អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន នៅថ្ងៃអង្គារនេះ បានថ្លែងអំពាវនាវកុំឲ្យយក«ចលនាមហាជន»មកធ្វើជាសម្ពាធណាមួយ ដោយលោកបាននិយាយការពារថា រដ្ឋាភិបាលធ្វើកិច្ចការព្រំដែនជាមួយប្រទេសវៀតណាម ដោយមានតម្លាភាព និងគណនេយ្យភាព។
លោកផៃ ស៊ីផានបានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីស្តីការគណៈរដ្ឋមន្រ្តី ស្របពេលដែលមេដឹកនាំសហជីពមួយរូប លោក រ៉ុង ឈុនត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដែលនាំឲ្យអ្នកគាំទ្ររបស់លោកមួយចំនួនចេញមុខតវ៉ាទាមទាររកយុត្តិធម៌។
នៅចំពោះមុខអ្នកសារព័ត៌មាន និងមន្រ្តីរដ្ឋាភិបាលផ្សេងទៀតលោកផៃ ស៊ីផានបានអំពាវនាវឲ្យប្រជាពលរដ្ឋទុកឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរដោះស្រាយបញ្ហាព្រំដែននេះ ដោយពុំមានការលូកដៃពីក្រុមណាមួយ។ លោកបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែនគឺជាការដោះស្រាយដោយបច្ចេកទេសមិនមែនតាមរយៈសកម្មជននោះទេ។
លោកមានប្រសាសន៍ថា៖ «ហើយសុំមេត្តាទុកកិច្ចការនេះជាកិច្ចការរបស់រដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយរដ្ឋាភិបាលមិត្តវៀតណាមនេះឯង។ហើយគ្មានសកម្មជនណាគ្មានអង្គការណា ដែលអាចមានសិទ្ធិមកលូកលាន់ក្នុងសាច់រឿងនេះទេ។ អានេះជាការងារអន្តរជាតិ។អានេះជាការងារមួយដែលយើងប្រយ័ត្នប្រយែងបំផុត ដែលយើងថ្នាក់ថ្នមសភាពការណ៍បំផុត»។
អ្នកនាំពាក្យរូបនោះបន្តថា រដ្ឋាភិបាលកម្ពុជាបានធ្វើការងារបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម ដោយតម្លាភាព និងគណនេយ្យភាព ក្នុងនោះក៏មានការខ្ចីផែនទីពីអង្គការសហប្រជាជាតិមកបង្ហាញដល់សាធារណជនផងដែរ។លោកអំពាវនាវឲ្យប្រជាពលរដ្ឋផ្ញើឯកសារណាទាក់ទងនឹងព្រំដែន ដែលខ្លួនគិតថាសំខាន់ មកឲ្យរដ្ឋាភិបាលដើម្បីអាចដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
លោកបន្ថែមថា៖ «ដូច្នេះការប្រើប្រាស់ចលនាមហាជនមួយនៅក្នុងការងារដោះស្រាយបញ្ហាព្រំដែនមិនអាចដោះស្រាយបានទេ»។
លោកហ៊ុន វណ្ណៈ អាយុ៣៨ឆ្នាំ ជាសមាជិកក្រុមយុវជនខ្មែរថាវរៈ ថ្លែងប្រាប់VOAថា ប្រជាពលរដ្ឋមិនទុកចិត្តរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសារទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងរដ្ឋាភិបាលវៀតណាមកាលពីអតីតកាល និងបច្ចុប្បន្ននេះ។
លោកមានប្រសាសន៍ថា៖ «មកដល់ឥឡូវនេះ ប៉ុន្មានទសវត្សរ៍មកនេះ មិនដែលមើលឃើញរដ្ឋាភិបាលយើងហ្នឹងមានប្រៀបឬមួយក៏ហ៊ានឆ្លើយតបចាត់វិធានការអីទាក់ទងទៅនឹងការរំលោភបំពានរបស់ប្រទេសវៀតណាមទេ។ យើងមើលឃើញថា មានតែការឱនលំទោន ហើយចាញ់ប្រៀបគេ ហើយក៏ដូចជាខ្លាចគេរណបគេ»។
លោកហ៊ុន វណ្ណៈ ដែលបានចេញមុខតវ៉ាទាមទាររកយុត្តិធម៌ដល់លោក រ៉ុង ឈុន បន្ថែមថាការបញ្ចេញមតិលើបញ្ហាព្រំដែននៅតែជារឿងរសើប ហើយកន្លងទៅមានការចាប់ខ្លួនមន្រ្តីជាន់ខ្ពស់នៃគណបក្សប្រឆាំង និងចុងក្រោយនេះគឺការចាប់ខ្លួនលោករ៉ុង ឈុន មេដឹកនាំសហជីពផងដែរ។
