គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អំពាវនាវ​ឱ្យ​ផ្ដល់​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ជ្រើសរើស​មេភូមិ​របស់​ខ្លួន

រូបឯកសារ៖ លោកយ៉ង សាំងកុមារ ប្រធានកម្មវិធីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំមូលដ្ឋាននៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ថ្លែងនៅក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតគណបក្សថ្មីដែលមានអាយុ១ឆ្នាំនេះ កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៦ នៅស្នាក់ការបក្សនៃរាជធានីភ្នំពេញ។ (ឡេង ឡែន/VOA)

លោក​ ​សាម អ៊ីន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ចង់​ឲ្យ​គណបក្ស​ដែល​ទទួល​បាន​ជ័យជម្នះ​គ្រប់គ្រង​ឃុំ-សង្កាត់ ​រៀបចំ​ឲ្យ​មាន​ការ​ជ្រើសរើស​មេភូមិ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​ពី​ថ្នាក់​ក្រោម។

ស្រប​ពេល​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​មិនទាន់​បាន​ប្រកាស​លទ្ធផលបោះឆ្នោត​ឃុំ-​សង្កាត់​ជា​ផ្លូវការ​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ បាន​អំពាវនាវ​ឲ្យ​គណបក្ស​ទទួល​បាន​ជ័យជម្នះ​ឈាន​ទៅ​ដឹកនាំ​ឃុំ​-សង្កាត់​ទាំង​អស់​ ​រៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​ដោយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​មូលដ្ឋាន​ផ្ទាល់។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ដែល​ជា​គណបក្ស​នយោបាយ​ថ្មី​ទើប​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​ឆ្នាំ​២០១៧​នេះ បាន​អំពាវនាវ​ឲ្យ​មាន​ការ​បើក​សិទ្ធិ​ដល់​ប្រជាពលរដ្ឋ​ ក្នុង​ការ​ជ្រើសតាំង​មេ​ភូមិ​ដោយ​ខ្លួនឯង​ ​ដើម្បី​លុប​បំបាត់​ភាព​អវិជ្ជមាន​ និង​ភាព​អសកម្ម​របស់​មេភូមិ។

សេចក្ដី​ថ្លែងការណ៍​មួយ​របស់គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ចេញ​នៅ​ថ្ងៃសុក្រ​នេះ​ ​លើក​ឡើង​ថា​ ​រយៈពេល​៣​អាណត្តិ​កន្លង​ទៅ​ ​មេភូមិ​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ ​ដើម្បី​ឲ្យ​ជួយ​ការងារ​ ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ​ឬ​មេឃុំ​ ​ចៅ​សង្កាត់​ ​ក្នុង​ការ​ធានា​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ក្នុង​ភូមិ។

រូបឯកសារ៖ កញ្ញា​ជិន​ ស្រី​ធុច​ អាយុ​១៨​ឆ្នាំ ​សកម្មជន​របស់​គណបក្ស​សង្គ្រោះជាតិ​ កំពុង​រក​ឈ្មោះ ​និង​លេខរៀង​របស់​អ្នក​បោះឆ្នោត​នៅ​ក្នុង​ឃុំ​ដំដែក​ស្រុក​សូត្រ​និគម​នៅ​ការិយាល័យ​បោះឆ្នោតក្នុង​វិទ្យាល័យ​ដំដែក ខេត្តសៀមរាប។

​សេចក្ដី​ថ្លែងការណ៍​ដដែល​បន្ត​ថា​ ​មេភូមិ​ភាគ​ច្រើន​ត្រូវ​បាន​មហាជន​មើល​ឃើញ​ថា​ ​បាន​ដើរ​តាម​ដាន​ប្រជាពលរដ្ឋ​ ​បម្រើ​ការងារ​ដោយ​រើសអើង​និន្នាការ​នយោបាយ​ ​និង​គំរាម​កំហែង​បំភិត​បំភ័យ​ ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​របស់​ខ្លួន​ ​ដោយ​មិន​បាន​បំពេញ​តួនាទី​ដើម្បី​ជា​ប្រយោជន៍​ពលរដ្ឋ។

