ហ៊ុននៃប្រទេសក្រិកបានធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃចន្ទនេះ នៅពេលដែលផ្សារហ៊ុននៃក្រុងអាតែន (Athens) បានបើកទ្វារជាលើកដំបូងក្នុងរយៈពេល៥សប្តាហ៍។ ហ៊ុនក្រិកចុះអស់ជិត២៣ភាគរយ ពេលបើកផ្សារភ្លាម។
ហ៊ុនបានឡើងសន្សឹមៗវិញ នាំឲ្យការធ្លាក់ចុះមានចំនួនតិចជាង១៩ភាគរយ ក្រោយពីការបើកទីផ្សារ បាន២ម៉ោង។
រដ្ឋាភិបាលបានបិទផ្សារហ៊ុនកាលពីចុងខែឧសភា នៅពេលប្រទេសក្រិកបិទធនាគារ និងដាក់កំរិតលើការដកយកប្រាក់ពីធនាគារ ក្នុងការឆ្លើយតបចំពោះវិបត្តិបំណុល។
ប្រទេសក្រិកបានទទួលកិច្ចព្រមព្រៀងមួយស្តីពីជំនួយសង្គ្រោះថ្មី ជាមួយសហភាពអឺរ៉ុបនិង មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីខែមុខ ហើយបានបើកធនាគារឡើងវិញកាលពីថ្ងៃទី២០កក្កដា។
ជំនួយសង្គ្រោះនេះជាជំនួយសង្គ្រោះទី៣ក្នុងរយៈពេល៥ឆ្នាំ។ កញ្ចប់ជំនួយនេះបានកើតឡើង បន្ទាប់ពីមានការចរចា និងរឿងចម្រូងចម្រាស់អស់ពេលរាប់សប្តាហ៍ ដែលរួមមានទាំងការច្រានចោលរបស់អ្នកបោះឆ្នោតក្រិកនូវកញ្ចប់ប្រាក់ជំនួយ ក្នុងការធ្វើប្រជាមតិមួយ។
ជនជាតិក្រិកជាច្រើនប្រឆាំងនឹងវិធានការណ៍ដ៏តឹងរឹងដែលបណ្តាប្រទេសឲ្យខ្ចីប្រាក់ បានទាមទារ ដោយនិយាយថាវិធានការណ៍ទាំងនោះនឹងធ្វើឲ្យវិបត្តិសេដ្ឋកិច្ចក្រិកធ្លាក់កាន់តែដុនដាបទៀត៕