លោក ហ៊ុន វណ្ណៈ បន្ថែមថា៖ «អ៊ីចឹងបើគាត់ហាមមិនឲ្យគេលូកលាន់ ចេះដឹងរឿងបូរណភាពទឹកដី ដែលជាដីកំណើតរបស់ជាតិសាសន៍មួយ ជាតិសាសន៍ខ្មែរ ជនជាតិខ្មែរជាង១៦លាននាក់អាហ្នឹងខ្ញុំថា គាត់លើកឡើងហ្នឹងប្រជាពលរដ្ឋអត់គាំទ្រទេ»។
VOAមិនអាចសុំការអត្ថាធិប្បាយពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបាននៅឡើយទេ។
ការចាប់ខ្លួនលោក រ៉ុង ឈុន ដែលធ្លាប់ជាប់ពន្ធនាគារដោយសាររិះគន់ព្រំដែនកាលពីឆ្នាំ២០០៥ជាការចាប់ខ្លួនថ្មីមួយបន្ថែមលើការចាប់ខ្លួនកន្លងមក ទាក់ទងនឹងការរិះគន់បញ្ហាព្រំដែន ដែលរងការចោទប្រកាន់ថាញុះញង់បង្កឲ្យមានភាពវឹកវរសង្គមក្នុងនោះមានអតីតតំណាងរាស្រ្ត លោក អ៊ុំ សំអាន និងអតីតសមាជិកព្រឹទ្ធសភា លោកហុង សុខហួរជាដើម។
ការចាប់ខ្លួនលោក រ៉ុង ឈុនធ្វើឡើង ក្រោយពីលោកបានចុះទៅខេត្តត្បូងឃ្មុំ ហើយបានជួបប្រជាពលរដ្ឋ ក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ដែលអះអាងថាដីរបស់ពួកគេត្រូវបានវៀតណាមហាមមិនឲ្យធ្វើស្រែចម្ការ ហើយការបោះបង្គោលព្រំដែនបានចូលមកទឹកដីកម្ពុជា។
ក្រោយការចុះជួបប្រជាពលរដ្ឋលោករ៉ុង ឈុនបានចេញសេចក្តីថ្លែងការណ៍មួយចុះថ្ងៃទី២១ ខែកក្កដា ដោយលើកឡើងពីការព្រួយបារម្ភរបស់អ្នកភូមិចំនួន១០៦គ្រួសារ អំពីការបាត់បង់ដីធ្លីទៅខាងភាគីវៀតណាម។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «ការបោះបង្គោលព្រំដែនលេខ១១៤ដល់១១៩មានភាពមិនប្រក្រតីច្រើនដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី»ទៅភាគីវៀតណាមជាច្រើនរយហិកតានៅក្នុងខេត្តត្បូងឃ្មុំ។ សេចក្តីថ្លែងការណ៍ឲ្យដឹងទៀតថាបើគិតពីបន្ទាត់ព្រំដែនចាស់មកដល់ការបោះបង្គោលឡាក់ និងបង្គោលរណបថ្មីមានការចូលប្រហែល៥០០ម៉ែត្រមកក្នុងដីកម្ពុជា។លោក រ៉ុង ឈុនក៏បានឲ្យដឹងថា អាជ្ញាធរវៀតណាមបានចូលមករុញច្រានពលរដ្ឋខ្មែរមិនឲ្យដាំដុះក្នុងដីខ្មែរផងដែរ។
ជាការឆ្លើយតប គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រដ្ឋាភិបាល កាលពីថ្ងៃសុក្រសប្តាហ៍មុន បានប្រកាសច្រានចោលសេចក្តីថ្លែងការណ៍របស់លោក រ៉ុង ឈុន ដោយចោទថាជា«ព័ត៌មានមិនពិត និងបំផ្លើស» និង«មានចេតនាទុច្ចរិត»។
គណៈកម្មាធិការបញ្ជាក់ថាជាគោលការណ៍ក្នុងការធ្វើព្រំដែនរដ្ឋាភិបាលកម្ពុជាតែងតែបញ្ជាក់ហើយបញ្ជាក់ទៀតថា នឹងរក្សាទុកដីឲ្យពលរដ្ឋខ្មែរដែលបាននិងកំពុងគ្រប់គ្រងអាស្រ័យផលទាំងនោះឲ្យបន្តការគ្រប់គ្រងនិងកាន់កាប់បង្កបង្កើនផលដដែល។
បើតាមគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជានិងវៀតណាមសម្រេចបានលទ្ធផល៨៤ភាគរយនៃបោះបង្គោលខ្សែព្រំដែនព្រំដែនរួមនិងកំពុងបន្តធ្វើឲ្យចប់ជាស្ថាពរ «ដើម្បីធានាបាននូវបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ មិនឲ្យជាតិ និងប្រជាជនខាតបង់ឡើយ»៕