សេចក្ដី​ថ្លែង​ការណ៍​របស់​គណបក្ស​ដែល​ចូលរួម​បង្កើត​ដោយ​លោក​ ​កែម ឡី​ ​អ្នក​វិភាគ​នយោបាយ​ដ៏​ល្បី​ល្បាញ​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន ​បាន​អំពាវ​នាវ​ដល់​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុង​តំណែង​មេឃុំ​ ​ចៅ​សង្កាត់​ ​និង​ប្រជា​ពលរដ្ឋ​ ​ឲ្យ​ផ្ដល់​ឱកាស​ ឬ​សិទ្ធិ​សេរីភាព​ជូន​ប្រជា​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ ​និង​ជា​ម្ចាស់​ទឹក​ដី​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​មេភូមិ​របស់​ខ្លួន​ ​ដោយ​ខ្លួន​ឯង។

​លោក​ ​សាម អ៊ីន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ​ថា​ ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​ចង់​ឲ្យ​គណបក្ស​ដែល​ទទួល​បាន​ជ័យជម្នះ​គ្រប់គ្រង​ឃុំ-សង្កាត់ ​រៀបចំ​ឲ្យ​មាន​ការ​ជ្រើសរើស​មេភូមិ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​ពី​ថ្នាក់​ក្រោម។

​លោក​បញ្ជាក់​ថា៖

«យើង​មាន​ចេតនា​ចង់​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ ​ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​ហ្នឹង​ត្រូវ​យក​ចិត្ត​ទុកដាក់​ធ្វើ​យ៉ាង​ម៉េច​ជ្រើសរើស​មេភូមិ​ឲ្យ​បាន​ល្អ មេភូមិ​ដែល​បោះឆ្នោត​ដោយ​អ្នកភូមិ​នៅ​តាម​មូលដ្ឋាន។​ ​ដើម្បី​គាត់​ទទួល​បាន​មេភូមិ​ល្អ​ ​មេភូមិ​ដែល​យក​ចិត្ត​ទុក​ដាក់​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​ មិនមែន​មេភូមិ​ដែល​ធ្វើ​តាម​បញ្ជា​តែ​អ្នក​នៅ​ខាងលើ»។

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​ទើប​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៥​ ​បាន​ប្រកាស​កាលពី​ដើម​សប្ដាហ៍​នេះ​ថា​ ​ចំពោះ​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤​នេះ​ ​ខ្លួន​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​ ចំនួន​៥​ក្នុង​ឃុំ​ចំនួន២។

អ្នក​នាំពាក្យ​គណបក្ស​នេះ​បញ្ជាក់​ថា​ ​ការ​ទទួល​បាន​ត្រឹម​អាសនៈ​ក្នុង​ឃុំ-សង្កាត់​ នឹង​ផ្ដល់​ឱកាស​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ ​មាន​ឱកាស​រួម​ចំណែក​អភិវឌ្ឍ​ឃុំ-សង្កាត់​ ​តាម​រយៈ​តួនាទី​ជា​ជំទប់។

រូបឯកសារ៖ មន្ត្រី​គ.ជ.ប​ ជ្រលក់​ដៃ​អ្នកដែល​បោះឆ្នោត​រួច​ក្នុង​ទឹក​ខ្មៅ​ពិសេស​ដែល​លុប​មិន​ជ្រះ​ដើម្បី​សំគាល់​ថា​បាន​បោះឆ្នោត​រួច​ហើយ​ នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​ក្នុង​ ​សង្កាត់​ស្ទឹង​មានជ័យ​ខ័ណ្ឌ​មានជ័យ​ក្រុង​ភ្នំពេញ​ កាល​ពីថ្ងៃ​ទី៤ ​ខែមិថុនា ​ឆ្នាំ​២០១៧។​ (នៅ វណ្ណារិន/VOA)

រហូត​មក​ដល់​ពេល​នេះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប) ​មិន​ទាន់​បាន​ប្រកាស​ពី​ចំនួន​ឃុំ​សង្កាត់​ ​ដែល​គណបក្ស​នយោបាយ​នីមួយៗ​ទទួល​បាន​នៅ​ឡើយ។​ ​បើ​តាម​លទ្ធផល​បឋម​ប្រកាស​ដោយ​គណបក្ស​នយោបាយ​ដែល​បាន​ឈរ​ឈ្មោះ​បង្ហាញ​ថា​ ​ក្នុង​ចំណោម​គណបក្ស​នយោបាយ​ចំនួន​១២​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​ ​ទទួល​បាន​ការ​គ្រប់គ្រង​ឃុំ​-សង្កាត់​ច្រើន​ជាងគេ​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​ច្រើន​លំដាប់​ទី២ និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិរបស់​លោក​ ​ញឹក ប៊ុនឆៃ​ ​ទទួល​បាន​សំឡេង​ឈ្នះ​ក្នុង​ឃុំ​តែ​មួយ​ប៉ុណ្ណោះ។

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ប្រាប់​ ​VOA​ នា​ថ្ងៃ​សុក្រ​នេះ​ ​ថា​ ​គណបក្ស​កាន់​អំណាច​នឹង​បន្ត​អនុវត្ត​គោលការណ៍​នៃ​ការ​ជ្រើស​តាំង​មេភូមិ​ទៅ​តាម​ច្បាប់​ដែល​បាន​ចែង។

លោក​មាន​ប្រសាសន៍​ថា៖

«បើ​ថា​ក្រៅ​ពី​ធ្វើ​របៀប​ហ្នឹង​ទេ អា​ហ្នឹង​ត្រូវ​មាន​ច្បាប់​ថា​ធ្វើ​យ៉ាង​ម៉េចៗ អា​ហ្នឹង​វា​អាស្រ័យ​រដ្ឋសភា​អនុម័ត​ទៀត។ ហើយ​អនុម័ត​ហ្នឹង​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្នើ​ពី​ក្រសួង​មហាផ្ទៃ ឆ្លង​កាត់​គណៈរដ្ឋមន្ត្រី។ គណៈរដ្ឋមន្ត្រី​អនុម័ត​ហើយ​បាន​ផ្ញើ​ទៅ​សភា​ អា​ហ្នឹង​យើង​ធ្វើ​តាម​នីតិវិធី​បានៗ។​ ​មិន​អាច​ថា​ទេ​ចង់​ធ្វើ​អញ្ចេះ​ហើយ​យើង​ធ្វើ​ទៅ​តាម​ចិត្ត​មនុស្ស​ម្នាក់​ ​ឬ​គណបក្ស​មួយ​ ​អា​ហ្នឹង​យើង​ធ្វើ​មិនកើត​ទេ មិន​ទាន់​បានទេ»។

លោក អេង ឆៃអ៊ាង អនុ​ប្រធានគណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្ស​ទទួល​បាន​សំឡេង​គាំទ្រ​ខ្ពស់​លំដាប់​ទី២ ប្រាប់​ VOA ​ថា ការ​បោះឆ្នោត​ជ្រើសរើស​មេឃុំ​ដោយ​ប្រជាពលរដ្ឋ​ផ្ទាល់ គឺជា​យន្តការ​ប្រជាធិបតេយ្យ​ដែល​ល្អ​ប្រសើរ​សម្រាប់​ការ​ដឹកនាំ​ថ្នាក់​មូលដ្ឋាន។

លោ​កបន្ថែម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រៀបចំ​គោលការណ៍​បែប​នោះ​ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​រដ្ឋាភិបាល។

លោក​បញ្ជាក់​ថា៖

«បច្ចុប្បន្ន​ហ្នឹង ការ​រៀបចំ​រើស​មេភូមិ​ហ្នឹង​វា​ត្រូវ​កំណត់​ដោយ​បទបញ្ជា​នីតិវិធីមួយ​របស់​ក្រសួង​មហាផ្ទៃ។ អញ្ចឹង​ទោះបី​យើង​ចង់​ ក៏​យើង​ធ្វើ​មិន​បាន​ដែរ ទាល់​តែ​យើង​ឈ្នះ​ឆ្នោត ដឹកនាំ​រាជ​រដ្ឋាភិបាល​ឆ្នាំ​២០១៨។ អាហ្នឹង​គណបក្ស​សង្គ្រោះ​ជាតិមាន​សំឡេង​ភាគច្រើន​ក្នុង​រដ្ឋសភា យើង​កាន់​រដ្ឋសភា​រដ្ឋាភិបាល យើង​នឹង​រៀប​ចំ​ឲ្យ​មេ​ភូមិ​ហ្នឹង ​បោះឆ្នោត​ជ្រើសរើស​ដោយ​ប្រជា​ពលរដ្ឋ​ផ្ទាល់​តែ​ម្តង»។

មាត្រា៣០​ ​នៃ​ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​ឃុំ-សង្កាត់​ចែង​ថា​ ​ក្នុង​គោលដៅ​លើក​កម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នីមួយៗ ​ត្រូវ​រៀបចំ​ជ្រើសរើស​ឲ្យ​មាន​មេភូមិ​ម្នាក់​សម្រាប់​ភូមិ​នីមួយៗ​ ​ចំណុះ​ឃុំ-សង្កាត់​របស់​ខ្លួន។​ មេភូមិ​ត្រូវ​រៀបចំ​ចាត់តាំង​ឲ្យ​មាន​អនុប្រធាន​មួយ​រូប និង​សមាជិក​មួយ​រូប​ជា​ជំនួយការ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ត្រូវ​ចេញ​សេចក្ដី​ណែនាំ​អំពី​បែបបទ នីតិវិធី​នៃ​ការ​ជ្រើសរើស​មេភូមិ​ ​ការ​ចូល​កាន់​តំណែង​ ​ការ​ផ្លាស់ប្ដូរ​មេភូមិ​ ​និង​ការ​តែងតាំង​ជំនួយការ​មេភូមិ។

លោក​ ​យ៉ង់ គឹមអេង​ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពល​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ ​គាំទ្រ​ឲ្យ​មានការ​ជ្រើសរើស​មេភូមិ​តាម​រយៈ​ប្រជាពលរដ្ឋ​ដោយ​ផ្ទាល់។

លោក​លើក​ឡើង​ថា​ ​មេភូមិ​ដែល​ជ្រើសរើស​ដោយ​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ ​តែង​ធ្វើ​ការងារ​ផ្នែក​គណបក្ស​នយោបាយ​ដែល​ជាហេតុ​មិន​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​បម្រើ​ប្រជាពលរដ្ឋ​បាន​ល្អ។

លោក​មាន​ប្រសាសន៍​ថា៖

«មេភូមិ​ហ្នឹង​អាច​នឹង​បម្រើ​ប្រជាពលរដ្ឋ​ ​ហើយ​មេភូមិ​ហ្នឹង​គាត់​មាន​ឯករាជ្យ​ភាព​ដែរ។​ ​គាត់​មិន​ចំណុះ​ឲ្យ​បក្ស គាត់​អាច​ធ្វើ​ការងារ​បម្រើ​ឲ្យ​តែ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ហើយ​គាត់​មិនសូវ​រវល់​នៅ​ក្នុង​កិច្ចការ​នយោបាយ»។

​ក្រោយ​ការបញ្ចប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ​កាលពី​ថ្ងៃទី៤​ ​ខែ​មិថុនា​ ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន ​បាន​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​សំឡេង​មេឃុំ​-សង្កាត់​ ​ដល់​ទៅ​១១៥៨។​ ​ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក​ ​កឹម សុខា​ ​ទទួល​បាន​សំឡេង​ជា​មេឃុំ-​សង្កាត់​ជិត​៥០០ ​នៅ​ទូទាំង​ប្រទេស​ ​ក្នុង​ចំណោម​ឃុំ​-សង្កាត់​សរុប​ចំនួន​១៦៤៦។

ថ្នាក់​ដឹក​នាំ​ឃុំ​សង្កាត់​ដែល​ជាប់ឆ្នោត​ថ្មី​ទាំង​នោះ​ នឹង​ត្រូវ​ប្រកាស​តែង​តាំង​ក្នុង​រយៈពេល​៤៥ថ្ងៃ ​ក្រោយ​ការ​ប្រកាស​លទ្ធផល​ផ្លូវ​ការ​របស់​គ.ជ.ប។​ ​ពួកគេ​អាច​ជ្រើសរើស​មេ​ភូមិ​នា​នា​ ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន៕