រដ្ឋាភិបាល​គ្រោង​ប្ដឹង​ម្ចាស់​សិប្បកម្ម​ឡ​ឥដ្ឋ លាង ស្រ៊ុន​ ចំពោះ​គ្រោះថ្នាក់​ដាច់​ដៃ​​កុមារី​ម្ខាង

រូបឯកសារ៖ ក្មេងស្រីម្នាក់​កំពុង​រៀប​ដុំ​ឥដ្ឋ​ក្រោម​កំដៅ​ថ្ងៃ​នៅ​សិប្បកម្មឡឥដ្ឋ​មួយ​កន្លែង​នៅ​ភូមិ​ឈើទាល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ច័ន្ទ ទី២ ខែឧសភា ឆ្នាំ​២០១១។

បន្ទាប់​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​មួយ​​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​​ ដែល​បាន​ធ្វើ​ឲ្យ​ក្មេង​ស្រី​ម្នាក់​ពិការ​ដៃ​ម្ខាង​នោះ​ ក្រសួង​ការ​ងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជា​ជីវៈ​ បាន​ចាត់​វិធាន​ការ​ភ្លាមៗ​ ដោយ​ការ​ត្រៀម​ប្ដឹង​ម្ចាស់​សិប្បកម្ម​នេះ។

រដ្ឋាភិបាល​ខ្មែរ​បាន​ប្រកាស​ឲ្យដឹង​នៅ​សប្ដាហ៍​នេះ​ អំពី​ការ​ត្រៀម​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ ​លាង ស្រ៊ុន ក្នុង​ខេត្ត​កណ្ដាល ចំពោះ ​ករណី​គ្រោះថ្នាក់​បង្ក​ឲ្យ​ដាច់​ដៃ​ស្ដាំកុមារី​ម្នាក់​នៅ​ក្នុង​កន្លែង​ខ្សែ​សង្វាក់​ផលិតកម្ម​ឥដ្ឋ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ដែល​ VOA ​បាន​ទទួល។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០១៩​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ កុមារី​ ឆេង​ ស្រីភ័ក្រ​ អាយុ​១០​ ឆ្នាំ​ ជា​កូន​កម្មករ​ឡឥដ្ឋ​ ដែល​បាន​ជួប​គ្រោះ​ថ្នាក់​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​របស់​ម្ចាស់​ឈ្មោះ​ លាង​ ស្រ៊ុន​ ស្ថិត​នៅ​ឃុំ​ព្រះប្រសប់​ ស្រុក​ខ្សាច់​កណ្ដាល​ ខេត្ត​កណ្ដាល​ កាលពី​ថ្ងៃ​៩ ខែ​មីនា​ ឆ្នាំ​២០១៩។

ក្រសួង​ការងារ​បាន​អះអាង​ថា បន្ទាប់ពី​បាន​ទទួល​ដំណឹង​នៃ​គ្រោះថ្នាក់​ដ៏​គួរ​ឲ្យ​រន្ធត់​នេះ​ ក្រសួង​បាន​បញ្ជា​ឲ្យ​មានការ​ស៊ើប​អង្កេត​ និង​ចាត់​វិធានការ​ចំពោះ​សិប្បកម្ម​ផលិត​ឥដ្ឋ​នេះ។

សេចក្ដី​ប្រកាស​របស់​ក្រសួង​ការងារ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖

«ផាក​ពិន័យសិប្បកម្ម​ផលិត​ឥដ្ឋ​នេះ​ និង​កសាង​សំណុំ​រឿង​បណ្ដឹង​ព្រហ្ម​ទណ្ឌ​លើ​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ខាង​លើ​ អំពី​ករណី​ប្រើប្រាស់​ពលកម្ម​កុមារ​ និង​ខ្វះ​វិធានការ​ការ​ពារ​សុវត្ថិភាព​កុមារ​មិន​ឲ្យ​ចូល​កៀក​ទៅ​កន្លែង​ខ្សែ​សង្វាក់​ផលិតកម្ម»។

