ក្រិក​ធ្វើ​ការ​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​ថ្មី

អតីត​នាយករដ្ឋមន្រ្តី​ក្រិកលោក Alexis Tsipras ជួប​ជាមួយ​នឹង​យុវជន​នៅ​ហាងកាហ្វេ​មួយ​នៅ​ក្រុង​អាថែន នៅ​មុន​ការ​បោះឆ្នោត​ ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី២០ ខែ​កញ្ញា ឆ្នាំ​២០១៥។

អ្នក​បោះឆ្នោត​ក្រិក ដែល​មាន​ភាព​ធុញ​ទ្រាន់​ចំពោះ​វិបត្តិ​សេដ្ឋកិច្ច ការ​ដាក់​កំហិត​លើ​ការ​ចាយ​វាយ និង​ភាព​វឹកវរ​ខាង​ផ្នែក​នយោបាយ​អស់​ពេល​រាប់​ឆ្នាំមក​ហើយ​នោះ កំពុង​នាំ​គ្នា​ទៅ​កាន់​មណ្ឌល​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ជ្រើសរើស​រដ្ឋាភិបាល​ថ្មី​មួយ។

ការ​បោះឆ្នោត​នេះ​មាន​ការ​ប្រជែង​គ្នា​រវាង​គណបក្ស​និយម​ឆ្វេង​ដឹកនាំ​ដោយ អតីត​នាយករដ្ឋមន្ត្រី Alexis Tsipras ​និង​គណបក្ស​ប្រជាធិបតេយ្យ​អភិរក្ស​និយម​ថ្មី​របស់​លោក Vangelis Meimarakis ។ ការបោះ​ឆ្នោត​លើក​នេះ ​ដែលជា​ការ​បោះ​ឆ្នោត​ទូទាំង​ប្រទេស​លើក​ទី​៣ នៅ​ឆ្នាំ​នេះ​ក្នុង​ប្រទេស​ក្រិកនេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​លោក Tsipras ​បាន​លា​ចេញ​ពីតំណែង​កាល​ពីខែ​មុន បន្ទាប់​ពី​លោកបាន​ជាប់​ឆ្នោត​មិន​ដល់៧​ខែ ក្នុង​ការ​សន្យា​ថា​ នឹង​ប្រឆាំង​ចំពោះ​វិធានការ​សន្សំ​សំចៃ ដែល​បណ្តា​ប្រទេស​ឲ្យ​ខ្ចីប្រាក់​បាន​ទាម​ទារ​ជាថ្នូរ​នៃ​ការ​ឲ្យ​ខ្ចី​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​សម្រាប់​យក​ទៅ​សង​បំណុល។

ទោះ​ជា​លោក​បាន​ធ្វើ​ការ​សន្យា​យ៉ាង​ដូច្នេះ​ក៏​ដោយ ហើយ​ទោះ​ជា​មាន​ការ​បោះ​ប្រជាមតិ​កាល​ពី​ខែ​កក្កដា ដែល​ជន​ជាតិ​ក្រិក​បាន​បោះ​ជំទាស់​នឹងការ​ទទួល​យក​លក្ខខណ្ណ​យ៉ាង​តឹងរឹង​របស់​បណ្តា​ប្រទេស​អឺរ៉ុប​ក៏​ដោយ ក៏​លោក Tsipras ​បាន​ទទួល​យក​តាម​លក្ខខណ្ណ​ដើម្បី​ទទួល​យក​ប្រាក់​កម្ចីសេដ្ឋកិច្ច​ទី​៣ ដែល​មាន​ទឹក​ប្រាក់ ៩៨​ពាន់​លាន​ដុល្លារ​កាល​ពី​ខែ​មុន​ដែរ។ លោក Meimarakis ​បាន​ចោទ​លោក Tsipras ​ថា​ គ្មាន​សមត្ថភាព​ក្នុង​ការ​ចរចា។

ការ​ស្ទង់​មតិ​អ្នក​បោះ​ឆ្នោត​បង្ហាញ​ថា គណបក្ស​ Syriza ​នាំ​មុខគណបក្ស​ប្រជាធិបតេយ្យ​ថ្មី​បន្តិច មុន​ថ្ងៃ​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។ ទោះ​ជា​គណបក្ស​ណា​ឈ្នះ​ឆ្នោត​ក៏​ដោយ គេ​មិន​រំពឹង​ថា គណបក្ស​ណាមួយ​អាច​ឈ្នះដោយ​សម្លេង​ភាគ​ច្រើន​ក្នុង​សភា​ ដែល​មាន​៣០០​អាសនៈ​នោះ​ទេ ទោះ​ជា​មាន​ការ​បន្ថែម​៥០​អាសនៈ​ក៏​ដោយ។ គណបក្ស​ឈ្នះ​ឆ្នោតចាំ​បាច់​ត្រូវ​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះមួយ ជាមួយ​គណបក្ស​តូច​ពីរទៀត៕