅ ការចូលរួមរបស់បុរសក្នុងការដោះស្រាយបញ្ហានេះគឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់ស្ត្រីជាច្រើននាក់ជុំវិញពិភពលោក ដែលចង់បញ្ឈប់អំពើហិង្សាលើស្ត្រី។ នេះបើយោងតាមលោក Gary Barker ស្ថាបនិកនៃអង្គការ Promundo ដែលដឹកនាំបុរស និងក្មេងប្រុសឲ្យក្លាយជាចំណែកដ៏សំខាន់ក្នុងដំណើរការដែលលោកចាត់ទុកថា«ការវិវត្តសមភាពយេនឌ័រ»។
«យើងមានវត្តមាននៅទីនេះ គឺដោយសារមានស្ត្រីដ៏ក្លាហានជាច្រើននាក់បានក្រោកឈរឡើង ហើយនិយាយថា យើងទាំងអស់គ្នា ទាំងបុរស និងស្ត្រី ត្រូវតែបញ្ឈប់អំពើហិង្សាលើស្ត្រី ហើយថា យើងត្រូវតែរកវិធីសាស្ត្រធ្វើឲ្យបុរសចូលរួមក្នុងយុទ្ធនាការនេះ»។
លោក Gary Barker ក៏បានបន្ថែមទៀតថា ការចូលរួមរបស់បុរសក្នុងយុទ្ធនាការនេះត្រូវតែធ្វើឡើងដោយប្រុងប្រយ័ត្ន ដើម្បីធានាឲ្យមានការយកចិត្តទុកដាក់ និងមានធនធាន ដែលរួមមានការគាំពារខាងសង្គម និងផ្លូវច្បាប់សម្រាប់ស្ត្រីដែលជាជនរងគ្រោះនៃអំពើហិង្សានោះ។
លោក Gary Barker គឺជាអ្នកដែលទទួលបានពានរង្វាន់កិត្តិយសម្នាក់ក្នុងចំណោមបុរសប្រាំនាក់ ដែលក្នុងនោះរួមមាន ព្រះអង្គម្ចាស់ Zeid Ra'ad Al Hussen ដែលជាឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស លោក Sadou Lemankreo ស្នងការប៉ូលិសប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងអំពើហិង្សាលើស្ត្រីនៅប្រទេស Cameroon និងលោក John Prendergast សកម្មជនសិទ្ធិមនុស្សរបស់អាមេរិកដ៏ល្បីល្បាញម្នាក់ និងលោក Thomas J. Wilson នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រង Allstate និងជានាយកនៃមូលនិធិ Allstate ដែលមានយុទ្ធនាការលុបបំបាត់អំពើហិង្សាលើស្ត្រីនៅសហរដ្ឋអាមេរិក។
សកម្មជនដែលទទួលបានពានរង្វាន់កិត្តិយសទាំងអស់នេះមានទស្សនៈរៀងៗខ្លួនទាក់ទងនឹងបញ្ហាអំពើហិង្សាលើស្ត្រី។ លោក John Prendergast បានចាត់ទុកអំពើហិង្សាដែលបានកើតមាន និងកំពុងកើតមានលើស្ត្រីនៅក្នុងប្រទេសដែលឆ្លងកាត់សង្គ្រាម មានស្ថានភាពដុនដាបខ្លាំង។
«អំពើហិង្សាខាងផ្លូវភេទគឺជាអាវុធដ៏អាក្រក់បំផុត និងមានប្រសិទ្ធភាពជាសក្តានុពលបំផុតនៅក្នុងប្រវត្តិសាស្ត្រសង្គ្រាម»។
រីឯព្រះអង្គម្ចាស់ Zeid Ra'ad Al Hussen ឧត្តមស្នងការនៃអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ថ្លែងថា ដល់ពេលដែលអំពើហិង្សាគ្រប់រូបភាពលើស្ត្រីត្រូវតែបញ្ចប់។
«អំពើនេះត្រូវតែបញ្ឈប់។ ហើយយើងទាំងអស់គ្នាត្រូវធ្វើការរួមគ្នាដើម្បីបំពេញកាតព្វកិច្ចនេះ ហើយធ្វើឲ្យការប្តេជ្ញានេះក្លាយជាការណ៍ពិតរហូតទៅ»។
លោក Thomas Wilson យល់ថា ការពង្រឹងស្ថានភាពសេដ្ឋកិច្ចរបស់ស្ត្រីក៏ដើរតួនាទីក្នុងការជួយឲ្យស្ត្រីហ៊ាននិយាយអំពីអំពើហិង្សាក្នុងគ្រួសារដែរ។
«ថវិកាគឺជាយុទ្ធសាស្ត្រក្នុងការជ្រើសរើស។ ហើយកង្វះសមត្ថភាពផ្នែកសេដ្ឋកិច្ចបានបង្ខំឲ្យស្ត្រី ដែលជាជនរងគ្រោះ បន្តរស់នៅរងអំពើហិង្សា។ ដូច្នេះ ការផ្តល់ការអប់រំខាងសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពផ្នែកសេដ្ឋកិច្ចដល់ស្រ្តីអាចជួយស្ត្រីបានច្រើន»។
ទាំងសកម្មជន និងអ្នកចូលរួមទាំងអស់ បានទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សាគ្រប់រូបភាពលើស្ត្រី ទាមទារឲ្យមានការចូលរួមពីបុគ្គលគ្រប់រូប ទាំងអ្នកអនុវត្តច្បាប់ និងអ្នកតាក់តែងច្បាប់។ ក៏ប៉ុន្តែ អ្វីដែលបុរសគ្រប់រូបអាចធ្វើចាប់ពីពេលនេះទៅ គឺផ្លាស់ប្តូរផ្នត់គំនិតវប្បធម៌របស់ខ្លួន ដោយធ្វើការថ្កោលទោសអំពើហិង្សា និងការពារសមភាពវាងបុរស និងស្ត្រី៕