VOA ​មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​លោក​ ហេង សួ​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ។

លោក ​អំ សំអាត​ អ្នក​គ្រប់​គ្រង​ការិយាល័យ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​ មានប្រសាសន៍​ថា​ ជា​ករណី​ដំបូង​ហើយ​ដែល​ក្រសួង​ការ​ងារ​បាន​ប្រញាប់​ប្រញាល់​ចាត់​វិធានការ​ទៅ​នឹង​គ្រោះថ្នាក់​របស់​កុមារ ​ឆេង ស្រីភ័ក្រ​ ដែល​ឪពុក​ម្ដាយ​នាង​ជំពាក់​ម្ចាស់​សិប្បកម្ម​ចំនួន​៣៥០០​ដុល្លារ។

មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​ថ្លែង​ថា​ ចំណាត់​ការ​ផាក​ពិន័យ​និង​ប្ដឹង​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ លាង ស្រ៊ុន ​នេះ​ នៅ​មិនទាន់​គ្រប់គ្រាន់​ទេ។ លោក​មាន​ប្រសាសន៍​ថា៖

«បទល្មើស​ពិន័យ​ហើយ​និង​ការ​កសាង​សំណុំរឿង​ហ្នឹង​ វា​ហាក់​ដូច​ជា​ មិន​ទាន់​គ្រប់​គ្រាន់​ ហើយ​វា​មិន​ទាន់​ជា​គំរូ​សម្រាប់​សិប្បកម្ម​ដទៃ​ទៀត​ដែល​ ត្រូវ​តែ​រាងចាល​ អ៊ីចឹង​យើង​គួរ​តែ​ប្រើ​វិធានការ​ណា​ ដើម្បី​ជា​គំរូ​ ដើម្បី​កុំ​ឲ្យ​សិប្បកម្ម​ដទៃ​ទៀត​ហ្នឹង​គាត់​ប្រើប្រាស់​ទម្រង់​កុមារ​របៀប​នេះ​ទៀត​ បន្ត​ទៅ​ទៀត»។

ក្រោយ​ហេតុការណ៍​គ្រោះថ្នាក់​កាល​ពី​សប្ដាហ៍​មុន​នោះ​ ក្រសួង​ការងារ​ មិន​ត្រឹម​តែ​ត្រៀម​ប្ដឹង​ម្ចាស់​សិប្បកម្មផលិត​ឥដ្ឋ​ លាង ស្រ៊ុន នោះ​ទេ​ តែ​ក្រសួង​ក៏បានផ្ដល់​ការ​គាំទ្រ​ខាង​ហិរញ្ញវត្ថុ និង​សង្គម​ដល់​កុមារី​ឆេង ស្រីភ័ក្រ ​ផង​ដែរ។

ក្រោម​ការ​គាំទ្រ​ពី​របបសន្តិសុខ​សង្គម​របស់​ក្រសួង​ កុមារី​ ឆេង ស្រីភ័ក្រ​ នឹង​ទទួល​បាន​ការ​ព្យាបាល​របួស​រហូត​ដល់​ជា​សះស្បើយ​ដោយ​មិន​បង់​ប្រាក់​ សេវា​ស្តា​នីតិសម្បទា​ឡើង​វិញ​ ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការបាត់​បង់​សមត្ថភាព​អចិន្ត្រៃយ៍​មួយ​ជីវិត​ និង​ប្រាក់​ឧបត្ថម្ភ​ក្នុង​អំឡុង​ពេល​ព្យាបាល។

យោង​តាម​របាយការណ៍​មួយរបស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ (Licadho) មាន​ចំណង​ជើង​ថា «​ការ​អភិវឌ្ឍ​លើ​ទាស​ភាព​៖ ការ​បញ្ចាំ​ខ្លួន​ដោះ​បំណុល​ និង​ពលកម្ម​កុមារ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា»​ ចេញផ្សាយ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦​ បាន​ឲ្យ​ដឹង​ពី​ករណី​នៃ​គ្រោះថ្នាក់​ ស្រដៀង​គ្នា​នឹង​ស្ថានភាព​របស់​កុមារី​ឆេង​ ស្រីភ័ក្រ។

របាយការណ៍​ដែល​មាន​កម្រាស់​ជិត​៣០​ទំព័រ​ បាន​បញ្ជាក់​ឲ្យដឹង​ថា​ ពលកម្ម​កុមារ​ មាន​ច្រើន​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ។​ កុមារ​ទាំងអស់​ដែល​បាន​ផ្ដល់​សម្ភាសន៍​ជា​លក្ខណៈ​បុគ្គល​បាន​រៀប​រាប់​ថា ពួក​គេ​ធ្វើ​ការ​មួយ​ផ្នែក​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ ដែល​ជា​កន្លែង​ពួក​គេរស់​នៅ​ជាមួយ​ឪពុកម្ដាយ។ ពួក​គេមាន​អាយុ​ចន្លោះ​ ពី​១៣​ឆ្នាំ​ទៅ​១៥​ឆ្នាំ ប៉ុន្តែ​ អង្គការ​លីកាដូ បាន​សង្កេតឃើញ​កុមារ​ខ្លះ​មាន​អាយុ​ត្រឹមតែ​ ៩ឆ្នាំ​ ឬ ១០ឆ្នាំ​តែ​ប៉ុណ្ណោះ។

របាយការណ៍​បាន​ឲ្យដឹង​បន្ត​ថា ការ​ប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​នៅ​ក្នុង​សិប្បកម្មផលិត​ឥដ្ឋ​ និង​ស្ថានភាព​ដែល​កុមារ​ធ្វើ​ការងារ​រស់​នៅ​ និង​លេង​នៅ​ក្នុង​បរិវេណ​សិប្បកម្ម​មានន័យ​ថា​ «ហានិភ័យ​នៃ​ការ​ទទួល​រងគ្រោះ​ថ្នាក់​ គឺ​មាន​ខ្ពស់»។

របាយ​ការណ៍​បាន​ពណ៌នា​ដល់​គ្រោះថ្នាក់​ជាក់លាក់​មួយ​ចំនួន​ក្នុង​ន័យ​ដើម​ថា៖

«ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុងក្រោយ​នេះ​ អង្គការ​លីកាដូ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​ចំនួន​៣​ ដែល​ពាក់​ព័ន្ធ​នឹង​ករណី​កុមារ​ដាច់​ដៃ​ ដោយសារ​ម៉ាស៊ីន​ផលិត​ឥដ្ឋ។ ករណី​ទី​មួយ​ គឺ​ពាក់​ព័ន្ធ​នឹង​កុមារ​ម្នាក់​ អាយុ៧ឆ្នាំ​ ដែល​លេង​នៅ​ក្បែរ​ម្ដាយ​របស់​គាត់​ ខណៈ​ពេល​ម្ដាយ​គាត់​កំពុង​ធ្វើការ​ជាមួយ​ម៉ាស៊ីន​ផលិត​ឥដ្ឋ​ដែល​គ្មាន​គម្រប។ ករណី​ទី​ពីរ ពាក់​ព័ន្ធ​នឹង​ក្មេង​ប្រុស​ម្នាក់​អាយុ​៩ឆ្នាំ​ ដែល​កំពុង​ធ្វើ​ការ​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន។ ករណី​ទីបី​ គឺ​កើត​មាន​ចំពោះ​ កុមារ​អាយុ​១៤ឆ្នាំ​ម្នាក់​ ដែល​កំពុង​ធ្វើការ​ដាក់​ដី​ចូល​ក្នុង​ម៉ាស៊ីន​ផលិត​ឥដ្ឋ​ដែរ។ កុមារា​អាយុ​៩ឆ្នាំ​ បាន​បាត់​បង់​អាយុ​ជីវិត​ដោយសារ​តែ​របួស​របស់​គាត់»។

លោក ​អំ សំអាត​ មន្ត្រី​សិទ្ធិមនុស្ស​ជាន់​ខ្ពស់​របស់​អង្គការ​លីកាដូ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​ នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ នៅ​បន្ត​កើត​មាន​នៅឡើយ។ លោក​ថា​ រដ្ឋាភិបាល​គួរ​មាន​វិធានការ​តឹងរ៉ឹង​មួយ​ ដោយ​ការ​ចាត់​ឲ្យ​មាន​ការ​ត្រួតពិនិត្យ​ជាប្រចាំ​ ដើម្បី​បញ្ឈប់​ការ​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​កុមារ​ បម្រើ​ដល់​សកម្មភាព​ផលិត​ឥដ្ឋ។

«កុមារ​ធ្វើ​ពលកម្ម​នៅ​តាម​សិប្បកម្ម​ឡឥដ្ឋ​នេះ​ វា​នៅតែ​មាន​បន្ត​អ៊ីចឹង​ បាន​យើង​ ទទូច​ហើយ​ទទូច​ទៀត​ថា​សុំ​ឲ្យ​ រដ្ឋាភិបាល​ ជាពិសេស​ក្រសួង​ការងារ​ហ្នឹង​ ត្រូវ​តែ​ចាត់​អធិការ​កិច្ច​ ជា​ប្រចាំ​ដើម្បី​ធានា​ថា​ មិន​មាន​ទម្រង់​ពលកម្ម​កុមារ​ នៅ​ក្នុង​សិប្បកម្ម​ឡឥដ្ឋ​បន្ត​ទៀត​ទេ»។

យោង​តាម​សេចក្ដី​ប្រកាស​ដដែល​របស់​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ចុះ​ថ្ងៃ​ទី​១១ ខែ​មីនា​ ឆ្នាំ​២០១៩ ក្រសួង​បាន​ក្រើន​រំឭក​ដល់​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ សហគ្រាស​ គ្រឹះស្ថាន​ទាំង​អស់​ជ្រាប​ថា​ ការប្រើប្រាស់​ពលកម្ម​កុមារ​ ​គឺ​ត្រូវ​អនុលោម​ឲ្យបាន​ត្រឹម​ត្រូវ​តាម​ប្រកាស​លេខ​៣០៩​ ក.ប/​ប្រ.ក​ ចុះ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ​ ឆ្នាំ​២០០៧​ ស្ដីពី​លក្ខខណ្ឌ​ការងារ​ និង​ជីវភាព​រស់​នៅ​ក្នុង​សហគ្រាស​ឡឥដ្ឋ។ ការ​ប្រើ​ប្រាស់​កុមារ​ក្រោម​អាយុ​១២​ឆ្នាំ​ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ។

ក្រសួង​បាន​សង្កត់​ធ្ងន់​ថា ទន្ទឹម​នឹង​នេះ​ ការ​ប្រើ​ប្រាស់​ពលកម្ម​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​ នៅ​មណ្ឌល​ហប់​ នៅ​ទី​ខ្ពស់​និង​កន្លែង​ដែល​មាន​ប្រើ​ប្រាស់​សារធាតុ​គីមី​ត្រូវ​បាន​ហាម​ឃាត់។ ក្រសួងនឹង​ចាត់​វិធានការ​យ៉ាងតឹងរ៉ឹង ទាំង​ផ្នែក​រដ្ឋប្បវេណី​ និង​ព្រហ្ម​ទណ្ឌ​ចំពោះ​សិប្បកម្ម​ផលិត​ឥដ្ឋ​ សហគ្រាស​ គ្រឹះស្ថាន​ ទាំង​ឡាយ​ដែល​ល្មើស​នឹង​ករណី​ខាង​លើ​នេះ៕