មេដឹកនាំហ្គ្រោអង់ឡង់ (Greenland) បានឆ្លើយតបទៅនឹងប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទថា ហ្គ្រោអង់ឡង់មិនមែនសម្រាប់លក់ទេ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត័មាន Reuters។ ការលើកឡើងនេះធ្វើឡើងក្រោយពីលោក Trump បាននិយាយអំពី «កម្មសិទ្ធិនិងការគ្រប់គ្រង» ដែនកោះដ៏ធំមហិមានៅតំបន់អាកទិកនេះ ដែលដែនកោះនេះគឺជាផ្នែកមួយរបស់ប្រទេសដាណឺម៉ាកអស់ជាង ៦០០ ឆ្នាំមកហើយ។
នាយករដ្ឋមន្ត្រីហ្គ្រោអង់ឡង់លោក Mute Egede បានបញ្ជាក់ជាលាយលក្ខណ៍អក្សរថា៖ «ហ្គ្រោអង់ឡង់ជារបស់យើង។ យើងមិនមែនសម្រាប់លក់ទេ ហើយនឹងមិនលក់ជាដាច់ខាត។ យើងមិនត្រូវបាត់បង់ការតស៊ូដ៏យូរមកហើយរបស់យើងដើម្បីសេរីភាពនោះទេ»។
កាលពីថ្ងៃអាទិត្យ លោក Trump បានប្រកាសថាលោកបានជ្រើសរើសលោក Ken Howery អតីតប្រេសិតរបស់អាមេរិកប្រចាំប្រទេសស៊ុយអែត ឲ្យធ្វើជាឯកអគ្គរដ្ឋទូតរបស់លោកប្រចាំប្រទេសដាណឺម៉ាក ហើយលោក Trumpបាននិយាយអំពីស្ថានភាពបច្ចុប្បន្នរបស់ដែនដីហ្គ្រោអង់ឡង់ដែលជាផ្នែកពាក់កណ្តាលស្វ័យតរបស់ដាណឺម៉ាកនិងជាកន្លែងឈរជើងរបស់មូលដ្ឋានទ័ពអាកាសដ៏ធំរបស់អាមេរិក។
លោក Trump បានសរសេរតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Truth Social ថា៖ «ដើម្បីសន្តិសុខជាតិនិងសេរីភាពទូទាំងពិភពលោក សហរដ្ឋអាមេរិកមានអារម្មណ៍ថាកម្មសិទ្ធិនិងការគ្រប់គ្រងហ្គ្រោអង់ឡង់គឺជាភាពចាំបាច់ដាច់ខាត»។
លោក Trump ដែលនឹងចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ មិនបានបញ្ជាក់លម្អិតអំពីការលើកឡើងរបស់លោកនោះទេ។
ដែនកោះហ្គ្រោអង់ឡង់នេះ ដែលមានរដ្ឋធានីនូកនៅកៀកនឹងរដ្ឋ New York របស់អាមេរិកជាងរាជធានីកូប៉ិនហាករបស់ដាណឺម៉ាក សម្បូរទៅដោយរ៉ែ ប្រេង និងឧស្ម័នធម្មជាតិ។ តែការអភិវឌ្ឍនៅទីនោះនៅមានភាពយឺតយ៉ាវដោយធ្វើឲ្យសេដ្ឋកិច្ចកោះនោះពឹងអាស្រ័យលើការនេសាទនិងការឧបត្ថម្ភធនប្រចាំឆ្នាំពីប្រទេសដាណឺម៉ាក៕
ទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក —