គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទទូច​សុំ​ឱ្យ​សភា​កែទម្រង់​សមាជិកភាព​ គ.ជ.ប

ប្រធានគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​លោក​យ៉េង វីរៈ ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​នៅ​ក្រៅ​អគារ​រដ្ឋសភា​ នៅ​រាជធានី​ភ្នំពេញ​ ថ្ងៃទី ១៦ ខែមករា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​ ហៅកាត់ថា​ (គ.ប.ម) បាន​បង្ហាញក្តី​បារម្ភ​ចំពោះ​ភាព​ត្រឹមត្រូវ​នៃការ​រៀបចំ​ការបោះឆ្នោត​ជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាលទី​៧ ក្នុង​ករណី​មិន​មាន​ការ​សើរើ​ឡើងវិញ​នូវរបៀប​នៃការ​ជ្រើស​រើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប)។

ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ២០១៣ មាន​ការ​កែទម្រង់​ សមាសភាព​ដឹកនាំ​ស្ថាប័ន​ គ.ជ.ប ហើយ​តាម​ការ​កែទម្រង់​នោះ​ ស្ថាប័ននេះ​ មាន​ថ្នាក់​ដឹកនាំ​ និង​សមាជិក​៩ រូប​ ដោយ​៤រូប​មក​ពីគណបក្ស​កាន់​អំណាច​ ៤រូបទៀត​មកពី​គណបក្ស​ប្រឆាំង​ គឺអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ហើយ១រូប​ទៀត គឺជា​អ្នកធ្លាប់​ធ្វើ​ការ​នៅ​អង្គការ​សង្គមស៊ីវិល​។ ចាប់ពី​ពេល​នោះ​មក​ សមា​សភាព​គ.ជ.ប​ ត្រូវបាន​ចែង​ និង​កំណត់​តាមរដ្ឋធម្មនុញ្ញ។

បន្ទាប់ពី​បាន​ដាក់​ញត្តិនៅរដ្ឋ​សភា​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​យ៉េង​ វីរៈ ប្រាប់​អ្នកកាសែត​ថា ការស្នើ​សុំ​ឲ្យមាន​ការសម្រួល​សមាជិកភាព​របស់​គ.ជ.ប តាម​រយៈការ​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ គឺដើម្បី​ឲ្យមាន​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី និង​យុត្តិធម៌​ដែលអាច​ទទួល​យក​បាន​ពី​គ្រប់​គណបក្ស​នយោ​បាយ​ និង​ពីម្ចាស់​សន្លឹក​ឆ្នោត។

លោកថ្លែងថា​៖ «ព្រោះថា​ សមាសភាព​គ.ជ.ប​ សំខាន់​ ដើម្បីធានាព្រោះ​គាត់​ជា​អ្នករៀបចំ​ការ​បោះឆ្នោត​ គ្រប់​គ្រង​ការ​បោះឆ្នោត​ ហើយ​ធម្មនុញ្ញ​ក៏កំណត់​ដែរ​ថា​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ មានតួនាទី​ដែលតម្រូវ​ឲ្យរដ្ឋធម្មនុញ្ញ​ហ្នឹង​ ធានា​ឲ្យ​ការ​បោះឆ្នោត​ហ្នឹង​ សេរី​ និង​យុត្តិធម៌​ ត្រឹម​ត្រូវ​និង​យុត្តិធម៌ ហើយ​អព្យាក្រិត​ ជាស្ថាប័ន​មួយ​ឯករាជ្យ​ អព្យាក្រឹត​។ ហើយ​សមាសភាព​របស់​គ.ជ.ប​ សំខាន់​។ ហើយ​យើង​ជឿថា​ សភា នឹង​ពិចារណា​លើចំណុច​ហ្នឹង​»។ ​

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​យ៉េង វីរៈ ដើរចេញពី​រដ្ឋសភា​ នៅ​ រាជធានី​ភ្នំពេញ​ ថ្ងៃទី ១៦ ខែមករា​ ឆ្នាំ​ ២០២៣។ (ហ៊ុល រស្មី/វីអូអេ)​

លោក​ជឿថា​ គណៈកម្មាការ​ទទួល​ផ្នែក​នីតិកម្ម​នៅរដ្ឋសភា​នឹងមាន​លទ្ធភាព​ក្នុងការ​រក​សមាស​ភាព​ថ្មីនិងឯករាជ្យ​ជំនួស​ឲ្យសមាសភាព​របស់​អតីត​គណបក្ស​សង្គ្រោះជាតិ​ ដែល​លែង​មែន​នៅក្នុង​ស្ថាប័ន​គ.ជ.ប​ នៅមុន​ការបោះឆ្នោត​ជាតិ​កន្លង​ទៅ​។

លោក​បន្ថែម​ថា៖ «ហើយ​បើមិន​ដឹងពី​របៀប​រើស​អ្នកឯករាជ្យ​ឲ្យមក​ធ្វើ​ធានា​ឲ្យ​គ.ជ.បឯក​រាជ្យ​ទេ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ត្រៀម​ខ្លួន​នឹងផ្តល់​គំនិត​ហ្នឹងថា​ តើ​ធ្វើ​យ៉ាងម៉េច​ដើម្បី​រើស​មនុស្ស​ឯករាជ្យ​៤នាក់ ៥នាក់​ទៀត​នេះ​។ ខាង​គណបក្ស​កាន់​អំណាច​ដាក់បួន​ដដែល​ចុះ​ ។ ប៉ុន្តែ​អ្នក​បួននាក់​ទៀត​ អ្នកទី៥​ និង​អ្នក​ទី៩នោះ​ គឺថា​ បើមិនដឹង​រើស​ម៉េច​ឲ្យ​ឯករាជ្យ​ទេ​ គឺយើង​អាច​នឹង​ជូន​យោបល់​បានថា​ រើស​របៀប​ម៉េច ​កែយ៉ាង​ម៉េច​នៅក្នុង​វិសោធន​កម្ម​រដ្ឋធម្មនុញ្ញ​ ហ្នឹង​?»។

បើតាម​ញត្តិ​ដែល​បាន​ដាក់ជូនប្រធាន​រដ្ឋសភា​លោក​ហេង សំរិន​កាល​ពីព្រឹកថ្ងៃ​ចន្ទ​នេះ​ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន​លើកឡើងថា​ សំណើ​ឲ្យមានការ​កែ​ប្រែ​សមាសភាព​របស់គ.ជ.បនេះ​ គឺដើម្បី​ធានាថា​ការបោះឆ្នោត​ នឹងត្រូវបាន​រៀបចំឡើង​ដោយត្រឹមត្រូវ យុត្តិធម៌​ ​និង​ស្រប​ទៅតាម​គោល​ការណ៍​ប្រជាធិបតេយ្យ​សេរីពហុបក្ស​ ហើយ​ដើម្បី​បញ្ចៀស​វិបត្តិ​នយោបាយ​ក្រោយ​ការ​បោះឆ្នោត។

អ្នកនាំពាក្យ​រដ្ឋសភា​ជាតិ​លោក​ឡេង​ ប៉េង​ឡុង​ ប្រាប់​វីអូអេ​ថា​លោក​មិនទាន់​បាន​ឃើញ​ញត្តិ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ទេ​ តែថា​ ការស្នើ​ឲ្យមាន​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាថ្មី​ជារឿង​ស្មុគស្មាញ​ និងត្រូវ​មាន​ការ​ស្នើ​ពី​សមាជិកសភា​ ដែល​បច្ចុប្បន្ន​មាន​១២៥រូប​។

លោក​ថ្លែងថា៖ «ដើម្បីនឹង​កែប្រែ​រដ្ឋធម្មនុញ្ញ​ គឺថា​ មាន​ការ​ងារ​ច្រើន​ណាស់​ ការងារ​ច្រើន​ដែល​ត្រូវ​ធ្វើ​ គឺថា​មិនមែន​ជា​ការ​ងាយ​ស្រួល​ទេ។ អ៊ីចឹង​មិនមែន​ថាយើងស្នើសភាធ្វើកើត​ទេ​។ ម៉្យាង​ ម៉្យាង​ទៀត​ សភា​ នៅសភា​គឺ​ថា​គឺ​១២៥នាក់​ឥឡូវ​ហ្នឹង​ហើយ​។ មិនមែន​ថា​ សម្តេច​ប្រធាន​ហ្នឹង​លោក​តំណាង​ លោក​ចេញ​សចក្តី​សម្រេច​តំណាង​សភា នោះទៅ​ជាសំណើ​របស់​សំឡេង​របស់​សភា​នោះ​ទេ​ គឺទាល់តែ​មាន​ការ​អនុម័ត​ ១២៥ហ្នឹង​ បាន​ ហើយ​សភា។ អ៊ីចឹង​បាន​ថា​ ការងារ​ហ្នឹង​មិន​អាចសម្រេចបាន​ទេ​ក្នុងពេល​ឥឡូវ​នេះ​ ហើយបើ​ធ្វើ​សង្ឃឹម​ថា​នៅ​អាណត្តិ​ក្រោយ​អី​ ខ្ញុំក៏​អត់ដឹង​ដែរបាទ»។

មន្ត្រី​សម្រប​សម្រួល​ជាន់​ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល​លោក​ កន សាវាង្ស​ យល់ថា​ សភាទំនង​ជានឹងមិន​ធ្វើទៅតាម​សំណើ​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋានទេ​ ដោយសារ​សភា​បច្ចុប្បន្នគឺ​ជាសភា​ ឯកបក្ស​។

លោក​ថ្លែង​ថា​៖«ជាង​នោះ​ទៅទៀត​ យើង​ឃើញ​ហើយ​ថា​ ប្រព័ន្ធ​នីតិប្បញ្ញត្តិ​ នីតិប្រតិបត្តិ​ហ្នឹង​ឯកបក្ស​ មាន​ន័យ​ថា​ រាល់​អំណាច​ទាំងអស់​ហ្នឹង​គឺថាគ្រប់​គ្រង​ដោយ​តែមួយ​គណបក្ស​នយោបាយ​ទេ​។ អត់មាន​ចម្រុះបក្ស​ទេ។ អ៊ីចឹង​ កន្លងមក​យើង​ឃើញ​ហើយ​ថា​ សភា​មាន​លក្ខណៈ​អសកម្ម​ ជាមួយ​នឹង​សំណើ​របស់​ប្រជាពលរដ្ឋ​។ ហើយ​និងបញ្ហា​ដែល​ប្រជាពលរដ្ឋ​កើត​មាន​នេះ​ គឺថា​ មាន​លក្ខណៈ​អសកម្ម​ គឺ​អសកម្ម​នៅក្នុង​ដំណើរការ​ចូលរួម​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ រួម​រាំង​សំណើ​របស់​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ»។ ​

​គួរ​រំឭកថា​ ប្រទេស​កម្ពុជា​គ្រោង​នឹង​ធ្វើការ​រៀបចំការ​បោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧ ​នៅថ្ងៃទី​២៣ ​ខែ​កក្កដា​ ឆ្នាំ​២០២៣នេះ។

មុនពេល​នៃការ​មក​ដល់​នៃការ​បោះ​ឆ្នោតជាតិ​លើកនេះ​ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ និងគណបក្ស​ក្រៅរដ្ឋាភិបាល​មួយចំនួន​ទៀត​ បាន​ខិតខំ​លើក​សំណើមួយ​ចំនួន​ពាក់ព័ន្ធ​នឹង​ការកែ​លម្អ​ប្រព័ន្ធ​បោះឆ្នោត​ ហើយ​សំណើ​ទាំងនោះ​បាន​ដាក់ទៅស្ថាប័ន​ គ.ជ.ប និង​ទៅសភា​ជាតិ​ តែគ្មាន​ការ​ឆ្លើយបត​ណាមួយ​ជាវិជ្ជមាន​នោះឡើយ​៕